Updated: 8 February 2022

ត្រៀមខ្លួនទទួលការងារកន្លែងថ្មី

ត្រៀមខ្លួនទទួលការងារកន្លែងថ្មី

ពេលសម្ភាសន៍ការងារ

បើទោះជាយើងគ្រប់គ្នាអាចនឹងមានសម្ពាធ ឬ មានអារម្មណ៍ភ័យ និងជ្រួលច្របល់ តែយើងត្រូវតែព្យាយាមធ្វើអារម្មណ៍ឲ្យធូរស្រាល! មនុស្សម្នាក់ៗមានវិធីសាស្រ្តធ្វើឲ្យខ្លួនមានអារម្មណ៍ធូរស្រាលរៀងខ្លួន។
ចូរគិតថា៖

  •  ជាការសាកល្បង តែត្រូវធ្វើឲ្យអស់ពីសមត្ថភាព
  •  បើបរាជ័យលើកនេះ នៅមានលើកក្រោយ ហើយត្រូវមើលចំណុចខ្វះខាតរបស់យើងចាំឃ្លាមួយថា   “Well Prepared Half Done”  បានន័យថា  បានន័យថា “បើយើងរៀបចំទុកបានល្អនោះ យើងអាចជោគជ័យពាក់កណ្តាលរួចហើយ” ដូចនេះ៖
    • ទៅដល់កន្លែងសម្ភាសន៍ឲ្យបានទៀងពេល តែគួរចាំឃ្លាមួយទៀតថា “On time is Late” “ទៀងពេល” ត្រង់នេះគឺទៅឲ្យបានមុនពេលយ៉ាងហោចណាស់ ១៥ នាទី បើយើងទៅដល់ត្រឹមម៉ោងតែម្តងនោះ យើងមិនមានពេលរៀបចំខ្លួន និងតាំងអារម្មណ៍នោះទេ។
    • រៀបចំខ្លួនឲ្យបានស្អាតបាត ស្លៀកពាក់ឲ្យមានរបៀបរៀបរយ។
    • ធ្វើជាខ្លួនឯង ត្រូវមានជំនឿចិត្ត

ត្រូវធ្វើជាខ្លួនឯង បើអ្នកព្យាយាមលក់ខ្លួនឯង ឬ បង្អួតខ្លួនខ្លាំងពេក វាអាចធ្វើឲ្យអ្នកមើលមកយ៉ាប់ទៅវិញទេ។ ទុកពេលឲ្យអនាគតថ្នាក់លើរបស់អ្នកធ្វើការពិចារណាលើការជួបលើកដំបូងរវាងអ្នក និងគាត់។ គាត់នឹងអាចដឹងថា គាត់ត្រូវការជ្រើសរើសជំនួយការបែបណា មនុស្សម្នាក់ប្រហែលជាត្រូវការប្រភេទមនុស្សណាមួយជាក់លាក់ដែលអាចធ្វើការជាមួយគ្នាបាន។ បើសិនជាអ្នកមិនមែនជាប្រភេទមនុស្សដែលគាត់ត្រូវការទេ ទោះជាអ្នកបានក្លាយជាជំនួយការគាត់ ទាំងអ្នក ទាំងគាត់ក៏នឹងពិបាកចុះសម្រុងគ្នាដែរ។ ដូចពាក្យគេតែងនិយាយថា “បង្ខំគ្មានសុភមង្គល” គឺអាចប្រើបានស្ទើរគ្រប់កាលៈទេសៈ។
នៅក្នុងពេលសម្ភាសន៍ អ្នកសម្ភាសន៍នឹងព្យាយាមមើលថាតើចេតនារបស់អ្នកកំពុងផ្តោតលើអ្វី, គាត់អាចនឹងសួរថា តើអ្នកបានដាក់ពាក្យសម្រាកដោយសារឈឺប៉ុន្មានថ្ងៃពេលធ្វើការកន្លែងចាស់, ហើយអ្នកសកម្មភាពផ្សេងៗក្រៅពីការងារអ្វីខ្លះ? អ្នកខ្លះប្រហែលជាមិត្តភក្តិច្រើនត្រូវជប់លៀងខួបកំណើតញឹកញាប់, គ្រួសារមានជំនួញផ្សេងដែលអ្នកត្រូវជួយ, ត្រូវឧស្សាហ៍ទៅលេងស្រុកកំណើត, ឧស្សាហ៍មានបុណ្យទាន, ត្រូវជូនអ្នកផ្ទះទៅផ្សារ ឬ ទៅនេះទៅនោះញឹកញាប់…។ ប៉ុន្តែបើអ្នកត្រូវមានការសិក្សាបន្ថែម ឬ មានការងារពិសេសណាដែលត្រូវធ្វើក៏គួរប្រាប់គេទុកជាមុន។ តែគួរចៀសវាង ក្នុងការធ្វើឲ្យថ្នាក់លើរបស់អ្នកយល់ថា អ្នកជាមនុស្សរវល់ពេក ដូចនេះគេអាចគិតថាអ្នកនឹងមិនមានពេលគ្រប់គ្រាន់ ឬ ក៏អាចយកចិត្តទុកដាក់ជាមួយនឹងការងារដែលគេនឹងផ្តល់ឲ្យអ្នកនោះទេ។
បើសិនជាអ្នកបានទទួលការងារនោះហើយ ជាទូទៅប្រាក់ខែដែលគេនឹងផ្តល់ឲ្យតែងតែទាបជាងអ្វីដែលអ្នករំពឹងទុក។ វាតែងតែមានការខុសគ្នារវាង “រឿងដែលយើងចង់ធ្វើ និងរឿងដែលយើងអាចធ្វើបាន” សិស្ស ឬ និស្សិតដែលទើបចប់ការសិក្សាថ្មីៗតែងមានគំនិតបែបនេះ រហូតដល់ពួកគេបានប្រឡូក និងស្គាល់ទីផ្សារការងារច្បាស់លាស់។ ដូចនេះ មុននឹងបដិសេធការងារដោយសារតែប្រាក់ខែ អ្នកគួរតែត្រូវច្បាស់អំពីប្រាក់ខែគោលទូទៅនៅក្នុងទីផ្សារការងារជាមុនសិន ហើយកុំភ្លេចប្រៀបធៀបជាមួយកម្រិតវប្បធម៌ និងបទពិសោធន៍ផង។
អ្វីដែលសំខាន់ជាងនេះទៀតនោះ ត្រូវមើលថាការងារនេះអាចមានឱកាសរីកចម្រើនទៅមុខឬអត់? បើទោះជានិយាយទៅវាដូចកុហកអ្នក តែចង់ឲ្យអ្នកដឹងថា ប្រាក់ខែខ្ពស់ មិនសំខាន់ជាងការពេញចិត្តចំពោះវិជ្ជាជីវៈនោះទេ។

គួរចងចាំ!

បើទោះជាអ្នក ធ្លាប់មានបទពិសោធន៍ច្បាស់លាស់ក៏ដោយ នៅពេលដែលអ្នកបានទទួលតួនាទី ឬ ការងារថ្មី នោះ អ្នកត្រូវតែត្រៀមខ្លួនធ្វើជាបុគ្គលិកហាត់ការងារជាមួយនឹងថ្នាក់លើថ្មីរបស់អ្នក។ បទពិសោធន៍អតីតកាលរបស់អ្នកប្រហែលជាអាចជួយអ្នកអាចរៀនសូត្របានលឿន និងអាចវាយតម្លៃស្ថានការណ៍បានប៉ុណ្ណោះ។ ការិយាល័យថ្មីរបស់អ្នកប្រហែលជាខុសពីកន្លែងចាស់របស់អ្នកទាំស្រុងសូម្បីតែនីតិវិធីធ្វើការប្រចាំថ្ងៃ សូម្បីតែការផ្ញើ និងបើកអ៊ីម៉េលក៏ដោយ។ ប្រហែលជាមានប្រព័ន្ធរៀបចំឯកសារដែលអ្នកមិនដែលជួបពីមុនមក។ 
ទាំងរបៀបសរសេរលិខិត និងការប្រើអក្សរកាត់ក៏អាចខុសគ្នាដែរ។
អ្នកនឹងឃើញថាមេថ្មីរបស់អ្នកអាចប្រើពាក្យប្លែកដែលអ្នកត្រូវស្វែងយល់បន្ថែម ហើយក៏ប្រហែលជាការប្រើពាក្យរបស់គាត់អាចមានការខ្វះខាតត្រូវការឲ្យអ្នកជួយដែរ។
តើមេថ្មីរបស់អ្នកជាប្រភេទមនុស្សដែលតម្រូវឲ្យអ្នកសរសេរតាមអ្វីដែលគាត់ហៅឲ្យទាំងស្រុង ឬ ក៏គាត់អាចអនុញ្ញាតឲ្យអ្នកថែមថយបានខ្លះ? ឬ ក៏មេរបស់អ្នកនឹងគ្រាន់តែមើលពីលើ និងកែសម្រួលលើសំណេររបស់អ្នកទេ?

អ្នកត្រូវតែមានភាពបត់បែន និងសម្របខ្លួនជាមួយបរិយាកាសការងារថ្មី, ច្បាប់ទម្លាប់ថ្មី ក៏ដូចជាប្រព័ន្ធការងារថ្មី។ អ្នកប្រហែលនឹងអាចឃើញពីភាពខុសប្លែកគ្នានូវគ្រឿងកុំព្យូទ័រ ក៏ដូចជាកម្មវិធីកុំព្យូទ័រដែលប្លែកពីអ្វីដែលអ្នកធ្លាប់រៀននៅសាលា ក៏ដូចជាធ្លាប់ប្រើនៅកន្លែងចាស់ដែរ។
ពេលខ្លះមិត្តរួមការងារ ឬ ក៏ថ្នាក់លើរបស់អ្នកមិនចង់ឲ្យអ្នកយកទម្លាប់ចាស់របស់អ្នកមកប្រើនៅកន្លែងថ្មី ពេលខ្លះគេក៏មិនចង់ប្រើអ្នកដែលមានបទពិសោធន៍ដែរ ព្រោះអ្នកដែលមានបទពិសោធន៍នឹងអាចប្រើពាក្យថា “នៅកន្លែងចាស់ខ្ញុំធ្វើតែអ៊ីចឹង! ខ្ញុំធ្លាប់តែអ៊ីចឹង” វានឹងអាចធ្វើឲ្យអ្នកនៅកន្លែងថ្មីមានអារម្មណ៍ថាអ្នកអាចដុះស្នឹមពិបាកនឹងរៀនអ្វីដែលថ្មី។

ត្រៀមខ្លួនទទួលការងារកន្លែងថ្មីដូចឃ្លាភាសាអង់គ្លេសមួយពោលថា “You can’t teach an old dog a new tricks” បកន័យចំថា “យើងមិនអាចបង្រៀនឆ្កែចាស់មួយក្បាលឲ្យចេះជំនាញថ្មីនោះទេ” ឬ ក៏ឃ្លាខ្មែរយើងថា “កុំធ្វើខ្លួនជាដបដែលមានទឹកពេញ” ឃ្លាទាំងពីរនេះមានន័យប្រហាក់ប្រហែលគ្នា។ ប៉ុន្តែអ្នកអាចស្នើរជាយោបល់ ដោយប្រើពាក្យថា “តាមបទពិសោធន៍….” តែអ្នកគួរតែត្រៀមចិត្តឲ្យហើយថា មិនមែនគ្រប់គ្នា ឬ ក៏គ្រប់យោបល់របស់អ្នកនឹងត្រូវបានទទួលយកនោះទេ ដូចនេះសូមកុំមានការអាក់អន់ស្រពន់ចិត្ត (តាមពិតមិនអាចហាមនរណាម្នាក់មិនឲ្យអន់ចិត្តបានទេ អ្នកណាក៏អន់ចិត្តដែរនៅពេលអ្វីដែលខ្លួនគិតថាល្អ បែរជាត្រូវបានបដិសេធនោះ។ អ្នកអាចអន់ចិត្តបាន តែកុំអន់ចិត្តយូរពេក) ហើយកុំបោះបង់ ព្រោះមនុស្សម្នាក់ៗមានទស្សនៈខុសគ្នា ទស្សនៈនីយមួយៗអាចប្រើត្រូវទៅតាមកាលៈទេសៈផ្សេងគ្នា។ លើកនេះអ្នកឲ្យយោបល់មិនត្រូវដោយសារអ្នកទើបមកថ្មី នៅពេលដែលស្វែងយល់រាក់ជ្រៅពីកន្លែងថ្មីរបស់អ្នកហើយ លើកក្រោយអ្នកនឹងអាចផ្តល់យោបល់ដ៏សមរម្យមួយ ឬច្រើន។

អ្វីដែលអ្នកគួរធ្វើពេលចាប់ផ្តើមធ្វើការនៅកន្លែងថ្មី នោះគឺ ព្យាយាមឲ្យអស់ពីសមត្ថភាព, រៀនឲ្យបានលឿន, អនុវត្តតាមការណែនាំ ច្បាប់ទម្លាប់, និងសហការជាមួយមិត្តរួមការងារថ្មី។
ត្រូវចេះគិតគូរពីអ្នកដទៃឲ្យបានច្រើន ព្យាយាមជួយការងារផ្សេងៗតាមដែលអាចធ្វើបាន។ ការផ្តល់ឲ្យលើសបន្តិចបន្តួចអាចនឹងហុចផលច្រើនពេលក្រោយដល់អ្នក ព្រោះអ្នកនឹងទទួលបាននូវការទុកចិត្ត និងមិត្តភាពល្អរវាងមិត្តរួមការងារ និងថ្នាក់លើ។ ការផ្តល់ឲ្យ នៅន័យនេះមានដូចជា ការធ្វើលើសម៉ោង, ជួយការងារបើទោះជានៅក្រៅទំនួលខុសត្រូវរបស់យើងក៏ដោយ ឧទាហរណ៍៖ ការជួយទទួលភ្ញៀវ, ការជួយសម្អាតបន្តិចបន្តួច និងការងារផ្សេងទៀតដែលមិនប៉ះពាល់នឹងរឿងសម្ងាត់ ឬ លើសពីតួនាទី។ ជឿថា អ្នកនឹងថ្លឹងថ្លែងបានថារឿងណាដែលអ្នកគួរធ្វើ ឬ រឿងណាដែលអ្នកមិនគួរធ្វើ។

ត្រៀមខ្លួនទទួលការងារកន្លែងថ្មី