តើអ្នកតែងតែមានអាម្មណ៍ថាខ្សោយ និងហត់នឿយមែនទេ? អ្នកប្រហែលជាអាចមាន រោគ សញ្ញា Anemia ហើយ។ Anemia កើតឡើងនៅពេល ដែលចំនួនគោលិកាឈាមក្រហមចុះទាប។ បើសិនជា ចំនួនគោលិកាឈាមក្រហម របស់ អ្នកចុះទាបនោះ រាងកាយរបស់អ្នកនឹងត្រូវធ្វើការធ្ងន់ដើម្បីអាចបញ្ជូនអុកស៊ីសែនទៅកន្លែងនានាក្នុងរាងកាយរបស់អ្នក តាមសរសៃឈាម។
អ្វីទៅជា “កោសិកាឈាមក្រហម:Red Blood Cells” ?
គោលិកាឈាមក្រហមគឺជាកោសិកាទូទៅដែលមានក្នុងខ្លួនមនុស្ស។ ការផលិតគោលិកាឈាមក្រហម ត្រូវបាន គ្រប់គ្រងដោយអេរីត្រូប៉ូយ៉េទីន ដែលជាអ័រម៉ូនផលិតដោយ តម្រងនោម។ រាងកាយរបស់មនុស្សយើងផលិតគោលិកា ឈាមក្រហមរាប់លានក្នុងមួយ ថ្ងៃ ។ គោលិកាឈាមក្រហមត្រូវបានផលិតក្នុងខួរឆ្អឹង វាចាប់ផ្តើមកំណើតនៅក្នុងខួរឆ្អឹង រយៈពេលប្រហែល ៧ ថ្ងៃ បន្ទាប់មកវាក៏ពេញវ័យនឹងត្រូវបានបញ្ចេញទៅក្នុងចរន្តឈាម។ កោសិកាឈាមក្រហម អាចផ្លាស់ប្តូររាងបានយ៉ាងងាយស្រួល ទៅតាមសរសៃ ឈាមផ្សេងៗនៅក្នុងរាងកាយ ដែលវាខុសពីកោសិកា ផ្សេងទៀត វាធ្វើដំណើរការតាម សរសៃឈាមក្នុងខ្លួនរយៈ១២០ ថ្ងៃ។ ចុងក្រោយ កោសិកាទាំងនោះនឹងត្រូវ ទៅកាន់ថ្លើម ដែលជាកន្លែងបំបែកពួកវា និង ធ្វើវដ្តជីវិតបំណែកសារធាតុវាដើម្បីអាចប្រើប្រាស់ឡើង វិញម្តងទៀតបាន។
កោសិកាក្រហមមានផ្ទុកនូវប្រូតេអ៊ីនពិសេសមួយហៅថា អេម៉ូក្លូប៊ីន មុខងារពិសេសគឺ ដឹកនាំអុកស៊ីសែន ពីសួត ទៅគ្រប់ផ្នែក នៃរាងកាយ និងនាំត្រឡប់មកវិញនូវឧស្ម័នកាបូនឌីអុកស៊ីតពីរាងកាយទៅកាន់សួតវិញ ដូច្នេះវាអាច បញ្ចេញទៅក្រៅបាន។ ឈាមលេចឡើងជាពណ៌ក្រហមដោយសារតែចំនួនកោសិកាឈាមក្រហមជាច្រើន ដែលទទួល បានពណ៌ពីអេម៉ូក្លូប៊ីន។
លក្ខណៈរបស់គោលិកាឈាមក្រហម
* រាងដូចកូនថាស * ដង់ស៊ីតេ d=7μ * កម្រាស់ ២ μ
* មានចំនួន ៥លានក្នុងមួយមីលីម៉ែតគូប * គ្មានណ្វៃយ៉ូ
* មានពណ៌ក្រហម ព្រោះស៊ីតូប្លាសផ្ទុកHb (Hemoglobin)។
ជាទូទៅ មនុស្សស្រី មានគោលិកាឈាមក្រហមតិចជាងមនុស្សប្រុស ហើយកម្រិតនៃ គោលិកាឈាមក្រហមតែង ថយចុះទៅតាមការកើនឡើងនៃអាយុ។
ចំនួន កោសិកាឈាមក្រហម ដែលស្ថិតក្នុងលក្ខណ្ឌធម្មតាគួរតែ៖
បុរស៖ ចន្លោះពី ៤.៧ ទៅ ៦.១ លានកោសិកាក្នុងមីក្រូលីត្រ (cells/mcL)
ស្ត្រី៖ ចន្លោះពី ៤.២ ទៅ ៥.៤ លានកោសិកាក្នុងមីក្រូលីត្រ (cells/mcL)
ស្ត្រី និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃដូចជា មហារីក អាចមានហានិភ័យខ្ពស់ប្រឈមនឹងបញ្ហា ខ្វះឈាមក្រហម។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា បញ្ហាខ្វះឈាមក្រហម គឺជាបញ្ហាសុខភាព សាធារណៈធ្ងន់ធ្ងរមួយរបស់ពិភពលោកហើយភាគច្រើនប៉ះពាល់ដល់កុមារនិងស្ត្រីមានផ្ទៃពោះ។ អង្គការសុខភាពពិភពលោកបានប៉ាន់ ប្រមាណថានៅទូទាំង ពិភពលោក ៤២%នៃកុមារអាយុ៥ឆ្នាំ និង ៤០% នៃស្ត្រីមានផ្ទៃពោះ គឺជួបបញ្ហា ខ្វះឈាមក្រហមនេះ។
រោគសញ្ញានៃបញ្ហាខ្វះឈាមក្រហម៖
- រាងកាយចុះខ្សោយ
- ឆាប់នឿយហត់
- វិលមុខ
- ដកដង្ហើមថប់ៗ
- ស្លេកស្លាំង...
មូលហេតុដែល បង្ករឲ្យមានបញ្ហាខ្វះឈាមក្រហមនេះ មានដូចជា កង្វះអាហាររូបត្ថម្ភ, ខ្វះជាតិដែក, កង្វះ ឬភាពមិន ប្រក្រតីនៃអាស៊ីត ហ្វូលីក ដែលប្រភេទវីតាមីនបេ, ភាពមិនប្រក្រតីនៃវីតាមីនបេ១២ និងវីតាមីនអា ក្នុងរាងកាយ ក៏ជាមូលហេតុធ្វើឲ្យ មានបញ្ហាខ្វះឈាមក្រហមដែរ។ កត្តាផ្សេងៗទៀតដូចជា៖
- វ័យ៖ អាយុកាន់តែចាស់បញ្ហាប្រឈមកាន់តែខ្ពស់
- ភេទ៖ ស្ត្រីប្រឈមនឹងបញ្ហាខ្វះឈាមក្រហមច្រើនជាងបុរស
- កត្តាភូមិសាស្ត្រ៖ រយៈកម្ពស់នៃតំបន់រស់នៅ(កម្ពស់ធៀបនឹងនីវូ៉សមុទ្រ) ឧ.កុមារមកពីតំបន់រយៈកម្ពស់ ទាបមានអត្រាប្រឈមនឹងបញ្ហាខ្វះឈាមក្រហមច្រើនជាងកុមារមកពីតំបន់ដែលមានរយៈកម្ពស់ខ្ពស់។
- ទម្លាប់ជក់បារី
- ស្ត្រីមានផ្ទៃពោះ
- អ្នកដែលផ្ទុក ឬ ឆ្លងជំងឺ ផ្សេងៗដូចជា៖ ជំងឺគ្រុនចាញ់, របេង, HIV និងប៉ារ៉ាស៊ីត
- ភាពមិនប្រក្រតីនៃការផលិតកោសិកាឈាមក្រហមដោយអ័រម៉ូន អ៊ីរ៉ូត្រូប៉ូអ៊ីទីនដែលអ័រម៉ូននេះត្រូវផលិតដោយក្រលៀន។ ចំពោះអ្នកដែលបញ្ហាក្រលៀន ឬ ក្រលៀន ខ្សោយ ក៏បណ្តាលឲ្យមានបញ្ហា ខ្វះឈាមក្រហមដែរ។
- ក្រៅពីនេះក៏មានកត្តា និងគ្រោះថ្នាក់ផ្សេងៗទៀតជាច្រើនដែលអាចបណ្តាលឲ្យមានបញ្ហាខ្វះឈាម ក្រហម៖ ការវះកាត់, សម្រាលកូន, សុខភាពថ្លើមមិនល្អ, បញ្ហាហ្សែន, បញ្ហាខួរឆ្អឹង....
ប៉ុន្តែភាគច្រើន បញ្ហាចម្បងដែលនាំឲ្យមានការ ខ្វះឈាមក្រហមនេះ គឺ អាហាររូបត្ថម្ភប្រចាំថ្ងៃ ជាពិសេសកង្វះជាតិ ដែក។
ជាទូទៅ មនុស្សស្រីតែងប្រឈមមុខនឹងកង្វះជាតិដែកច្រើនជាងបុរស ទោះយ៉ាងណាក៏ដោយ ស្ត្រី និងបុរសនឹង ប្រឈមនឹង បញ្ហាខ្វះឈាមក្រហមដូចគ្នា បើសិនជា ជាតិដែកក្នុងរាងកាយមិនគ្រប់គ្រាន់។ ហេតុដូចនេះ អ្នកជំនាញ វេជ្ជសាស្ត្រ បានណែនាំពីកម្រិតជាតិដែកសម្រាប់មនុស្សពេញវ័យ ចាប់ពីអាយុ ១៩ ឆ្នាំ ដល់ ៥០ឆ្នាំ គួរទទួលទានដើម្បី គ្រប់គ្រងជាតិ ដែកក្នុងរាងកាយប្រចាំថ្ងៃ៖
- បុរស ៨ មីលីក្រាម
- ស្ត្រី ១៨ មីលីក្រាម
- ស្ត្រីមានគភ៌ ២៧ មីលីក្រាម
- ស្ត្រីកំពុងបំបៅកូនដោយទឹកដោះ ៩ មីលីក្រាម
ក្រៅពីជាតិដែក ក៏នៅមានសារធាតុបំប៉នផ្សេងៗទៀតដើម្បីបង្ការបញ្ហាខ្វះឈាមក្រហមដែរ ដូចជា៖ អាស៊ីតហ្វូលីក និង វីតាមីន បេ១២។ ចំពោះអាស៊ីត បុរស និងស្ត្រីដែលមានអាយុចាប់ពី១៤ ឆ្នាំឡើងទៅ តម្រូវឲ្យមានសារធាតុ អាស៊ីតហ្វូលីកចំនួន ប្រមាណ ៤០០មីក្រូក្រាម ក្នុងមួយថ្ងៃ។ ចំណែកស្ត្រីមានផ្ទៃពោះ ឬ កំពុងបំបៅដោះកូន គួរតែ បង្កើនដល់ ៥០០-៦០០ មីក្រូក្រាម។
អាហារដែលសម្បូរសារជាតិចិញ្ចឹមជំនួយដល់គ្រាប់ឈាមក្រហម មានដូចជា៖
- សាច់មាន់ និងថ្លើមគោ, ត្រី, សាច់មាន់ទួរគី, សាច់ក្រហម ដូចជាសាច់គោ,អាហារសមុទ្រ,ស៊ុត
- ធុញ្ញជាតិ, អង្ករ(បាយ), ស្រូវសាឡី, ម៉្សៅធុញ្ញជាតិ Oatmeal
- បន្លែ៖ បន្លែបៃតង, ស្ពៃបៃតង (spinach), ផ្ទី, សាឡាដ៍,ផ្កាខាត់ណាខៀវ, ដំឡូងជ្វា, ល្ពៅ, ម្ទេសប្លោកក្រហម, ទំពាំងបារាំង, ប៉េងប៉ោះ, ត្រលាច, ឃ្លោក...
- សណ្តែកគ្រប់ប្រភេទ និងផលិតផលពីសណ្តែក ដូចជា តៅហ៊ូ, និងសណ្តែជប៉ុន (អិដា),
- ផ្លែឈើក្រៀម ៖ ល្ម៉ើ..
- ផ្លែឈើ៖ អាវ៉ូកាដូ (ផ្លែប៊ើរ), ស្វាយ, ទទឹម, ចេក, ត្របែក, ល្ហុង, ផ្លែប៉ោម…
ការព្យាបាល
ការព្យាបាលបញ្ហាខ្វះឈាមក្រហម គឺអាស្រ័យទៅលើស្ថានភាពរបស់រាងកាយបុគ្គល។
- ដំណាក់កាលកម្រិតស្រាល កង្វះឈាមក្រហមដោយសារតែញ៉ាំអាហារដែលសារជាតិចញ្ចឹមមិនគ្រប់គ្រាន់ ដូចជា ជាតិដែក, វីតាមីនបេ១២ និងអាស៊ីតហ្វូលីក នោះ អាចប្រើអាហារបំប៉នដើម្បីបំពេញបន្ថែមបាន។
- ក្នុងករណីខ្លះទៀត ប្រហែលចាក់វីតាមីនបេ១២បញ្ចូលក្នុងខ្លួង
- ក្នុងករណីដែលកម្រិតឈាមក្រហម ឬ អេម៉ូហ្គ្លូប៊ីនចុះទាបខ្លាំងនោះនឹងអាចឈានដល់ដំណាក់កាលត្រូវការព្យាបាលដោយបញ្ចូលឈាម
រៀបរៀង និងប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ