មានហេតុផលជាច្រើនដែលការកែច្នៃឡើងវិញមានតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ ការចេះកែច្នៃរបស់របរដែលប្រើរួចឡើងវិញ ជួយក្នុងការអភិរក្សធនធានធម្មជាតិ ការពារប្រព័ន្ធអេកូឡូស៊ី និងសត្វព្រៃ កាត់បន្ថយតម្រូវការវត្ថុធាតុដើម សន្សំសំចៃថាមពល និងកាត់បន្ថយការបំពុលនានា។

ការកែច្នៃឡើងវិញជួយកាត់បន្ថយតម្រូវការក្នុងការទាញយកវត្ថុធាតុដើមផ្សេងៗពីផែនដី ហើយវាក៏ជួយកាត់បន្ថយការរំខាន និងការខូចខាតដែលបង្កគ្រោះថ្នាក់ផ្សេងៗដល់ធម្មជាតិផងដែរ។ ឧទាហរណ៍ ការកែច្នៃក្រដាស និងឈើជួយរក្សាដើមឈើ និងព្រៃឈើពីការកាប់ឆ្កាដើម្បីផលិតថ្មី ការកែច្នៃផ្លាស្ទិកឡើងវិញមានន័យថាការបង្កើតប្លាស្ទិកថ្មីក៏តិចជាងមុន ហើយសម្រាប់ការកែច្នៃលោហៈឡើងវិញក៏មានន័យថាមិនសូវជាមានតម្រូវការក្នុងការប្រថុយប្រថានទៅរុករក និងបំផ្លាញផែនដីដោយការជីកយករ៉ែ និងការទាញយករ៉ែដែកថ្មីដែរ រីឯ ការកែច្នៃកញ្ចក់ក៏ជួយកាត់បន្ថយនូវតម្រូវការប្រើប្រាស់ថ្មីពីវត្ថុធាតុដើមដូចជាខ្សាច់ផងដែរ។

ម្យ៉ាង ការកែច្នៃឡើងវិញនេះវាយជួយកាត់បន្ថយការបំពុលផ្សេងៗដែលផ្ដល់ផលប៉ះពាល់ដល់សុខភាពរបស់យើងទាំងអស់គ្នា។ លើសពីនេះទៅទៀត ការផលិតរបស់របរប្រើប្រាស់ដែលផលិតឡើងពីរបស់កែច្នៃនោះវាប្រើពេលវេលា ធនធាន និងការចំណាយតិចជាងការផលិតដែលផលិតឡើងពីវត្ថុធាតុដើម។ ជាឧទាហរណ៍ ការផលិតអាលុយមីញ៉ូមថ្មីពីរបស់របរចាស់ៗប្រើប្រាស់ពេលវេលា និងការចំណាយតិចជាង 95% ជាងការផលិតផលិតផលថ្មីដែលធ្វើពីវត្ថុធាតុដើម។

សរុបសេចក្ដីមក ការកែច្នៃឡើងវិញក៏ជាអាវុធដ៏សំខាន់មួយដែរក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី។ វាជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកន្លែងចាក់សំរាម វាអាចកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ វាជួយសន្សំសំចៃពេលវេលា និងថាមពលក្នុងការផលិតផលិតផលថ្មី។