Updated: 13 March 2022

ប្រព័ន្ធអប់រំពីចម្ងាយរបស់ន័រតុន

 

ប្រព័ន្ធអប់រំពីចម្ងាយរបស់ន័រតុន

           ក្នុងកាលៈទេសៈបច្ចុប្បន្នវីរុសកូវីដ១៩ បានរីករាលដាលពាសពេញពិភពលោក ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅលើគ្រប់វិស័យ។ ទម្លាប់ជាច្រើនក្នុងជីវភាពរស់នៅក្នុងធុរកិច្ច និងការគ្រប់គ្រងផ្សេងៗ ត្រូវបានផ្លាស់ប្តូរយ៉ាងរហ័ស ដើម្បីទប់ស្កាត់ការពារនឹងការឆ្លងរាលដាលនៃវីរុសថ្មីមួយនេះ និងដើម្បីធានាឲ្យបាននូវដំណើរប្រតិបត្តិការការងារផ្សេងៗ ឲ្យមានតុល្យភាពជាពិសេសវិស័យសុខាភិបាល សេដ្ឋកិច្ច និងការអប់រំ។  នៅពេលដែល ធនធានមនុស្ស គឺជាកត្តាចម្បងបំផុត សម្រាប់គ្រប់វិស័យ និងគ្រប់ស្ថានការណ៍។ ស្របពេលនេះវិស័យអប់រំរបស់ប្រទេសកម្ពុជា ក៏ត្រូវបានតម្រូវឲ្យសាលារៀន និងវិទ្យាស្ថានអប់រំ ទាំងរដ្ឋ និងឯកជនធ្វើការផ្លាស់ប្តូរពីការអប់រំបែបប្រពៃណី មកជាការសិក្សាពីចម្ងាយដោយពឹងផ្អែកលើបច្ចេកវិទ្យាជាចម្បង។ ជាមួយគ្នានេះ សាកលវិទ្យាល័យន័រតុន បានធ្វើការរៀបចំនូវ យន្ដការសម្រាប់អនុវត្តប្រព័ន្ធអប់រំពីចម្ងាយ។យន្ដការនេះត្រូវបានផ្សព្វផ្សាយ និងបកស្រាយដោយ លោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការរង និង ជាព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលរួមមានយន្តការធំៗ ចំនួន២ គឺ៖ 

១. យន្តការផ្ទាល់៖ ជាថ្នាក់រៀនតាមបែបបច្ចេកវិទ្យា ដោយធ្វើការផ្សាយផ្ទាល់រវាងគ្រូ និងសិស្ស។ កម្មវិធីដែលគាំទ្រនូវយន្តការនេះគឺ Zoom, Google meet, YouTube, Facebook, etc.

២. យន្តការមិនផ្ទាល់៖ ជាថ្នាក់រៀនបន្ទាប់បន្សំ ដែលលោកគ្រូអ្នកគ្រូដាក់ការងារ កិច្ចការស្រាវជ្រាវ ផ្ញើឯកសារ សេចក្តីណែនាំ និងលំហាត់ផ្សេងៗឲ្យសិស្សធ្វើ ក៏ដូចជាបញ្ជូនមកវិញដើម្បីឲ្យគ្រូពិនិត្យ។ កម្មវិធីដែលគាំទ្រនូវយន្តការនេះគឺ Googleclassroom, Schoology, Wiki school, Class Dojo, etc.

            បច្ចុប្បន្នយន្តការទាំងពីរនេះ កំពុងក្លាយជាកម្មវិធីសិក្សាផ្លូវការមួយ និងជាតម្រូវការចាំបាច់សម្រាប់និសិ្សតដែលសិក្សានៅសាកលវិទ្យាល័យន័រតុន។ គន្លឹះដែលសំខាន់មួយទៀតនោះគឺ ការអាន ។ ការអាន នឹងជួយដល់ការរៀនសូត្រ និងការស្រាវជ្រាវដល់សិស្ស និស្សិត និងសាស្ត្រាចារ្យបានយ៉ាងមានប្រសិទ្ធភាព។

ជាមួយគ្នានេះដែរ គណៈកម្មការបច្ចេកទេសក៏បានធ្វើការកែទម្រង់លើប្រព័ន្ធដាក់ពិន្ទុខ្លះ គឺយើងធ្វើការរឹតបន្តឹងបន្ថែមទៅលើវត្តមាន និងការចូលរួមក្នុងកិច្ចការផ្សេងៗរបស់មុខវិជ្ជានីមួយៗ។ សាស្ត្រាចារ្យទាំងអស់បានធ្វើការអភិវឌ្ឍន៍គម្រោងបង្រៀនថ្មីដើម្បីឲ្យស្របសភាពការណ៍។ ក្នុងកិច្ចតែងការបង្រៀនថ្មីនេះ តម្រូវឲ្យសាស្ត្រាចារ្យ ទាំងអស់ ភ្ជាប់ជាមួយនឹងកិច្ចការ ឬលំហាត់ក្រោយបញ្ចប់ម៉ោងសិក្សានីមួយៗ។ នេះជាវិធីដើម្បីធ្វើការសាកល្បងសមត្ថភាពភ្លាមៗ និងដើម្បីជាការតាមដាននូវវិន័យសិក្សារបស់និស្សិត។

            បុគ្គលិកអប់រំ ក្នុងសាកលវិទ្យាល័យន័រតុនទាំងអស់ គឺតាមដានយ៉ាងយកចិត្តដាក់ចំពោះសកម្មភាពបង្រៀន និងតែងតែនៅរង់ចាំផ្តល់ជំនួយដល់សាស្ត្រាចារ្យ និងនិស្សិតដែលជួបបញ្ហាបច្ចេកទេសផ្សេងៗ។

            ការអប់រំបែបថ្មីនេះ ពិតជាមានផលលំបាកមួយចំនួន ហើយតម្រូវឲ្យធ្វើការរៀនសូត្រ និងស្រាវជ្រាវលើរបស់ថ្មីៗជាច្រើន ប៉ុន្តែបើយើងអាចឆ្លងកាត់ និងទទួលយកប្រព័ន្ធអប់រំពីចម្ងាយនេះបានក្នុងដំណាក់កាលលំបាកនេះគឺជាទុនដ៏ប្រសើរមួយក្នុងបរិបទអប់រំនាពេលអនាគត។ ព្រោះបច្ចុប្បន្ន ភាពរីកចម្រើននៃឧស្សាហកម្ម ៤.០ កំពុងលូតលាស់ និងត្រូវបានជំរុញឲ្យអនុវត្តលើគ្រប់វិស័យ។ នេះគឺជាឱកាសសម្រាប់ជាបុគ្គលិកអប់រំ, សាស្ត្រាចារ្យ និងសិស្ស និស្សិត ដើម្បីដុសខាត់សមត្ថភាពឲ្យបានល្អ។ ដូចនេះ មិនថាកាលៈទេសៈបែបណាទេ ត្រូវធានាឲ្យបាននូវនិរន្តរភាព និងស្ថេរភាពនៃ វិស័យអប់រំ និងបណ្តុះបណ្តាលដែលប្រកបដោយគុណភាព។

ប្រព័ន្ធអប់រំពីចម្ងាយរបស់ន័រតុន

Related Posts