Updated: 7 February 2022

ទស្សនកិច្ចសិក្សាផ្សារភ្ជាប់មិត្តភាព

ទស្សនកិច្ចសិក្សាផ្សារភ្ជាប់មិត្តភាព

ដំណើរទស្សនកិច្ចសិក្សា  ២យប់  ៣ថ្ងៃរបស់និស្សិតផ្នែកបដិសណ្ឋារកិច្ច  និងទេសចរណ៍ជំនាន់ទី ២០  និង២១  បានបន្សល់នូវអនុស្សាវរីយ៍ ក៏ដូចជាបទពិសោធន៍ជាច្រើន។  សកម្មភាពជាច្រើនត្រូវបានបង្កើតឡើង  ដូចជា  ការអនុវត្តលើមុខវិជ្ជា គ្រប់គ្រងខ្សែទស្សនកិច្ច ដោយផ្តោតលើ “ ការនាំភ្ញៀវទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ ”របស់និស្សិតឆ្នាំទី៣ និងការសិក្សាលើប្រធានបទ “ បញ្ហាប្រឈមរបស់សណ្ឋាគារក្នុងការគ្រប់គ្រងគុណភាពសេវាកម្ម ” របស់និស្សិតឆ្នាំទី៤ ជាមួយនឹងការចុះទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តសៀមរាបដើម្បីស្វែងយល់ពីផលិតផលទេសចរណ៍ក្នុងតំបន់នេះ។ ក្រុមនិស្សិតទាំងពីរជំនាន់ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ ដូចជា គណៈគ្រប់គ្រងសណ្ឋាគារ “តានៃរីសត និងស្ប៉ា” និង “សណ្ឋាគារសុខាអង្គរ” ជាពិេសសទៀតនោះ គឺការជួបសំណេះសំណាលជាមួយលោកអភិបាលស្រុកបន្ទាយស្រី ដែលលោក និងក្រុមការងារក្នុងសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រីផងដែរ។

ទស្សនកិច្ចសិក្សាផ្សារភ្ជាប់មិត្តភាព
ទស្សនកិច្ចសិក្សាផ្សារភ្ជាប់មិត្តភាព
ទស្សនកិច្ចសិក្សាផ្សារភ្ជាប់មិត្តភាព

គោលបំណងសំខាន់ក្នុងទស្សនកិច្ចសិក្សានេះ មានដូចជា ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តន៍ជាក់ស្តែង, ការរឹតចំណងមិត្តភាពនិស្សិត និងនិស្សិត, សិស្សច្បង សិស្សប្អូន, និស្សិត និងសាស្ត្រាចារ្យក៏ដូចជាការភ្ជាប់ទំនាក់ទំនងពិសេសជាមួយសហគមន៍ផងដែរ។ និស្សិតទាំងពីរជំនាន់ត្រូវតម្រូវឲ្យគេងបន្ទប់លាយឡំគ្នារវាងសិស្សច្បង និងសិស្សប្អូន បើទោះពីពេលដំបូងមានមតិយោបល់ជំទាស់មួយចំនួនប៉ុន្តែដោយត្រង់ត្រាប់តាមការណែនាំរបស់សាស្ត្រាចារ្យដឹកនាំពួកគាត់ក៏សម្របខ្លួនតាមសាស្ត្រាចារ្យដឹកនាំបានលើកពីបទពិសោធន៍ក្នុងប្រជុំនិស្សិតជាអន្តរជាតិ គឺមានការរួមបន្ទប់ដោយនិស្សិតមកពីប្រទេសផ្សេងគ្នា ពេលនោះគឺជាឱកាសឲ្យយើងចេះរៀនសម្របខ្លួន រៀនចេះគោរពគ្នា និងចេះបង្កើតមិត្តភាព។

ទស្សនកិច្ចសិក្សាផ្សារភ្ជាប់មិត្តភាព
ទស្សនកិច្ចសិក្សាផ្សារភ្ជាប់មិត្តភាព
ទស្សនកិច្ចសិក្សាផ្សារភ្ជាប់មិត្តភាព

ទស្សនកិច្ចសិក្សានេះផងដែរ ប្រៀបបានជាពិធីជួបជុំអតីតនិស្សិតផ្នែកទេសចរណ៍តូចមួយដែរ ដោយមានការជួយសម្របសម្រួលពីអតីតនិស្សិតច្រើនជំនាន់។ រៀមច្បងដែលជាអតីតនិស្សិត បានជួយរៀបចំកម្មវិធីផ្សេងៗ និងធ្វើស្វាគមន៍ប្អូនៗ ព្រមទាំងសាស្ត្រាចារ្យយ៉ាងកក់ក្តៅ នេះក៏បានបង្ហាញពីគុណសម្បត្តិនៃចំណងមិត្តភាព និងទំនាក់ទំនងសង្គមមួយដល់និស្សិតដែលកំពុងសិក្សាឲ្យយល់ពីតម្លៃនេះមិត្តភាព និងការទំនាក់ទំនងល្អ។
ក្នុងសកម្មភាពទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតឆ្នាំទី៣មានតួនាទីជាអ្នកសម្របសម្រួលដំណើរទស្សនកិច្ច ដោយពួកគាត់ត្រូវធ្វើទំនាក់ទំនងជាមួយក្រុមការងារខាង សាកលវិទ្យាល័យដូចជាផ្នែករដ្ឋបាល និងសាស្ត្រាចារ្យដឹកនាំដើម្បីឲ្យដឹងពីកម្មវិធីទាំងមូល ពួកគាត់ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នកបើកឡាន និងមគ្គុទេសក៍ ជាមួយគ្នានេះដែរពួកគាត់មានតួនាទីបម្រើទឹក និងអាហារសម្រន់ទៅដល់សិស្សច្បង ដោយត្រូវចាត់ទុកថាសិស្សច្បងគឺជាភ្ញៀវទេសចររបស់ពួកគាត់។  ក្រុមនិស្សិតឆ្នាំទី៣ ត្រូវធានាពីដំណើរការនៃខ្សែទស្សនកិច្ចថាដើរតាមផែនការណ៍ដែលខាងសាស្ត្រាចារ្យដឹកនាំបានរៀបចំ ធានាថាពេលឡើងឡានម្តងៗ គឺសិស្សច្បងមានគ្រប់ចំនួន និងព្យាយាមបង្ករបរិយាកាសរីករាយក្នុងពេលធ្វើដំណើរ។ គួរបញ្ជាក់ថា មុនពេលចេញដំណើរ ក្រុមនិស្សិតឆ្នាំទី៣ ក៏បានទទួលការបង្រៀនទាក់ទងនឹង “តើធ្វើដូចម្តេចទើបអាចដឹកនាំដំំណើរទេសចរណ៍ប្រកបដោយទំនួលខុសត្រូវ?” ដែលជាមុខវិជ្ជាដែលទទួលស្គាល់ដោយកម្មវិធីបណ្តុះបណ្តាលរបស់អាស៊ានផងដែរ។
សម្រាប់និស្សិតឆ្នាំទី៤ ដើម្បីបំពេញមុខវិជ្ជា “គ្រប់គ្រងសណ្ឋាគារជាន់ខ្ពស់” បន្ទាប់ពីការសិក្សាក្នុងថ្នាក់រួច ពួកគាត់ត្រូវចុះអង្កេតផ្ទាល់នៅសណ្ឋាគារដែលកំពុងប្រតិបត្តិការដោយមានការណែនាំពីគណៈគ្រប់គ្រង និងបុគ្គលិកក្នុងសណ្ឋាគារទាំងពីរដែលបានអនុញ្ញាតិឲ្យក្រុមនិស្សិតយើងចុះសិក្សាស្វែងយល់។ សម្រាប់និស្សិតផ្ទាល់នេះគឺជាឱកាសដ៏ល្អមួយដែលពួកគាត់បានឃើញ បានសាកសួរ និងបានប្រើប្រាស់សេវាកម្មមួយចំនួនរបស់សណ្ឋាគារប្រណីតទាំង២នេះ។ ព្រោះការសិក្សានៅក្នុងថ្នាក់មួយមុខ គឺមិនគ្រប់គ្រាន់ទេ។ លើសពីនេះទៅទៀត ក្រុមនិស្សិតឆ្នាំទី៤ក៏បានទៅហ្វឹកហាត់មុខវិជ្ជាមួយចំនួនទៀតដូចជា ការទទួលចុះឈ្មោះភ្ញៀវចូលស្នាក់នៅក្នុងសណ្ឋាគារ, រៀនឆុងកាហ្វេ, រៀនធ្វើម្ហូប និងរៀនរៀបចំបន្ទប់ ជាមួយនឹងក្រុមគ្រូបង្វឹកជំនាញទេសចរណ៍នៃអង្គការកសាងក្តីសង្ឃឹមកម្ពុជាក្នុងខេត្តសៀមរាបនេះផ្ទាល់។

គុណភាពមិនមែនជាទង្វើមួយទេ វាគឺជាទម្លាប់

ទស្សនកិច្ចសិក្សាផ្សារភ្ជាប់មិត្តភាព

និស្សិតទាំងអស់ក៏បានទៅទស្សនាការសម្តែងស្នាមញញឹមអង្គរផងដែរ ដែលនេះជាផលិតផលទេសចរណ៍បែបកែរច្នៃមួយទៀត ដោយប្រើផ្ទាំងទស្សនីយភាពសិល្បៈរួមបញ្ចូលគ្នាជាច្រើនដើម្បីទាក់ទាញទេសចរបរទេស។ ពួកគាត់មានឱកាសស្វែងយល់ពីផលិតផលទេសចរណ៍ជាច្រើនដូចជាទេសចរណ៍វប្បធម៌, កែច្នៃកំសាន្ត, និងទេសចរណ៍សហគមន៍ធម្មជាតិ។
ជាមួយគ្នានេះដែរ និស្សិតទាំងអស់ក៏បានចូលជាថវិកាឧបត្ថម្ភដល់អង្គការកសាងក្តីសង្ឃឹមកម្ពុជា ដែលអង្គការផ្តល់ការបង្រៀនភាសាអង់គ្លេស, បណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍, បណ្តុះកីឡាបាល់ទាត់ និងផ្តល់អាហារប្រចាំថ្ងៃដល់សិស្សទៀតផង។ ក្រៅពីចូលរួមជាថវិការ ក្រុមនិស្សិតក៏បានចូលរួមធ្វើអាហារសម្រាប់ក្មេងៗ, បង្រៀនក្មេងៗ និងលេងជាមួយពួកគេផងដែរ ដែលធ្វើឲ្យក្មេងៗនៅទីនេះមានអារម្មណ៍ និងកក់ក្តៅហើយក្មេងៗ ក៏ដូចជាម្ចាស់គម្រោងអង្គការនោះក៏មានការរំភើបផងដែរព្រោះថា នេះជាលើកទីមួយដែលក្រុមយុវជនស្ម័គ្រចិត្តដែលជាជនជាតិខ្មែរមកជួយកន្លែងគាត់។
ជារៀងរាល់ល្ងាចបន្ទាប់ពីបញ្ចប់សកម្មភាព យើងតែងជួបជុំគ្នាដើម្បីធ្វើការបង្ហាញពីចំណាប់អារម្មណ៍ និងដោះដូរយោរបល់រវាងនិស្សិត និងសាស្ត្រាចារ្យដឹកនាំ។ និស្សិតម្នាក់ៗមានក្រដាសរបាយការណ៍ប្រចាំថ្ងៃមួយដើម្បីបំពេញ។ សាស្ត្រាចារ្យមានតួនាទីវាយតម្លៃលើការសហការណ៍ និងឥរិយាបថរួមរបស់ ក្រុមនិស្សិត។ ព្រោះឥរិយាបថគឺសំខាន់ខ្លាំងណាស់ក្នុងការងារ ក៏ដូចជាក្នុងជីវភាពប្រចាំថ្ងៃ។ បន្ទាប់ពីដំណើរទស្សនកិច្ចសិក្សានេះហើយ និស្សិតទាំងអស់នឹងត្រូវសរសេរកិច្ចស្រាវជ្រាវរបស់ខ្លួន រួមជាមួយនឹងរបាយការណ៍នៃដំណើរទស្សនកិច្ចមួយនេះ។

ដោយ៖ សូរិយាភ័ណ្ឌ