
អង្គការ NTFP-EP កម្ពុជា និងមន្ទីរទេសចរណ៌ខេត្តក្រចេះ មានមោទនភាពសូមណែនាំ តំបន់ទេសភាពទន្លេមេគង្គដ៏ស្រស់ស្អាតរបស់សហគមន៍អេកូទេសចរណ៌កោះសាមសិប ដែលស្ថិតក្នុងខេត្តក្រចេះ។ តំបន់អាងទឹកដ៏ធំនេះសម្បូរទៅដោយកោះរាប់រយគ្របដណ្តប់ដោយព្រៃឈើពណ៌បៃតង ជីវចម្រុះសម្បូរបែប ដូចជាព្រៃលិចទឹក ត្រីមេពូជកម្រជិតផុតពូជ និងប្រភេទសត្វបក្សីជិតផុតពូជដែលអ្នកអាចទស្សនាបាន។ ទៅទស្សនាសហគមន៍ទេសចរណ៌កោះសាមសិបគឺមិនត្រឹមតែឲ្យអ្នករីករាយជាមួយតំបន់ទេសភាពទន្លេមេគង្គដ៍ល្អឯកនោះទេ តែវានឹងផ្តល់ឱកាសឲ្យអ្នកចូលរួមក្នុងការងារអភិវឌ្ឍន៍និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍ផងដែរ។ សហគមន៍អេកូទេសចរណ៌កោះសាមសិប ត្រូវបានគ្រប់គ្រងដោយប្រជាជនក្នុងសហគមន៍ផ្ទាល់ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ របស់ពួកគេ និងមួយផ្នែកទៀតនឹងត្រូវបរិច្ចាគសម្រាប់ការការពារជីវចម្រុះក្នុងសហគមន៍។


ធ្វើដូចម្តេចដើម្បីទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិប
លោកអ្នកអាចទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិបតាមរយៈរថយន្ត ម៉ូតូ ឬកង់។ សហគមន៍នេះមានចម្ងាយប្រមាណ ៩៥ គីឡូមែ៉ត្រ តាមបណ្តោយផ្លូវជាតិលេខ ៧ ពីទីរួមខេត្តក្រចេះទៅខេត្តស្ទឹងត្រែង និងចម្ងាយប្រមាណ ៦៥គីឡូមែ៉ត្រ ពីទីរួមខេត្តស្ទឹងត្រែង ទៅខេត្តក្រចេះ។ សហគមន៍មានបម្រើ ម្ហូបអាហារ ផ្ទះស្នាក់សហគមន៍ បោះជំរំតង់ អ្នកនាំភ្ញៀវ ទស្សនាសត្វស្លាប ជួលទូក និងកង់ ដាំដើមឈើទុកជាអនុស្សាវរីយ៍។
