កាលពីរសៀល ថ្ងៃសុក្រ ទី ១១ ខែ មីនា ឆ្នាំ ២០២២ លោកសាកលវិទ្យាធិការរង បណ្ឌិត អ៊ុង វ៉ាន់ធឿន បានដឹកនាំប្រារព្ធ “ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារយុវជន ស.ស.យ.ក ប្រចាំសាកលវិទ្យាល័យន័រតុន”។ ក្នុងនាមជាប្រធាននៃពិធីប្រកាសសមាសភាពនេះ លោកបណ្ឌិត អ៊ុង វ៉ាន់ធឿន បានធ្វើការប្រកាសតែងតាំងសមាសភាពក្រុមការងារយុវជន និងផ្នែកចំណុះក្រុម នៃក្រុមការងារយុវជន ស.ស.យ.ក ដែលបានទទួលស្គាល់ដោយ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈសេចក្តីសម្រេច លេខ ២៩៥/ស.រ ស.ស.យ.ក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១ ក្រោមហត្ថលេខា ឯ.ឧ ហ៊ុន ម៉ានី។ ស្របពេលជាមួយការប្រកាសតែងតាំង និងទទួលស្គាល់សមាសភាព លោកសាកលវិទ្យាធិការរងក៏បានធ្វើការអបអរ និងកោតសរសើរដល់សមាជិកគ្រប់រូបចំពោះការស្ម័គ្រចិត្តចូលរួមជាមួយក្រុមការងារយុវជន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សមត្ថភាពយុវជន-យុវនារីកម្ពុជា ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ។



