កាលពីថ្ងៃអង្គារ ទី ១៥ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ២ រសៀល អ្នកស្រី Tanarat Teeratanakiat នាយកផ្នែកទីផ្សារអន្តរជាតិ និង អ្នកនាងPattamaporn Chumnanpuen អ្នកគ្រប់គ្រង ផ្នែកទីផ្សារអន្តរជាតិ អមដំណើរដោយលោក ពៅ បញ្ញារឹទ្ធ អតីតនិស្សិត PIM ដែលសព្វថ្ងៃកំពុងបំពេញ ភារកិច្ចនៅទីក្រុងភ្នំពេញ ភ្ញៀវកិត្តិយសទាំង៣រូប បានអញ្ជើញមកកាន់សាកលវិទ្យាល័យន័រតុនដើម្បី ចូលរួមក្នុងជំនួបណាត់ទុកជាមុនមួយ ជាមួយតំណាងគណៈ គ្រប់គ្រងនៃសាកលវិទ្យាល័យន័រតុន។

រីឯតំណាងម្ចាស់ផ្ទះ ក្នុងកិច្ចស្វាគមន៍ និងជំនួបប្រជុំនេះ ត្រូវបានដឹកនាំដោយ លោកបណ្ឌិត វ៉ាន់ ដាលយ (Dr. Van S. Dallauy) ព្រឹទ្ធបុរសកិត្តិយសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម(CSS) រួមជាមួយនឹង អ្នកស្រីបណ្ឌិត អារ៍ទី ឡាតា (Dr. Arti Lata) អ្នកសម្របសម្រួលនៃ(CSS) និង អ្នកនាង រ័ត្ន ដាវី អនុប្រធានផ្នែកគ្រប់គ្រងពាណិជ្ជសាស្ត្រ។
គោលបំណងនៃទស្សនកិច្ចលើកនេះគឺដើម្បីពិភាក្សាលើកិច្ចការសិក្សាអប់រំរបស់ភាគីទាំងពីរដែលភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងជាដៃគូរកាលពីឆ្នាំ២០១៩រួចមកហើយ ដែលចំណុចសំខាន់ៗមានដូចជា៖
១. ពង្រឹងទំនាក់ទំនង និងធ្វើបច្ចប្បន្នភាពពីស្ថានភាពរបស់PIM
២. ចែករំលែកព័ត៌មានដំណើរការវិនិយោគ និងគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន ស៊ីភី ឬ CP ALL
៣. ផ្សព្វផ្សាយពីកម្មវិធីអាហារូបករណ៍របស់PIM
៤. ពិភាក្សាពីឱកាសនៃកិច្ចសហការណ៍នាពេលអនាគត។

កិច្ចពិភាក្សាបានដំណើរការដោយមានការផ្លាស់ប្តូរយោបល់លើចំនុចនីមួយៗដោយយកចិត្តទុកដាក់ ដើម្បី ស្វែងរកឲ្យបាននូវប្រយោជន៍រួមដល់ភាគីទាំងសងខាង។ ដែលប្រយោជន៍ទាំងនោះនឹងត្រូវបានផ្តល់ ដល់និស្សិត ឬ អ្នកសិក្សាតាមរយៈការធានានូវការផ្តល់សេវាអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព ស្របតាមបរិបទ អន្តរជាតូបនីយកម្ម និង ឌីជីថលូបនីកម្ម។
គួរបញ្ជាក់ផងដែរ សាកលវិទ្យាល័យន័រតុន និង វិទ្យាស្ថានគ្រប់គ្រង Panyapiwat បានចុះ អនុស្សារណៈយោគយល់ គ្នាក្នុងជាដៃគូរសហការណ៍អភិវឌ្ឍការអប់រំ កាលពីឆ្នាំ២០១៩ ហើយនេះក៏ជា លើកទី ២ហើយដែរ ដែលភាគីខាង PIM បានមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យន័រតុន។
វិទ្យាស្ថានគ្រប់គ្រង Panyapiwat ឬ PIM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយក្រុមហ៊ុន CP All ដែលជាសមាជិកនៃ C.P. Group (Charoen Pokphand Group)។
