Updated: 8 May 2022

ទាំងអស់គ្នាដើម្បីមនុស្សធម៌ និងរួមគ្នាពង្រឹងភាពធន់សហគមន៍

អត្ថបទដោយ៖ សូរីយ៉ាភ័ណ្ឌ

កាលពីរសៀលថ្ងៃទី ៥ ខែឧសភា តំណាងគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យន័រតុនបានទទួលការផ្តល់កិត្តិយសនិងការស្វាគមន៍យ៉ាងកក់ក្តៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងឱកាសនាំយកថវិកាដើម្បីបរិច្ចាគក្នុងមូលនិធិសប្បុរសធម៌កាកបាទក្រហមកម្ពុជា និងជាការចូលរួមអបអរ ក្នុងទិវាខួបលើកទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

ទាំងអស់គ្នាដើម្បីមនុស្សធម៌ និងរួមគ្នាពង្រឹងភាពធន់សហគមន៍
ពិធីគារវកិច្ច និងសំណេះសំណាល

ដើម្បីជាធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

នៅរសៀលថ្ងៃទី៥នោះដែរ បន្ទាប់ពីបានទទួលការអនុញាត្តិជាពិសេសដើម្បីចូលទស្សនាសាលពិព័រណ៍ ដែលបានតាក់តាំងបង្ហាញពីព្រះរាជសកម្មភាព និងសកម្មភាពនានារបស់ដ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាចាប់តាំងពីការចាប់បដិសន្ធិរហូតដល់បច្ចុប្បន្ន។

ទាំងអស់គ្នាដើម្បីមនុស្សធម៌ និងរួមគ្នាពង្រឹងភាពធន់សហគមន៍
ការចូលរួមបង្ហាញចំណាប់អារម្មណ៍ក្នុងកម្រងអនុស្សាវរីយ៍នាសាលពិព័រណ៌

នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាផ្ទាល់តែម្តងនោះ ក្រុមការងារក៏បានចូលជួបសម្តែងគារវកិច្ចចំពោះលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក្នុងជំនួបនៅថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២២ មុនពិធីប្រគល់ថវិកាសប្បុរសធម៌លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកា កាកបាទក្រហមកម្ពុជា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណចំពោះសប្បុរសជន លោកជំទាវបានមានប្រសាសន៍ថា «បើទោះបីរយៈពេល២ឆ្នាំកន្លងមកនេះ យើងបានប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ក្តី តែសប្បុរសជននៅតែបន្តជួយដល់កាកបាទក្រហមកម្ពុជា ដែលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់និរន្តរភាពនៃប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។» លោកជំទាវ បានធ្វើការកោតសរសើរ ចំពោះសាកលវិទ្យាល័យន័រតុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយលោកជំទាវបានបញ្ជាក់ផងដែរថា ការដែលចូលរួមក្នុងសកម្មភាពសង្គមនេះគឺជាកាយវិការដ៏ល្អមួយ អាចជាគំរូដល់យុវជន-យុវនារី ក្នុងការបណ្តុះទឹកចិត្តចូលរួមដោយស្ម័គ្រចិត្តក្នុងកិច្ចការសប្បុរសធម៌។

លោកជំទាវបានរៀបរាប់បង្ហាញផងដែរអំពីការប្រើប្រាស់ថវិការបស់កាកបាទក្រហមកម្ពុជា លោកជំទាវបញ្ជាក់ថា កាកបាទក្រហមកម្ពុជាយកចិត្តទុកដាក់ជាពិសេសលើវិស័យសុចាភិបាល ហេតុនេះចំណែកនៃមូលនិធីមួយចំណែកធំគឺធ្វើការបិច្ចាគទៅគោលដៅចម្បងពីរធំៗ គឺទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។សម្រាប់ឆ្នាំកន្លងទៅ ក្រៅពីប្រើប្រាស់លើប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌ នានា ដូចជា ការជីកអណ្តូងទឹកស្អាត ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាននានា ជាពិសេសក្នុងឆ្នាំនេះកាកបាទក្រហមកម្ពុជាក៏បានប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនមួយចំនួនជួយសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន៦២៨ខ្នងនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលអាចចាត់ទុកជាសមិទ្ធផលថ្មីមួយរបស់កាកបាទក្រហមកម្ពុជា។

ទាំងអស់គ្នាដើម្បីមនុស្សធម៌ និងរួមគ្នាពង្រឹងភាពធន់សហគមន៍
ពិធីប្រគល់ថវិកាសប្បុរស

គួរបញ្ជាក់ផងដែរ ថា នេះមិនមែនជាលើកទីមួយទេ ដែលខាងសាកលវិទ្យាល័យន័រតុន បានបរិច្ចាគថវិកាក្នុងមូលនិធិកាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុសប្បុរសធម៌ និងមនុស្សធម៌។ ជាក់ស្តែង កាលពីឆ្នាំ២០២០ សាកលវិទ្យាល័យន័រតុនក៏បានបរិច្ចាគថវិកាចំនួន ៥០០០ ដុល្លារអាមេរិក ចូលក្នុងមូលនិធិសប្បុរសធម៌កាកបាទក្រហមកម្ពុជា ក្នុងទិវា ៨ ឧសភា ខួបលើកទី១៥៧ដែរ។ ដែលឆ្នាំនោះដែរ កាកបាទក្រហមកម្ពុជា បានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការចែកចាយស្បៀងអាហារដល់សហគមន៍ដែលត្រូវប្រឈមនឹងការបិទខ្ទប់ និងប្រជាពលរដ្ឋក្រីក្រដែលប៉ះពាល់យ៉ាងខ្លាំងដោយសារការរាលដាលនៃវីរុសកូវីឌ១៩។

ក្រៅពីការរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា សាកលវិទ្យាល័យន័រតុនក៏តែងរៀបចំកញ្ចប់មូលនិធិបរិច្ចាគដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរ និង គម្រោងសកម្មភាពសង្គមផ្សេងៗទៀតដែលរៀបចំដោយគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត។

គួររំឭកផងដែរថា សកម្មភាពសង្គមទាំងអស់នេះនឹងមិនអាចកើតមានបានទេ ប្រសិនបើគ្មានការណែនាំ, លើកទឹកចិត្ត ,ជ្រោមជ្រែង ពីសំណាក់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកគ្រប់រូប ជាពិសេសការចូលរួមចំណែកឧបត្ថម្ភគាំទ្ររបស់និស្សិតគ្រប់ជំនាញ គ្រប់ជំនាន់។ ទាំងនេះ គឺជាអ្វីដែលយើងម្នាក់ៗដែលជាកោសិកានៃសង្គមគួរចូលរួមផ្តល់ត្រលប់មកសហគមន៍ដែលយើងកំពុងអាស្រ័យគ្រប់គ្នា និងសម្រាប់អ្នកជំនាន់ក្រោយដែរ។ ហើយសកម្មភាពទាំងនេះពិតជាសាកសមណាស់ទៅនឹង ប្រធានបទ ខួបលើកទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នេះគឺ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

តំណាងក្រុមការងារសង្គមនៃសាកលវិទ្យាល័យន័រតុនសូមធ្វើការថ្លែងអំណរគុណដល់និស្សិតគ្រប់រូប តំណាងក្រុមការងារសង្គមជឿជាក់ថា សប្បុរសជនដើមបំផុតនៃកញ្ចប់ថវិកាសប្បុរសធម៌ទាំងនេះ គឺនិស្សិត និងអាណាព្យាបាលគ្រប់រូប ហេតុនេះយើងខ្ញុំមិនអាចបំភ្លេច និងមិនអាចមិនធ្វើការថ្លែងអំណរគុណជាសាធារណៈបានទេ។ និងសូមប្រកាសថា អ្នកគ្រប់គ្នាក៏ជាម្ចាស់ឧបត្ថម្ភក្នុងមូលនិធិសប្បុរសធម៌របស់ន័រតុនដែរ។ សូមឲ្យកម្លាំងសាមគ្គីនៃទឹកចិត្តសប្បុរស រួមនឹងការធ្វើសកម្មភាពសង្គមដែលប្រកបដោយបញ្ញានឹងអាចឲ្យសង្គមជាតិយើងទាំងមូលរស់នៅពោរពេញដោយសុខសន្តិភាព ទាំងកាយ និងចិត្ត។ ក្រុមការងារសាកលវិទ្យាល័យន័រតុនក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ឯកឧត្តម លោក លោកស្រី មន្ត្រីកាកបាទក្រហមកម្ពុជាដែលបានផ្តល់ឱកាសដល់ក្រុមការងារសង្គមប្រចាំសាកលវិទ្យាល័យបានចូលជួបគារវកិច្ចដោយផ្ទាល់ និងបានទទួលនូវបទពិសោធន៍ដ៏គួរជាទីមោទកៈមួយនេះ។

ទាំងអស់គ្នាដើម្បីមនុស្សធម៌ និងរួមគ្នាពង្រឹងភាពធន់សហគមន៍
ពិធីប្រគល់លិខិតថ្លែងអំណរគុណសវត្ថុអនុស្សាវរិយ៍ និងកម្រងឯកសារ
ទាំងអស់គ្នាដើម្បីមនុស្សធម៌ និងរួមគ្នាពង្រឹងភាពធន់សហគមន៍

Related Posts