ពាក្យថា «ហ្វាសិន Fashion» នៅក្នុងវចនានុក្រមជាច្រើនបកប្រែថា “ម៉ូដ, របៀប, លក្ខណៈ,ទំនើប,ទាន់សម័យ…” ពាក្យទាំងនោះ សុទ្ធតែ ត្រឹមត្រូវ តែពាក្យទាំងនេះប្រហែលជាទូលំទូលាយពេក ឬ តូចចង្អៀតពេក សម្រាប់អត្ថន័យ និងគោលគំនិត ពិតប្រាកដរបស់ “ហ្វាសិន”។ អត្ថន័យរបស់ពាក្យនេះ អាចខុសគ្នាពីសម័យកាលមួយទៅសម័យកាល ពីវិស័យមួយទៅវិស័យ ហើយ ផ្សេងគ្នាពីមនុស្ស ម្នាក់ទៅមនុស្សម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ។ វាអាស្រ័យលើជំហរ ក៏ដូចជាទស្សនៈវិស័យរបស់បុគ្គល និងបរិបទសង្គម នីមួយៗ។
ជាទូទៅ ខ្ញុំតែងតែចង់ស្វែងយល់ពីអត្ថន័យនៃពាក្យ ទោះមិនមែនគ្រប់ពាក្យ ក៏អាចនិយាយថា ពាក្យដែលគួរឲ្យចាប់អារម្មណ៍ ភាគច្រើនដែរ។ ខ្ញុំយល់ថា ពាក្យនីមួយៗ ឬ អាចនិយាយថាពាក្យភាគច្រើនគឺមានអត្ថន័យពិសេសមួយដែលបង្កប់ក្នុងន័យធម្មតា ឬ ន័យទូទៅរបស់ពាក្យនោះ។ ពេលខ្លះវាអាចបង្កប់តម្លៃវិជ្ជមាន ឬ អវិជ្ជមាន ពាក្យខ្លះអាចមានន័យដូចគ្នានឹងពាក្យមួយទៀត ប៉ុន្តែវាអាច មានទម្ងន់ធ្ងន់ ឬ ស្រាលជាងគ្នា ទាំងនេះ អាចអាស្រ័យលើវប្បធម៌ និងទំនោរសង្គមផងដែរ។ ពាក្យខ្លះតែមួយម៉ាត់អាចមាន ន័យគ្រប់គ្រាន់បញ្ជាក់ពីអ្វីដែលយើងចង់និយាយ ឬ ចង់បង្ហាញតែម្តង ប៉ុន្តែពាក្យខ្លះទោះជាមានន័យ ប្រហាក់ប្រហែលក៏ពិបាក នឹងយកមកប្រើ ឬ យកមកពិព័ណ៌នាដែរ។ ឧទាហរណ៍៖ “បន្តិចទៀត” ពាក្យបន្តិចទៀតប៉ុន្តែ គឺមាព្រោះពេលខ្លះបើយើងយល់ខុស ឬ យល់មិនស៊ីជម្រៅនៃពាក្យ ណាមួយ វាអាចឲ្យយើងមានជំនឿ ឬ ការសម្រេចចិត្តដោយយល់ច្រលំ។ ម្យ៉ាងវិញទៀត ពាក្យខ្លះ ឬ រឿងខ្លះ មិនមែនត្រឹមតែកំហុសនៃអត្ថន័យទេ តែនៅពេលដែលប្រើដោយមិនច្បាស់លាស់ ឬ ប្រើដោយមានការបិទបាំងអ្វីមួយ ឬ ប្រើដោយក្នុងផ្លូវខុស ហើយអាចខាតបង់ឱកាសទៅវិញដោយសារតែការយល់ខុស។ ឧទាហរណ៍ កាលពីប្រមាណ២០ឆ្នាំមុន ពាក្យថា “ម៉ាស្សា” នៅប្រទេសខ្មែរប្រហែលជាមិនសូវបានឮ បើឮក៏បែរជាត្រូវបានមនុស្សទូទៅគិតទៅផ្លូវផ្សេង មនុស្សស្រីនឹងមិនទៅ កន្លែងម៉ាស្សានោះទេ មនុស្សស្រីដែលធ្វើការនៅកន្លែងម៉ាស្សាត្រូវបានបន្ទាបតម្លៃ។ ប៉ុន្តែពេលនេះ គឺមានការប្រួលប្រែស្ទើរតែស្រុង។ មនុស្សម្នាចាប់ផ្តើមយល់ពី គុណប្រយោជន៍ និងគុណតម្លៃ នៃការ ម៉ាស្សា ឬ ការព្យាបាលដោយសរសៃ ដោយវិធីធម្មជាតិមួយនេះ។
វាមិនខុសគ្នាពីពាក្យថា “ហ្វេសសិន” ពេលនេះទេ ទោះអត្ថន័យមិនសូវជាត្រូវបានបន្ទាបតម្លៃដូចពាក្យថា “ម៉ាស្សា” ក៏ដោយ តែក៏ត្រូវបានមនុស្សមានទស្សនៈផ្សេងៗគ្នា ទោះយ៉ាងណា ក៏មិនអាចកាត់សេចក្តីថា ទស្សនៈណាមួយខុសឬត្រូវដែរ។ តែបើសិន មិនមានការស្វែងយល់ច្បាស់វាក៏អាចធ្វើឲ្យខាតឱកាសកែច្នៃ អភិវឌ្ឍន៌ និងមនុស្សមួយភាគក៏អាចកប់បាត់នូវទេពកោសល្យរបស់ពួក គេ។ តាមការសង្កេតផ្ទាល់ខ្លួន ទស្សនៈវិស័យចំពោះពាក្យថា ហ្វេសសិន អាចមានដូចខាងក្រោម៖
- សម្រាប់អ្នកសេដ្ឋកិច្ច-អ្នកវិទ្យាសាស្ត្រ-ធុរជន មួយចំនួនអាចគិតថា ហ្វាសិន គឺមិនសំខាន់ហើយខ្ជះខ្ជាយ
- សម្រាប់សេដ្ឋកិច្ច ហ្វាសិន គឺជាឧស្សហកម្មឬវិស័យដែលបង្កើតចំណូលធំមួយក្នុងសកលលោក (បង្កើតចំណូលប្រមាណជាង ២.៥ទ្រីលាន ដុល្លារអាមេរិក និងបង្កើតការងារដល់មនុស្សប្រមាណ ៧៥លាននាក់នៅទូទាំងពិភពលោក)
- សម្រាប់អ្នកបរិស្ថាន ហ្វាសិន គឺផ្នែកដែលបង្កការបំពុលធំទី២បន្ទាប់ពីឧស្សាហកម្មផលិតប្រេង
- សម្រាប់សង្គម “ហ្វាសិន” ចូលរួមចំណែកបង្កើត និងផ្សព្វផ្សាយវប្បធម៌, ផ្តល់សិទ្ធសេរីភាព, បច្ចេកវិទ្យា និងការច្នៃប្រឌិត, ឱកាសការងារ, ជាសញ្ញាបង្ហាញពីសារអ្វីមួយ
- សម្រាប់បុគ្គល “ហ្វាសិន” ដែលទៅតាម ស្ទីលរបស់មនុស្សម្នាក់គឺបង្ហាញពីបុគ្គលភាព, បង្កើនការច្នៃប្រឌិត, ភាពស្រស់ស្រាយ និងសោភណជីវិត, ភាពជាអ្នកដឹកនាំ និងទំនួលខុសត្រូវ, ផាសុកភាព និងគុណភាពជីវិត…
- ក្នុងនាមជាបុគ្គលដែលចូលចិត្ត ហ្វាសិន ការគិតក៏គួរតែមានលក្ខណៈ ហ្វាសិនដែរ បានន័យថា ជឿនលឿន, ច្នៃប្រឌិត, ស្រស់ស្អាត, ផាសុកភាព។
ដើម្បីចូលរួមចំណែកបង្កើតនូវពិភពលោក ដែលមានភាពស្រស់ស្អាត ចម្រុះពណ៌ប្រកបដោយសុវត្ថិភាពនោះ យើងជាបុគ្គលគួរពិចារណាលើចំណុចតូចៗទាំងនេះ : ប្រើរបស់ដែលមានគុណភាពល្អ, ជ្រើសរើសផលិតផលបែប Eco-friendly និងពីតំបន់ដែលគោរពសិទ្ធមនុស្សពេញលេញ, បរិច្ចាគបន្ត…
“ហ្វាសសិន ឬ ហ្វេសសិន” គឺជាការរួមបញ្ចូលគ្នានៃវិទ្យាសាស្រ្ត និងសិល្បៈ៖ សម្លៀកបំពាក់, សម្ភារៈប្រើប្រាស់លើដងខ្លួន និងសម្រាប់តុបតែងដែលមនុស្សត្រូវការ, “ហ្វាសសិន” អាចជាវិធីក្នុងការបង្ហាញខ្លួនឯងទៅកាន់សង្គម និងសម្រាប់បង្កើនទំនុកចិត្ត បញ្ជាក់ពីបុគ្គលភាព ផ្ទាល់ខ្លួន, បង្ហាញពីអារម្មណ៍, បង្ហាញពីរបៀបទំនាក់ទំនងក្នុងសង្គមផងដែរ។ “ហ្វេសសិន” អាចបង្ហាញ ពីចំណូលចិត្ត រសនិយមរបស់បុគ្គល, បង្ហាញពីរបៀបធ្វើការ និងការកំសាន្ត, ភាពរីករាយ និងភាពពេញចិត្តនៃជីវិត របស់ខ្លួន ហើយពេលខ្លះ ហ្វេសិន គឺនាំឲ្យមានក្តីសុខនិងភាពរីករាយ។

បើសិនជាយើងស្វែងយល់ច្បាស់ពី “ហ្វាសិន” យើងនឹងអាចទាញប្រយោជន៍ជាច្រើនពីឧស្សាហកម្មមួយនេះ មុខរបរថ្មីៗនឹងកើតឡើង, ធនធានមនុស្ស, ភាពស្រស់ស្អាត, ការច្នៃប្រឌិត, ភាពជឿនលឿននៃការគិត, ការផ្សព្វផ្សាយវប្បធម៌ជាដើម...។ គ្រប់ស្លាកសញ្ញាល្បីៗទាំង អស់សុទ្ធតែកើតឡើងពីការខំប្រឹងប្រែង និងក្តីស្រលាញ់របស់មនុស្ស។ ហើយស្លាកសញ្ញាដែលមានការទទួលស្គាល់លើគុណភាព រហូតត្រូវបានគេចាត់ទុកជា ស្លាកសញ្ញាប្រណីតនោះ គឺ កើតឡើងដោយការយកចិត្តទុកដាក់ខ្ពស់របស់មនុស្ស គ្រប់ការងារដែលគេធ្វើដើម្បី ចេញជាផលិតផលមួយត្រូវបានសម្រិតសម្រាងតាំងពីវត្ថុធាតុដើម វិធីសាស្ត្រនៃការផលិតឬការបង្កើត រហូតដល់ការវេចខ្ចប់។ គេបានផ្តល់តម្លៃខ្ពស់លើសមិទ្ធផលនីមួយៗទៅលើការផ្ចិតផ្ចង់។ ដូចនេះ ផលិតផលប្រណីតនីមួយៗមិនមែនកើតឡើងដោយការលេងសើច ការខ្ជះខ្ជាយ ឬ ខ្ជីខ្ជានោះទេ។ បើមិនមានការស្រលាញ់, ការតាំងចិត្ត, គំនិតច្នៃប្រឌិត, ភាពឧស្សាហ៍ព្យាយាម, ភាពផ្ចិតផ្ចង់ នោះនឹងមិនអាចមាន ស្លាកសញ្ញាដែលល្បី និងមានតម្លៃខ្ពស់បានទេ។


បុគ្គលសំខាន់ៗដែលយើងអាចធ្លាប់ឮឈ្មោះក្នុងប្រវត្តិសាស្ត្រពិភពហ្វាសិន

In Order to Be Irreplaceable One Must Always Be Different
Gabriella Chanel (Coco Chanel) 1883-1971, ជនជាតិបារាំង
ស្ថាបនិក ស្លាកយីហោ ដ៏ល្បីមួយក្នុងប្រវត្តិសាស្ត្រ “កូកូឆានែល” មានឈ្មោះដើមថា “ហ្គាប្រ៊ីឡា ឆានែល” កើតនៅប្រទេស បារាំង ក្នុងគ្រួសារតូច និងមិនពេញលក្ខណៈមួយ។ ប៉ុន្តែគាត់បានបោះ ជំហានចូលក្នុងពិភពពាណិជ្ជកម្ម ដោយចាប់ផ្តើមពីហាង លក់មួកតូចមួយ ឆ្លងកាត់ព្យុះសង្គ្រាមលោក ដល់ទៅពីរដង ប៉ុន្តែ ស្លាកសញ្ញា មួយនេះ នៅតែមានកេរ្តិ៍ឈ្មោះល្បីរន្ទឺរហូតដល់ បច្ចុប្បន្ន។ ទោះជាស្លាកសញ្ញានេះមិនមែនជាស្លាកសញ្ញាដែលមានផលិតផលថ្លៃជាងគេលើលោកក៏ដោយ ក៏និមិត្តសញ្ញា ឆានែល តែងតែឈរលើស្លាកយីហោពាណិជ្ជកម្ម ឬ ផលិតផលលំដាប់ពិភពលោក។ ផលិតផលដែល ជាសមិទ្ធិផល របស់ “ឆានែល” ត្រូវបានមនុស្សស្ទើរតែទូទាំងសាកលលោកស្គាល់ ដូចជា៖ ទឹកអប់, គ្រឿងសម្អាង, កាបូប, គ្រឿងអលង្ការ និងសម្លៀកបំពាក់...។

Chanel Classic Suit ចាប់តាំងពីឆ្នាំ១៩២៥មក វាបានក្លាយជាឈុតប្រចាំរបស់ ឆានែល ជាការច្នៃប្រឌិតសំពត់ខ្លី និងអាវក្រៅដែល មានហោប៉ៅ កូកូ ចង់បានឲ្យស្ត្រីមានភាពងាយស្រួលក្នុងការស្លៀកពាក់ ដោយប្តូរពីការស្លៀកសំពត់វែងដល់កែងជើង មកជាសំពត់ ខ្លី និងដោយឃើញអាវធំក្រៅរបស់បុរសមានហោប៉ៅដែលមានភាពងាយស្រួល ទើប កូកូ ក៏ចាប់ផ្តើមបង្កើត ឈុតថ្មីដែលផ្តល់ទាំង ភាពស្រស់សង្ហារ និងភាពងាយស្រួលដល់នារីសម័យនោះ។ វាប្រៀបដូចជា ការបដិវត្តន៍ មួយដែរ ។
បុគ្គលល្បីដែលគ្រងឈុត ឆានែលក្លាស៊ីក


Anna Wintour, និពន្ធនាយកទស្សនាវដ្តី Vogue អាមេរិក

ប្រហែលជានៅប្រទេសខ្មែរ មិនសូវស្គាល់ឈ្មោះអ្នកស្រី និងស្គាល់ទស្សនាវដ្តី Vogue ទេ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តតាមដានតារាហូលីវូដ ឬ ប្រេនល្បីៗប្រហែលជាអាចស្គាល់ទស្សនាវដ្តី នេះខ្លះ។ អ្នកស្រី កើតនៅប្រទេសអង់គ្លេស ប៉ុន្តែបច្ចុប្បន្នគឺមានរស់នៅប្រទេសអាមេរិក អ្នកស្រីត្រូវ បានគេចាត់ទុកជាបុគ្គលសំខាន់មួយរូបក្នុងវិស័យសិល្បៈម៉ូដ ស្ទើរតែគ្រប់ក្រុមហ៊ុនសម្លៀកបំពាក់ ស្លាកសញ្ញាល្បីៗ ទាំងអស់តែងរង់ចាំស្តាប់មតិ និងការវាយតម្លៃរបស់អ្នកស្រី។ ការងាររបស់អ្នកស្រី រឹតតែមានភាពគួរឲ្យចាប់អារម្មណ៍ និងចំណុច លេចធ្លោជាច្រើន រហូតដល់មានការនិពន្ធរឿង និងថតជាខ្សែភាពយន្តដោយ ផ្អែកលើបុគ្គលិកលក្ខណៈរបស់អ្នកស្រី គឺរឿង “Devil wear Prada” ទោះជាស្ថិតក្នុងការប្រកួតប្រជែងជាមួយបច្ចេកវិទ្យាដែលចូលជំនួសការបោះពុម្ភជាក្រដាសក៏ដោយ ក៏ទស្សនាវដ្តី Vogue នៅតែមានឈ្មោះបោះសម្លេង ហើយបានបន្ថែមទីផ្សារទៅលើទស្សនាវដ្តីអេឡិកត្រូនិកផងដែរ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ប្រចាំរបស់ ទស្សនាវដ្តីមួយនេះ ដែលជាគំនិតផ្តួចផ្តើមផ្ទាល់របស់អ្នកស្រី អាណា គឺ Met Gala ក៏តែងតែប្រព្រឹត្តឡើង និងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់អ្នកសិល្បៈ ក្រុមហ៊ុនល្បីៗថ្នាក់ពិភពលោក។
តារាល្បីៗក្នុងពិធីជប់លៀង Met Gala




Fashion’s Event and Show
Met Gala