
សាកលវិទ្យាល័យន័រតុន សហការជាមួយអគ្គនាយកដ្ឋានពន្ធដារ បានរៀបចំនៅសិក្ខាសាលាតាមរយៈអនឡាញស្តីអំពី "កាតព្វកិច្ចពន្ធលើចំណេញមូលធន" ដែលបានប្រព្រឹត្ត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក ដោយមានការចូលរួមពីថ្នាក់ដឹកនាំគឺលោក ជ័យ រិទ្ធី ជាអនុប្រធាននៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ និងមន្រ្តីរាជការនៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យន័រតុនគឺ លោក Balakrishnan ដែលជាព្រឹទ្ធបុរសរង នៃមហាវិទ្យាល័យវិទ្យសាស្រ្តសង្គម សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យន័រតុន។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយពីពន្ធលើចំណេញមូលធនដល់វិស័យសាធារណៈ វិស័យឯកជន មជ្ឈដ្ឋានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធដើម្បីត្រៀមលក្ខណៈបំពេញកាតព្វកិច្ចពន្ធលើចំណេញមូលធនដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤។
អង្គសិក្ខាសាលានេះមានការចូលរួមពីវាគ្មិនចំនួនពីររូបគឺលោកស្រី ឌី ចាន់ធី ប្រធានការិយាល័យពន្ធចំណេញមូលធនទី ២ និងលោក តាំង ហៀងប៊ុង អនុប្រធានការិយាល័យពន្ធចំណេញមូលធនទី ២ នៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ ដែលបានធ្វើការរៀបរាប់លម្អិតពីសាវតានៃការរៀបចំបទប្បញ្ញត្តិស្តីពីពន្ធលើចំណេញមូលធន និងការបំពេញលិខិតប្រកាសពន្ធលើចំណេញមូលធន។
កាតព្វកិច្ចពន្ធលើចំណេញមូលធនគឺត្រូវបានកំណត់អនុវត្តទៅលើមូលធនដែលជាទ្រព្យចំនួន៦គឺ ៖
១. អចលនទ្រព្យ
២. ភតិសន្យា
៣. ទ្រព្យវិនិយោគ
៤. កេរ្តិ៍ឈ្មោះអាជីវកម្ម
៥. កម្មសិទ្ធបញ្ញា
៦. រូបិយវត្ថុបរទេស ។


បន្ទាប់ពីបញ្ចប់នូវការធ្វើបទបង្ហាញរបស់វាគ្មិន អង្គសិក្ខាសាលាក៏មានរៀបចំនូវកម្មវិធីសំណួរចម្លើយសម្រាប់និស្សិតរបស់យើងផងដែរ។ សិក្ខាសាលានេះបានបញ្ចប់ទៅដោយរលូនជាមួយនឹងការទទួលបាននូវការចែករំលែក និងផ្តល់នូវចំណេះដឹងយ៉ាងច្រើនដែលទាក់ទងនឹង " កាតព្វកិច្ចពន្ធលើចំណេញមូលធន "។

