ស្រាវជ្រាវ, រៀបរៀង និងប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ
ការនិយាយ ឬ សិក្សាពីសុខភាពផ្លូវចិត្ត ឬ ពាក្យថា បញ្ហាសុខភាពផ្លូវចិត្ត មិនមែនបានន័យថា “កើតរោគចិត្ត ឬ សរសៃប្រសាទ” នោះទេ។ សុខភាពផ្លវចិត្ត ក៏ប្រៀបដូចជាសុខភាពផ្លូវកាយ គឺវាមានជាផ្នែក និងសណ្ឋានរបស់់វា។ សម្រាប់សុខភាពផ្លូវកាយ យើង ឈឺចំនុចណា ឬ មានជំងឺនៅចំណុចណា មិនមែនបានន័យថា យើងមាន “ពិការភាព” នោះទេ។ ហេតុដូចនេះ សូមកុំមានការ ខ្មាស់អៀន ឬ បន្ទោសបង្អាប់ ឬ ចំអកឲ្យអ្នកដែលគេប្រាប់ថា គេមានបញ្ហាផ្លូវចិត្ត ឬ សុខភាពផ្លូវចិត្តគេមិនរឹងមាំ។ ពេលខ្លះ នៅពេល ដែលយើងមិនមានការស្វែងយល់ពី បញ្ហាសុខភាពផ្លូវចិត្តនេះឲ្យបាន ច្បាស់លាស់ ប្រហែលយើងអាចក្លាយជាអ្នកបង្ករគ្រោះថ្នាក់ ឬ ឃាតករដោយប្រយោល។ វាប្រៀបដូចជា ការដែល យើងលក់ផលិតផលសុខភាព ឬ ចំណីអាហារដែលមានផ្ទុកគីមីដែលគ្រោះថ្នាក់ទៅមហាជន យើងគិតថា វាមិនអីនោះទេ គេលក់គ្រប់គ្នា អ្នកទិញមានសិទ្ធជ្រើសរើសទិញឬមិនទិញ តែបើគិតឲ្យស៊៊ីជម្រៅ យើងជាចំណែក មួយដែលជួយជំរុញ ទាំងការផលិត និងការប្រើប្រាស់ គេអាចហៅបានថា “អាជីវកម្មដែលខ្វះទំនួលខុសត្រូវចំពោះសង្គម” “អាជីវករដែលខ្វះ គុណធម៌”។ ដូចនេះ សម្រាប់សុខភាពផ្លូវចិត្តក៏ ដូចគ្នាដែរ យើងអាចក្លាយជា អ្នកដែលបំបាក់ទឹកចិត្ត ឬ បំផ្លាញទឹក ចិត្តអ្នកណាម្នាក់ដោយមិនដឹងខ្លួន រួមទាំងខ្លួនយើងផ្ទាល់ ដោយសារសម្តី និងទង្វើរដែលខ្វះពិចារណា ឬ មិនបានយក ចិត្តទុកដាក់។ ហើយក៏កុំគិតថា “សុខភាពផ្លូវចិត្ត-បញ្ហាផ្លូវចិត្ត-កម្លាំងចិត្ត” មិនមានសារសំខាន់ក្នុងការងារ ឬ ជីវភាពប្រចាំ ថ្ងៃឲ្យសោះ ឃ្លាខ្មែរយើង ក៏តែងនិយាយដែរថា “ចិត្តមិនចង់ បង់មិនប្រៃ” បានន័យថា បើចិត្តយើងមិនចង់ធ្វើអ្វីមួយ ហើយនោះ ទោះនិយាយបែបណា ក៏យើងនឹងមិនធ្វើដែរ ទោះបីជាធ្វើក៏លទ្ធផលមិនបានល្អ ឬ គាប់ចិត្តដែរ។ ហេតុដូចនេះ យើងប្រហែលជាដឹងហើយថា ចិត្តគឺសំខាន់យ៉ាងណា។ យើងតែងគិតពី រឿង “សប្បាយចិត្ត ឬ មិនសប្បាយចិត្ត” “ចូលចិត្ត ឬ មិនចូលចិត្ត” ដូចនេះ ហេតុអី យើងនឹងមិនអាចខ្វល់ថា ចិត្តរបស់យើងនឹងមានសុខភាពល្អ ឬ ក៏អត់នោះ។ ចិត្ត មិនមែនមានត្រឹមតែ “សប្បាយ ឬ មិនសប្បាយ” នោះទេ គឺអាចមាន “រឹងមាំ ឬ មិនរឹងមាំ”“ប្រក្រតី ឬ មិនប្រក្រតី” “សម្ពាធ ឬមិនមានសម្ពាធ”...គឺដូចសុខភាពផ្លូវកាយដែរ។ ហើយទាំងពីរនេះ គឺពាក់ព័ន្ធគ្នា សុខភាពផ្លូវកាយ ល្អ ទើបអាចនាំឲ្យសុខភាពផ្លូវចិត្តល្អ , សុខភាពផ្លូវចិត្តល្អ ទើបអាចធ្វើឲ្យសុខភាពផ្លូវកាយល្អ ដូចគ្នា។ ប៉ុន្តែ អ្នកដែលយើង មើលទៅមានកម្លាំងខ្លាំងក្លា មិនប្រាកដថា គេមានកម្លាំងចិត្ត ឬ សុខភាពផ្លូវចិត្តមាំមួនដែរនោះទេ។ សុខភាពផ្លូវចិត្ត អាចជះឥទ្ធិពលទៅលើការគិត, អារម្មណ៍ និងសកម្មភាពរបស់មនុស្ស។ សុខភាពផ្លូវចិត្តគឺសំខាន់គ្រប់ ដំណាក់កាលនៃ ជីវិតមនុស្ស តាំងពីកុមារភាព, វ័យជំទង់ រហូតដល់ពេញវ័យ។
នៅពេលដែលស្ថានភាពផ្លូវចិត្តមានភាពមិនប្រក្រតី វាអាចធ្វើឲ្យរំខានដល់ជីវភាពប្រចាំថ្ងៃ, ទំនាក់ទំនងក្នុងគ្រួសារ-សង្គម, ការងារ, ការសិក្សា និងមជ្ឈដ្ឋានសំខាន់ផ្សេងៗ។ នៅពេលដែលមានសុខភាពផ្លូវចិត្តចុះខ្សោយ, ជួបវិបត្តិដែល ប៉ះទង្គិចផ្លូវចិត្តខ្លាំង ឬ រ៉ាំរ៉ៃ, នៅពេលដែលមានការបារម្ភ និងតប់ប្រមល់ឥតល្ហែរ, នៅពេលដែលបាត់បង់ទឹកចិត្ត កម្លាំងចិត្ត...បញ្ហាជាច្រើនអាចបណ្តាលឲ្យមានជំងឺផ្លូវចិត្ត។ ជំងឺផ្លូវចិត្ត ជាជំងឺវេជ្ជសាស្ត្រ មិនមែនជាជំងឺកើតឡើងដោយ សារអរូបីនោះឡើយ (ខ្មោច, ព្រាយបិសាច, ខ្មោចចូលសណ្ឋិត…)។ បើនិយាយពី “វេជ្ជសាស្ត្រ” យើងនឹងអាចនឹក ឃើញពាក្យថា “ចិត្តវិទ្យា” (Phychology ការសិក្សាទៅលើចិត្ត គំនិត និងឥរិយាបថមនុស្ស បែបវិទ្យាសាស្ត្រ)។
នៅដើមស.វ ទី ១៩ ចិត្តវិទ្យាបានរកឃើញមាគា៌វិទ្យាសាស្ត្រមួយបែប ដែលសិក្សាជំងឺ ខួរក្បាលតាមការសន្និដ្ឋានរកមូល ហេតុនៃជំងឺនៅក្នុងប្រភពបរិយាកាសសង្គម ឬ មជ្ឈដ្ឋានដែលអ្នកជំងឺរស់នៅ។ សព្វថ្ងៃនេះ កាលណាគេនិយាយអំពី “ចិត្ត វិទ្យា” គេច្រើនតែនិយាយអំពីការពិចារណា តាមបែបវេជ្ជសាស្ត្រ ព្រោះ វេជ្ជសាស្ត្រ ជាវិទ្យាសាស្ត្រអនុវត្ត មួយបែប ស្ថិតនៅស្និទ្ធជាមួយនឹង ជីវសាស្ត្រ (Biology)ដែលជាមូលដ្ឋាននៃចិត្តវិទ្យាមួយយ៉ាងសំខាន់បំផុត។ ប៉ុន្តែការសិក្សា និងការស្រាវជ្រាវចិត្តវិទ្យា ពុំអាចមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ ហើយប្រាកដនិយមទេ ប្រសិនបើគេពុំសិក្សា ឲ្យបានជ្រៅជ្រះអំពីបរិយាកាសរបស់សង្គមដែលមនុស្សរស់នៅ។ ប្រភពនៃជំងឺខួរក្បាលទាំងឡាយ(ភាគច្រើន) គឺបរិយា កាសសង្គមនេះតែម្តង។ (ដកស្រង់ពីសៀវភៅ “ក្បួនចិត្តសាស្ត្រ” របស់លោក វ៉ាន់ ឌីកាអុន)(អានទៅអានមក ប្រហែលជាអាចវង្វេង ព្រោះការសិក្សា ស្រាវជ្រាវបែបវិទ្យាសាស្ត្រ មិនបញ្ចប់ ឬ បញ្ឈប់ត្រង់ណាមួយនោះទេ, មិនមានទ្រឹស្តីណាត្រូវឥតខ្ចោះ គ្រប់ស្ថានការណ៍ នោះទេ, ការស្រាវជ្រាវគឺស្រាវជ្រាវលើរបកគំហើញ ឬ ទ្រឹស្តីចាស់ ដើម្បីអាចរកអ្វីដែលថ្មី ឬ ដើមហេតុ ដែលអាចរក ចម្លើយលើចំណោទណាមួយបន្ថែមទៀត…)។
បញ្ហា ឬ ជំងឺដែលបង្ករដោយសារសុខភាពផ្លូវចិត្តចុះខ្សោយ គឺមានច្រើនមុខខ្លាំងណាស់ វាអាចបណ្តាល ឲ្យប៉ះពាល់ សុខភាពផ្លូវកាយ ខូចប្រព័ន្ធណាមួយក្នុងរាងកាយ, បង្កជាបញ្ហា ឬ វិបត្តិក្នុងសង្គម...។ សុខភាពផ្លូវកាយដែលបណ្តាល មកពីវិបត្តិផ្លូវចិត្តរ៉ាំរ៉ៃមានដូចជា ទឹកនោមផ្អែម, ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល (ស្ត្រូក) ជាមួយគ្នានេះដែរ ជំងឺផ្លូវកាយរ៉ាំរ៉ៃក៏អាចបណ្តាលឲ្យមានជំងឺផ្លូវចិត្តវិញដែរ។ ព្រោះផ្លូវកាយ និងផ្លូវចិត្ត របស់មនុស្សគឺមានទំនាក់ទំនង និងពឹងផ្អែកលើគ្នាទៅវិញទៅមក មិនអាចកាត់ផ្តាច់ពីគ្នាបានទេ។ ដូចនេះ ដែលហៅថា មនុស្សដែលមានសុខភាល្អ គឺត្រូវរឹងមាំ ទាំងកាយ ទាំងចិត្ត។
បញ្ហា ឬ ជំងឺផ្លូវចិត្តសំខាន់ៗមួយចំនួន
- ជំងឺបាក់ទឹកចិត្ត Depression
- សោកសៅ
- បំបាត់ភាពរីករាយ ឬ ចំណូលចិត្តលើរឿងផ្សេងៗ
- យល់ថាខ្លួនឯងគ្មានតម្លៃ
- គេងមិនលក់
- មិនឃ្លាន
- ហត់នឿយ
- គ្មានសមាធិ ឬ ការផ្ចង់អារម្មណ៍
- Bipolar Disorder (ស្មារតីមិនប្រក្រតី មិននឹងនរ)
- ស្ថានភាពផ្លូវចិត្តធ្ងន់ធ្ងរ ដែលបណ្តាលឲ្យអ្នកជំងឺប្រែប្រួលអារម្មណ៍យ៉ាងខ្លាំង
- ពិបាកក្នុងការទប់អារម្មណ៍ ឧ៖ សប្បាយ ឬ រំភើប គឺ អស់ថាមពលពីខ្លួន ហើយក៏ប្រែជាពិបាកចិត្តខ្លាំង ភ្លាមដែរ។
- បញ្ចេញសកម្មភាពហួសហេតុ, និយាយញាប់ ឬ ត្រដិត
- ជំងឺបាក់ស្បាត (PTSD)
- មានអារម្មណ៍ថារឿងហេតុអាក្រក់នឹងកើតឡើងទៀត
- សុបិន្តអាក្រក់ញឹកញាប់ឃើញទាក់ទងព្រឹត្តិការណ៍ដែលគួរឲ្យខ្លាច
- នឹកមិនឃើញព្រឹត្តិការណ៍
- មិនអាចជឿខ្លួនឯង ឬ អ្នកដទៃ
- មានការភ្ញាក់ផ្អើលខ្លាំងពេលឮសម្លេងប៉ះទង្គិចបន្តិចបន្តួច
- មានការប្រុងប្រយ័ត្នជ្រុល
- មួម៉ៅ និងឆាប់ខឹងដោយគ្មានមូលហេតុ
- មានវិបត្តិដំណេក
- ជំងឺវិកលចរិត Schizophrenia
- ប៉ះពាល់ដល់ការគិត
- មិនអាចបែងចែកបានថាអ្វីជាការពិត ឬ មិនពិត
- ឥរិយាបថ, អារម្មណ៍ និងកាយវិការមិនប្រក្រតី
- តែងតែមានអារម្មណ៍ថា ឃើញ ឬ ឮ របស់ផ្សេងៗ ដោយជាក់ស្តែងមិនមាននោះទេ
- បញ្ហាផ្សេងៗទៀតដូចជា
- ធ្វើរឿងដដែល និយាយដដែល
- ភ្លេចភ្លាំងភ្លាមៗ
នៅមានជំងឺ និងបញ្ហាផ្លូវចិត្តច្រើនទៀតដូចជា ក្លាយជាមនុស្សមានចរិតច្រើន, មមើរមមាយ, រហូតបណ្តាលឲ្យមាន ការប៉ះពាល់ដល់អាយុជីវិត។
កត្តាដែលបណ្តាលឲ្យមានបញ្ហាផ្លូវចិត្ត
- បទពិសោធន៍ជីវិត៖ ភាពតក់ស្លុត និងការប៉ះទង្គិចផ្លូវចិត្ត ធ្លាប់ជួបរឿងរំលោភបំពាន ជួនកាលកើតឡើងលើ ខ្លួនឯងផ្ទាល់ និងបានឃើញផ្ទាល់ ឧទាហរណ៍ ការបំពានផ្លូវភេទ, អំពើហឹង្សា, ការគាបសង្កត់
- អំពើហឹង្សា៖
- ផ្លូវភេទ
- ផ្លូវកាយ
- ពាក្យសម្តី
- ការនិយាយបំបាក់ទឹកចិត្ត
- ផ្នែកសេដ្ឋកិច្ច និងបំបិទសេរីភាព
- មានជំងឺធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ
- តំណពូជ និងបញ្ហាខួរក្បាល
- ការសេពគ្រឿងស្រវឹង ឬ ថ្នាំញៀន
- មានអារម្មណ៍ឯកា
- ការកើតសេចក្តីច្រណែន ប្រច័ណ្ឌហួងហែងជ្រុល៖
- ដោយការគិតថា ខ្លួនឯងគឺល្អជាងគេ សមនឹងទទួលបាន របស់នេះ របស់នោះ ឬ ចង់បានអ្វីឲ្យដូចចិត្ត មិនព្រមទទួលស្គាល់ការពិត ចង់ឲ្យគ្រប់យ៉ាងស្ថិតជាកម្មសិទ្ធខ្លួន។
- អារម្មណ៍អសន្តិសុខគិតថានឹងបាត់បង់អ្វីមួយ ឬ ប្រៀបធៀបទាំងអស់សង្ឃឹមថា ខ្លួនមិនអាចល្អដូចគេបាន
- មានអារម្មណ៍មានគេតែងគិតមិនល្អ ឬ ចង់ធ្វើបាបខ្លួនឯង
- មានចេតនាអាក្រក់ទៅនឹងបំណងរបស់អ្នកដទៃ
- មានអារម្មណ៍ថាខ្លួនឯងជាជនរងគ្រោះ និងត្រូវបានធ្វើទុក្ខបុកម្នេញ
- មានអារម្មណ៍ថាត្រូវបានបដិសេធ
- ចូលចិត្តបន្ទោសដល់អ្នកដៃជាងដឹងអំពីគុណវិបត្តិ ឬ កំហុសខ្លួន
- ជាញឹកញាប់ពួកគេច្រណែន និងចាប់យកវិធីគុំកួនស្ងាត់លាក់កំបាំង
ការការពារ ឬ ព្យាបាល
ជាដំបូងត្រូវតាមដាន និងចាប់អារម្មណ៍លើអារម្មណ៍, ការគិត និងឥរិយាបថរបស់ខ្លួន។ ហើយត្រូវធ្វើការវាយតម្លៃ និងទទួលស្គាល់ការពិត។ បើយើងដឹងថាយើងមានបញ្ហាមែន ទើបយើងអាចរកវិធីព្យាបាលបាន ប៉ុន្តែបើយើងមិន ទទួលស្គាល់ថា យើងមានបញ្ហានោះទេ វានឹងមិនអាចព្យាបាល ឬ ជាសះស្បើយដោយឯកឯងនោះទេ។
ការព្យាបាលមានទាំងការព្យាបាលតាមបែបវេជ្ជសាស្ត្រ ដោយពិភាក្សាជាមួយអ្នកជំនាញ ការប្រើប្រាស់ថ្នាំព្យាបាល និងការរៀបចំទម្លាប់ការរស់នៅឲ្យប្រសើរ។ ការហាត់ពុតការគិត និងអារម្មណ៍ដោយប្រើវិធីសមាធិត្រឹមត្រូវជាដើម។