Updated: 8 February 2022

អ្នកបម្រើអាជីព

អ្នកបម្រើអាជីព

         សេវាកម្មគឺជានាមអរូបី ​​​​​​​មិនមានរូបរាងពិតប្រាកដដែលអាចឲ្យប៉ះបានដោយកាយវិញ្ញាណ បានទេ វាបញ្ចេញតាមរយៈកាយវិការ និងពាក្យសម្តី ហើយអាចប៉ះទៅនឹងអារម្មណ៍របស់មនុស្ស។ ឥទ្ធិពលរបស់វាមានអំណាចខ្លាំងជាងញាណដ៏ទៃទៀត ព្រោះវាអាចបង្កើតនូវការចងចាំ និងការវិភាគពិចារណាជាច្រើន។ ហេតុដូចនេះហើយ ទើបអ្នកផ្តល់សេវាកម្ម ត្រូវមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះអារម្មណ៍របស់អតិថិជន។
         ជាការពិតណាស់ មនុស្សយើងមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានងាយស្រួលឡើយ ចុះទម្រាំតែត្រូវយកចិត្តទុកដាក់ និងថែរក្សាអារម្មណ៍អ្នកដ៏ទៃទៀត ពិតជារឿងមួយមិនងាយស្រួលនោះទេ ប៉ុន្តែក៏គ្មានអ្វីដែលមនុស្សធ្វើមិនបានដែរ  ឲ្យតែមានការតាំងចិត្ត និងព្យាយាមដោយមុតមាំពិតប្រាកដ។
         ឃ្លាមួយដែលយើងតែងតែពោលលេងថា «យកចិត្តគេ ដាក់ចិត្តយើង» ស្តាប់ទៅដូចជា កំប្លែងឌឺដង ប៉ុន្តែវាជាពាក្យពិតដែលយើងគ្រប់គ្នាកំពុងអនុវត្តរាល់ថ្ងៃ។ គ្រាន់តែអ្នកខ្លះបានយកចិត្តដាក់ទាំងក្នុងជីវិតឯកជន និងក្នុងជីវិតការងារ ឯអ្នកខ្លះគ្រាន់តែមិនបានយកចិត្តទុកដាក់ប្រើអារម្មណ៍ទាំងនោះមកធ្វើជាប្រយោជន៍ប៉ុណ្ណោះ។
         ផលិតផលពីរ ដែលមានគុណភាព និងតម្លៃដូចគ្នា ប៉ុន្តែគ្រាន់តែទឹកមុខ និងសម្តីរបស់អ្នកលក់ខុសគ្នាតែបន្តិចក៏អាចធ្វើឲ្យ បរិមាណនៃការលក់ផលិតផលទាំងពីរនោះខុសគ្នាយ៉ាងច្រើន។ នេះជា ឧទាហរណ៍ងាយៗ និងជាក់ស្តែងដែលយើងគ្រប់គ្នាដឹងយ៉ាងជាក់ច្បាស់។
         ប៉ុន្តែជាធម្មជាតិរបស់មនុស្សនៅពេលដែលខ្លួនស្ថិតក្នុងឋានៈជាអ្នកបម្រើ ឬ ជាអ្នកផ្តល់សេវាកម្មតិច ឬ ច្រើន ពិតជាមានអារម្មណ៍ថាខ្លួនអន់ និងគួរឲ្យធុញទ្រាន់។ ដូចនេះ ចំពោះមនុស្សភាគច្រើន ពិតជាមានអារម្មណ៍ស្ទាក់ស្ទើរ នៅពេលដាក់ខ្លួនបម្រើ ឫ បំពេញចិត្តអ្នកណាម្នាក់ ជាពិសេសចំពោះមនុស្សដែលមិនស្គាល់គ្នា មិនត្រូវជាសាច់ញាត្តិអ្វីនឹងគ្នានោះ។ នេះមិនមែនជាកំហុសរបស់អ្នកទាំងស្រុងទេ ប៉ុន្តែវានឹងខុសបើសិនជាអ្នកស្ថិតក្នុងតួនាទីជា អ្នកផ្តល់សេវាកម្មហើយរឹតតែខុសទៀត បើសិនជាយើងមិនអាចបំពេញតម្រូវការអតិថិជនយើងឲ្យបានពេញចិត្តនោះ។ គួរគិតថា សេចក្តីសុខ និងជោគជ័យមួយចំណែករបស់យើង គឺការដែលអាចធ្វើឲ្យអ្នកណាម្នាក់សប្បាយចិត្ត និងគាប់ចិត្តបាន។ ម្យ៉ាងវិញ ទៀត បើសិនយើង 
ស្ថិតក្នុងតួនាទីនោះហើយ ការងារ ឬ ស្ថាប័ននោះគឺជាឆ្នាំងបាយរបស់យើងហើយ ទោះចង់ ឬមិនចង់ យើងត្រូវព្យាយាមរក្សាឲ្យបានគង់វង្ស ទោះយើងមិនចង់បាន ក៏មានអ្នកដទៃទៀតគេត្រូវការដែរ ដូចនេះ គួរថែរក្សាឆ្នាំងមួយនេះឲ្យបានល្អ កុំឲ្យវាធ្លុះធ្លាយដោយសារដៃយើងឲ្យសោះ។ វាមិនមែន ជាការអន់ ឬ ថោកទាបនោះទេបើយើងគ្រាន់តែ ព្យាយាមធ្វើការដោយពេញចិត្ត ព្យាយាមរក្សាទឹកចិត្តអតិថិជន ក៏ដូចជារក្សាការពារស្ថាប័នរបស់ពីបញ្ហានោះ។

អ្នកបម្រើអាជីព

         ទទួលស្គាល់ថា មនុស្សមិនមែនជាម៉ាស៊ីនដែលមិនចេះហត់ មិនអាចបញ្ចេញអារម្មណ៍បាននោះទេ ប៉ុន្តែអតិថិជនមិនមែនជាអ្នកដែលយើងគួរបញ្ចេញអារម្មណ៍ដាក់នោះឡើយ ទោះជាគេខុសក៏គេមិនចង់ទទួលកំហុសរបស់ដោយចំហរដែរ ព្រោះគេបានតាំងចិត្តខ្លួនជា ស្តេច រួចស្រេចទៅហើយនៅពេលដែលគេនឹងចំណាយទ្រព្យសម្បត្តិ និងពេលវេលារបស់គេ មកលើផលិតផល ឫ សេវាកម្មរបស់យើងនោះ។ អតិថិជន មិនបានដឹងថា ថ្ងៃនេះអ្នករវល់ប៉ុណ្ណា ភ្ញៀវមុនៗគេមានបញ្ហាអ្វីខ្លះ  ហើយថ្ងៃនេះអ្នកបានទទួលការស្តីបន្ទោស ពីថ្នាក់លើឫក៏អត់នោះទេ ពួកគាត់ដឹងត្រឹមតែនឹងទទួលបាននូវការគោរព ភាពរួសរាយរាក់ទាក់ ជាមួយនឹងផលិតផល ឫសេវាកម្មដែលគាត់រំពឹងទុកប៉ុណ្ណោះ។  ពេលខ្លះ  បញ្ហាគុណភាព   និងការខកខានបន្តិចបន្តួច នឹងអាចជួសជុលបានដោយកាយវិការ និងពាក្យសម្តីទន់ភ្លន់ព្រមជាមួយការទទួលស្គាល់កំហុស។  គ្រាន់តែស្នាមញញឹមដោយស្មោះត្រង់ក៏អាចសម្រួលស្ថានការណ៍តាន
តឹងបានមួយកម្រិតដែរ។ វាពិតជាមានអតិថិជនមួយចំនួនដែលពិតជាពិបាកក្នុងការបំពេញចិត្តគាត់ណាស់ តែបើសិនជាយើងអាចឆ្លងកាត់មនុស្សពិបាកទាំងនោះបាន វានឹងងាយស្រួលក្នុងការដោះស្រាយជាមួយអតិថិជនដ៏ទៃផ្សេងទៀត។

អ្នកបម្រើអាជីព

Hospitality is simply an opportunity to show love and care

មុនពេលដែលយើងនឹងបញ្ចេញប្រតិកម្មណាមួយទៅកាន់ភ្ញៀវ យើងគួរសាកតាំងខ្លួនជាភ្ញៀវសិន បើយើងទទួលប្រតិកម្មបែបនោះយើងនឹងមានអារម្មណ៍បែបណា?  ជឿថាបើសិនជាយើងដកឃ្លា ៤ ឬ ៥ វិនាទី គិតឃ្លានេះ យើងប្រាកដជាអាចឃុំគ្រងអារម្មណ៍មួម៉ៅ និងធុញទ្រាន់នោះបាន។ សូមកុំគិតថា អតិថិជនជាស្តេច តែគួរគិតថាពួកគាត់ជាកូនក្មេង ឫចាស់ទុំ ដែលត្រូវការថ្នាក់ថ្នម យកចិត្តទុកដាក់និងគោរពពីយើង។

អ្នកបម្រើអាជីព


         ទោះបីជា យើងមិនបានទទួលផលប្រយោជន៍អ្វីពីអតិថិជនម្នាក់នោះក៏ដោយ គប្បីគិតថា យ៉ាងហោចណាស់យើងបានបំពេញកាតព្វកិច្ចបានល្អ ហើយបានបង្កើតនូវអារម្មណ៍ល្អៗ   ក៏អាចក្លាយជាមិត្តភាពមួយដែរ។ ស្នាមញញឹមតែបន្តិចរបស់យើងអាចបង្កើតនូវភាពស្រស់ស្រាយ សម្រាប់អ្នកនៅជុំវិញខ្លួនយើងដែរ។ ការតបតដោយភាពមិនពេញចិត្ត និងទ្រ​គោះបោះបោក ទៅកាន់ភ្ញៀវមិនបាននាំនូវភាពចំណេញអ្វីមកកាន់យើង និងស្ថាប័ននោះទេ វាកាន់តែបន្ថែមបញ្ហាទៅទៀត វិធីដែលល្អគឺ​តាំងសតិ ឆ្លើយតបដោយជំនាញ និងម៉ឺងម៉ាត់។

ដោយ៖ សូរីយ៉ាភ័ណ្ឌ

Related Posts