Updated: 8 February 2022

កោះ​ម៉ាកាវ​

ជឿថា បើនិយាយពីកោះម៉ាកាវ អ្វីដែលនឹកឃើញមុនគេ   គឺ  កាស៊ីណូ !   ប៉ុន្តែអ្វីដែលនៅលើកោះតូចនោះ គឺលើសពីកាស៊ីណូ លើសពីតុល្បែង ប៉ុន្តែគឺប្រវត្តិសាស្រ្ត និងសំណង់អគារដ៏គួរឲ្យចាប់អារម្មណ៍។ វាប្រៀបបានដូចជាកូនក្រុងអឺរ៉ុបមួយនៅអាស៊ីអ៊ីចឹង ! 

កោះ​ម៉ាកាវ​

តើអ្នកដឹងអ្វីខ្លះពីកោះមួយនេះ ?

ភាសាផ្លូវការទី១គឺភាសាចិន ទី២គឺភាសា ព័រទុយហ្គាល់ លោកអ្នកប្រហែលមិនចម្លែកទេដែលភាសាចិនជាភាសាជាតិទី១ តែអ្នកអាចចម្លែកនៅពេលដែលអ្នកនឹងឃើញអក្សរព័រទុហ្គាលនៅគ្រប់ទីកន្លែង មិនថាអគាររដ្ឋបាល ស្លាកសញ្ញា និងនៅលើឡានក្រុង។ ប៉ុន្តែជាក់ស្តែងគឺពិបាកនឹងរកជនជាតិម៉ាកាវដែលចេះភាសាព័រទុយហ្គាល់ណាស់ ហើយអ្នកនិយាយភាសាចិនកុកងឺក៏មិនសូវនិយមច្រើនដែរ។ ភាសាប្រចាំថ្ងៃគឺភាសាកាតាំង។ 

កោះ​ម៉ាកាវ​

ប្រភពសេដ្ឋកិច្ចចម្បងរបស់ប្រទេសនេះគឺ កាស៊ីណូ និងទេសចរណ៍។ អាចនិយាយបានថា ប្រជាជនម៉ាកាវរស់នៅយ៉ាងស្រួលដោយពឹងផ្អែកលើវិស័យទាំងពីរនេះ នៅលើកោះនេះគឺរកមិនឃើញដីដំណាំ សម្រាប់កសិកម្មនោះទេ ហើយបើទោះជាប្រទេសនោះជាដីកោះ កណ្តាលសមុទ្រក៏ដោយ ក៏មិនឃើញមានទូកនេសាទណាមួយដែរ។ ម៉ាកាវ ជាប្រទេសដែលមានសេដ្ឋកិច្ចធំមួយក្នុងពិភពលោកដែរ ហើយម៉ាកាវគឺជាទីផ្សារល្បែងធំជាងគេនៅលើពិភពលោក ដែលអាចរកចំណូលបានប្រមាណ ២៤ពាន់លានដុល្លារក្នុងមួយឆ្នាំ ច្រើនជាង ទីក្រុងឡាវែហ្គាស់ សហរដ្ឋអាមេរិក ៧ដង។

កោះ​ម៉ាកាវ​

ស្ពានឆ្លងសមុទ្រវែងជាងគេនៅលើពិភពលោកដែលមានប្រវែងសរុប ៥៥គ.ម បានតភា្ជប់ប្រទេស៣រួមគ្នា ម៉ាកាវ-ជូហៃ(ប្រទេសចិន)-ហុងកុង 

ការវិនិយោគលើកាស៊ីណូនីមួយៗមិនអាចផ្តាច់ចេញពីសណ្ឋាគារ ភោជនីយដ្ឋាន និងហាងទំនិញបានទេ។  វិនិយោគិនតែងប្រជែងគ្នាតាមរយៈសំណង់ស្ថាបត្យកម្មដ៏ស្រស់សង្ហារ និងបំពាក់ដោយបច្ចេកវិទ្យាទំនើប។ រដ្ឋាភិបាលម៉ាកាវ ជាមួយវិនិយោគិនទាំងអស់តែងសហការគ្នាយ៉ាងល្អក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗដើម្បីទាក់ទាញទេសចរណ៍ផងដែរ។ 
មិនមែនត្រឹមតែអគារថ្មីៗនោះទេ ម៉ាកាវក៏មានសម្បតិ្តបេតិកភណ្ឌពិភពលោកសម្រាប់ស្វាគមន៍ទេសចរទូទៅដែរ សំណង់អគារដែលបន្សល់ទុកពីជំនាន់អាណានិគមព័រទុហ្គាល់ជាច្រើន បានបង្កើតជាផ្ទាំងទស្សនីយ៍ភាពប្លែកមួយទៀត។ យើងអាចមើលឃើញប្រវត្តិសាស្ត្រមួយតាមរយៈអគារទាំង​នោះ អាចស្វែងយល់ពីរចនាបថព័រទុហ្គាល់តាមរយៈសំណង់លើទឹកដីម៉ាកាវ។ 
ម៉ាកាវមិនធំទេ តែភាពទាក់ទាញក៏មិនតិចដែរ តែយើងអាចដើរទស្សនាទីតាំងនីមួយៗដោយមិនចាំ​បាច់ចំណាយលុយថ្លៃទស្សនា ទាំងអគារបុរាណ​ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលចុះ​​​​​​​​​​​ ក្នុងបញ្ជី UNESCO និងសណ្ឋាគារទំនើបៗ។ ការធ្វើ​ដំណើរដោយជិះរថយន្តក្រុងរឹតតែជួយសន្សំសំចៃយើងបានច្រើនទៀត។   សម្រាប់ប្រជាជនខ្មែរយើងមិនចាំបាច់សុុំទិដ្ឋាការមុនដើម្បីទៅលេង​ម៉ាកាវនោះទេ គឺយើងអាចស្នើរសុំទិដ្ឋាការពេលទៅដល់បានតែម្តង ដោយថ្លៃទិដ្ឋាការមានតម្លៃប្រមាណ ២០ដុល្លារអាមេរិក។ ប៉ុន្តែអ្នកគួរមាន​លុយសុទ្ធក្នុងខ្លួន ប្រហែល ៧០០ ដុល្លារអាមេរិកដើម្បីបង្ហាញដល់មន្ត្រីអន្តោប្រវេសន៍។ 

កោះ​ម៉ាកាវ​
កោះ​ម៉ាកាវ​
កោះ​ម៉ាកាវ​

នៅពេលដែលយើងបានទៅដល់ទឹ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កដីម៉ាកាវ ទើបយើង​អាចយល់ថា “វាមានអ្វីច្រើនដែលលើសពី កាស៊ីណូ”

ដោយ៖ សូរីយ៉ាភ័ណ្ឌ