មនុស្សគ្រប់គ្នាតែងបារម្ភអំពីសុខភាពខ្លួន និងមនុស្សជាទីស្រលាញ់ ហើយនេះគឺជារឿងត្រឹមត្រូវ ដូចនេះ យើងត្រូវតែយក ចិត្តទុកដាក់ថែរក្សា សុខភាព និងគួរបន្ថែមចំណេះដឹងទាក់ទងនឹងសុខភាព ព្រោះវាអាចជួយខ្លួនឯង និងអ្នកជុំវិញខ្លួនបាន ទៀតផង។ ដូចពាក្យចាស់ថា “ការពារប្រសើរជាងព្យាបាល” ម្យ៉ាងវិញទៀត ពេលបច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យា ក៏បានជួយ សម្រួលដល់ការពិនិត្យតាមដានសុខភាពដោយខ្លួនឯងដែរ។ តួយ៉ាង ដូចជា “ឧបករណ៍វាស់សម្ពាធ ឈាមអេឡិចត្រូនិច” បច្ចុប្បន្នមានច្រើនប្រភេទ ច្រើនម៉ាក ធ្វើឲ្យតម្លៃមានការប្រកួតប្រជែង នាំឲ្យមនុស្សស្ទើរគ្រប់គ្នា អាចមានលទ្ធភាព ស្វែងរកដើម្បីយកប្រើប្រាស់ផ្ទាល់ខ្លួនបាន ហើើយក៏ងាយក្នុងការអានលទ្ធផលលើអេក្រង់ដែលបង្ហាញ ដោយស្វ័យប្រវត្តិដែរ ។ មួយវិញទៀត លក្ខខណ្ឌដំណើរការសម្ពាធឈាមគឺសំខាន់ណាស់សម្រាប់សុខភាព ព្រោះវាអាចនាំ ឲ្យមានជំងឺលើសឈាម, បញ្ហាបេះដូង និងដាច់សរសៃឈាមបាន ជាពិសេសសម្រាប់អ្នកដែលលើសទម្ងន់ និងមនុស្សវ័យ កណ្តាល។ ហេតុនេះ ការតាមដានសម្ពាធឈាមទៀងទាត់គឺចាំបាច់ ហើយការវិធីនៃពិនិត្យក៏ត្រូវតែត្រឹមត្រូវតាមក្បួន វេជ្ជសាស្ត្រដែរ។ ដើម្បីទទួលបានលទ្ធផលនៃសម្ពាធឈាមត្រឹមត្រូវនឹងអាចយកជាការបាន អ្នកដែលពិនិត្យសម្ពាធឈាម ដោយខ្លួនឯងគួរ ពិនិត្យលើចំណុចដូចខាងក្រោម៖
- មុនពេលពិនិត្យ៖ រយៈពេល៣០នាទីមុនពេលពិនិត្យ មិនត្រូវជក់បារី, ផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬ ហាត់ប្រាណនោះទេ។ ត្រូវបត់ជើងតូចឲ្យហើយ មិនត្រូវឲ្យមានទឹកមូត្រនៅក្នុងថង់ទឹកមូត្រទេ(ប្លោកនោម) និង ត្រូវសម្រាកយ៉ាងហោចណាស់៥នាទីមុនពេលចាប់ផ្តើម វាស់សម្ពាធឈាម។
- អង្គុយឲ្យបានត្រឹមត្រូវ៖ អង្គុយខ្នងឲ្យត្រង់ គួរអង្គុយលើកៅអីដែលមានខ្នងផ្អែកប្រសើរជាងលើសាឡុង។ ជើងត្រូវ ដាក់ចុះក្រោមឲ្យត្រង់បាតជើងត្រូវរាបស្មើរលើផ្ទៃកម្រាល និងមិនត្រូវខ្វែងជើង ឬ គងអន្ទាក់ខ្លានោះទេ។ ដៃត្រូវ ដាក់លើភ្នាក់ដៃកៅអី ឬ លើផ្ទៃតុ ដើមដៃ ឬ “ក” ដៃគួរមានកម្ពស់ស្មើរនឹងបេះដូង (អាស្រ័យលើឧបករណ៍ ដែលប្រើ តើពាក់នៅដើមដៃ ឬ ក ដៃ)។ ត្រូវពិនិត្យមើលការណែនាំពីវិធី ប្រើប្រាស់ឧបករណ៍វាស់សម្ពាធឈាម របស់លោកអ្នកឲ្យបានត្រឹមត្រូវ ព្រោះថាបច្ចុប្បន្ន ឧបករណ៍វាស់សម្ពាធ ឈាមស្វ័ប្រវត្តិក៏មានច្រើនសណ្ឋានដែរ ខ្លះអាចពាក់នៅដើមដៃ ខ្លះនៅ ក ដៃ និងជាមួយកម្មវិធីផ្សេងៗទៀតដែរ។
- ភាពទៀងទាត់៖ ដើម្បីតាមដានឲ្យបានត្រឹមត្រូវ នោះគួរធ្វើការវាស់សម្ពាធឈាមឲ្យបានទៀងទាត់រៀងរាល់ ថ្ងៃ គឺវាស់នៅពេលតែដូចគ្នារាល់ថ្ងៃ ដូចជា ពេលព្រឹក ឬ ល្ងាច។
- កត់ត្រាលទ្ធផលជាប្រចាំ៖ ការតាមដានត្រូវតែមានការកត់ត្រា ការកត់ត្រាទិន្នន័យនៃលទ្ធផលប្រចាំថ្ងៃ ប៉ុន្តែក្នុង ពេលតែមួយគួរយកលទ្ធផល ពីរ-បីផ្សេងគ្នាក្នុងការវាស់ម្តង។ លទ្ធផលទីពីរ ឬទីបី ដែលមានរយៈពេល១នាទីពីគ្នា រួចហើយត្រូវធ្វើការកត់ត្រាគ្រប់ទិន្នន័យទាំងនោះ។
- មិនត្រូវវាស់ពីលើអាវនោះទេ៖ ជាចំនុចមូលដ្ឋាន និងសាមញ្ញបំផុតតែក៏ត្រូវក្រើនរំឭកដែរ។ យើងមិនអាចទទួល បានទិន្នន័យត្រឹមត្រូវនោះទេបើសិនជាដាក់ប្រដាប់វាស់នៅលើអាច ឬ លើក្រណាត់ ឬ ទ្រនាប់ណាមួយនោះ។
របៀបអានលទ្ធផល
លក្ខខណ្ឌសម្ពាធឈាម | ស៊ីស្តូលីក - លេខខាងលើ គិតជា mm HG មីលីម៉ែត្របារ៉ត | និង/ឬ | ដ្យាស្តូលីក - លេខខាងក្រោម គិតជា mm HG មីលីម៉ែត្របារ៉ត |
---|---|---|---|
ធម្មតា | ក្រោម ១២០ | និង | ក្រោម ៨០ |
ខ្ពស់ | ១២០-១២០ | និង | ក្រោម ៨០ |
ឡើងខ្ពស់ កម្រិតទី ១ | ១៣០ - ១៣៩ | ឬ | ៨០ - ៨៩ |
ឡើងខ្ពស់ កម្រិតទី ២ | ១៤០ ឬ លើសពីនេះ | ឬ | ៩០ ឬ លើសពីនេះ |
ឡើងខ្ពស់ គ្រោះថ្នាក់ | ខ្ពស់ជាង ១៨០ | និង/ឬ | ខ្ពស់ជាង ១២០ |
ដោយ៖ សូរីយ៉ាភ័ណ្ឌ