ក្រុមហ៊ុន Lastmile-Works Cambodia និងសាកលវិទ្យាល័យន័រតុន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ បានបើកសិក្ខាសាលារួមគ្នាមួយ ស្តីពីបច្ចេកវិទ្យា Virtual Reality និង Comony Metaverse ដោយមានការចូលរួមពី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា និងនិស្សិតមកពីផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល និងផ្នែករចនាជាច្រើនប្រមាណ ២៥០នាក់។
សិក្ខាសាលានេះ មានគោលដៅក្នុងការផ្សព្វផ្សាយ អោយប្អូនៗនិស្សិតបានយល់ដឹងបច្ចេកវិទ្យា Virtual Reality និង Comony Metaverse គឺមានប្រើប្រាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលពិសេសនោះ គឺជំនាញទាំងពីរនេះកំពុងត្រូវបាន អភិវឌ្ឍន៍ដោយបុគ្គលិកជាជនជាតិខ្មែរ ដែលមានបទពិសោធន៍ ជាច្រើនលើជំនាញនេះ។
លោក ហេង ជលសា ជាប្រធានគ្រប់គ្រង់តំបន់នៃក្រុមហ៊ុន Lastmile-Works Cambodia បានធ្វើបទបង្ហាញពីការបង្កើត និងដំណាក់កាលនៃ ការអភិវឌ្ឍន៍របស់បច្ចេកវិទ្យាទាំងពីរនេះ តាំងពីដើមរហូតដល់អាចបញ្ចេញ ជាលទ្ធផលចុងក្រោយសម្រាប់ប្រើប្រាស់ នៅលើកុំព្យូទ័រ Window និង Apple ព្រមទាំងការប្រើប្រាស់នៅលើប្រព័ន្ធ iOS និង Androidបានផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកជាច្រើន ប្រកបដោយសមត្ថភាពកំពុងធ្វើការ និងផលិតកិច្ចការផ្តល់ដល់ អតិថិជននៅឯបរទេសយ៉ាងមមាញឹក ជាពិសេសក្នុងវិស័យរចនា និងសំណង់។
លោកស្រីសាស្ត្រាចារ្យបណ្ឌិត សូ សុគន្ធារី ប្រធានផ្នែកស្ថាបត្យកម្ម និង នគរោបនីយវិទ្យារបស់ សាកលវិទ្យាល័យន័រតុន បានសង្កត់ធ្ងន់ថាសិក្ខាសាលានេះ ជាឱកាសដ៏មានតម្លៃបន្ថែមមួយទៀត ទៅលើជំនាញដែលប្អូនៗ និស្សិតកំពុងសិក្សារាល់ថ្ងៃ ដោយក្រុមហ៊ុនបានបង្ហាញ អោយឃើញអំពីអត្ថប្រយោជន៍ របស់បច្ចេកវិទ្យា Virtual Reality និង Comony Metaverse ក្នុងការប្រើប្រាស់សម្រាប់ ការអនុវត្តប្រចាំថ្ងៃ សម្រាប់ការសិក្សារចនាគូរប្លង់ សម្រាប់គម្រោងផែនការសាងសង់ ឌីហ្សាញ ផ្នែកពេទ្យ វិទ្យាសាស្ត្រ កីឡា កម្សាន្ត ជាដើម។ល។
ដោយធនធានមនុស្ស សម្រាប់ផ្នែកបច្ចេកវិទ្យា Virtual Reality និង Metaverse នៅព្រះរាជាណាចក្រកម្ពុជា នៅមានកម្រិតនៅឡើយ ទោះបីជាប្រជាជនកម្ពុជាវ័យក្មេង ជាច្រើនលាននាក់បាន យល់ដឹងពីការប្រើប្រាស់ នឹងបានដឹងពីបច្ចេកវិទ្យាទាំងនេះក៏ដោយ ក៏ចំនួនអ្នកដែលធ្វើការលើផ្នែកនេះ នៅមានកម្រិតតិចតួចណាស់។ សិក្ខាសាលានេះជាការត្រួសត្រាយផ្លូវ លើកដំបូងមួយសម្រាប់ការ ផ្សព្វផ្សាយបន្ទាប់ពីក្រុមហ៊ុនLastmile-Works Cambodia បានបដិសន្ធិឡើងនៅប្រទេសកម្ពុជា ហើយក៏នឹងចូលរួមក្នុងឱកាស ផ្សេងៗនៅថ្ងៃខាងមុខ ដែលពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យាVirtual Reality និង Comony Metaverse ។
ជាចុងក្រោយលោកស្រីសាស្ត្រចារ្យ បណ្ឌិត សូ សុគន្ធារី បានជម្រុញ និងលើកទឹកចិត្តអោយប្អូនៗនិស្សិត ដែលកំពុងសិក្សាលើជំនាញដែល ពាក់ព័ន្ធខិតខំសិក្សាស្វែងយល់បន្ថែម ដើម្បីអោយប្អូនៗអាចអភិវឌ្ឍន៍ខ្លួនឲ្យទាន់របត់ និងតម្រូវការរបស់ពិភពលោក ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជម្រុញយ៉ាងខ្លាំង លើវិស័យទេសចរណ៍វប្បធម៌ វិស័យសេដ្ឋកិច្ច និងឧស្សាហកម្ម 4.0 ៕