Updated: 28 February 2022

អត្ថប្រយោជន៍ផ្លែឈើក្នុងស្រុក

អត្ថប្រយោជន៍ផ្លែឈើក្នុងស្រុក

ផ្លែឈើទាំងអស់សុទ្ធសឹងតែផ្តល់ប្រយោជន៍ចំពោះសុខភាព ហេតុដូចនេះ ផ្លែឈើនៅតំបន់ត្រូពិកក៏ដូចគ្នាដែរ។ តើផ្លែឈើតំបន់ត្រូពិកមានអ្វីខ្លះ? ផ្លែឈើទាំងនោះភាគច្រើនគឺអាចដាំបាននៅតំបន់ដែលមានអាកាសធាតុក្តៅហើយសើម។ ប្រទេសកម្ពុជា ក៏ជាប្រទេសដែលមានអាកាសធាតុក្តៅហើយសើមដែរ។ ហេតុនេះ ផ្លែឈើទាំងនោះគឺពិតជាងាយរកបាននៅក្នុងស្រុកយើងតែម្តង។ តើអ្នកទាំងអស់គ្នាដឹងទេថាផ្លែឈើទាំងនោះមានអ្វីខ្លះ ហើយមានអត្ថប្រយោជន៍អ្វីខ្លះ? បន្ទាប់ពីអ្នកអានអត្ថបទនេះ ហើយសង្ឃឹមថា អ្នកមិនមើលរំលងផ្លែឈើក្នុងស្រុកទាំងនោះទៀតទេ។ 

ល្ហុង

ល្ហុងទុំ គឺជាផ្លែឈើពេញនិយមបន្ទាប់ពីទទួលអាហារនៅអាស៊ី ដោយសារតែវាជួយក្នុងការរំលាយអាហារ។ ផ្លែឈើពណ៌ទឹកក្រូចស្រស់មួយនេះ គឺសម្បូរទៅដោយ ជាតិកាកសរសៃ, វីតាមីនប្រឆាំងអុកស៊ីដកម្ម និង ការ៉ូទីន។ 

ចេក

ផ្លែឈើសាមញ្ញ នេះ គឺផ្ទុកទៅសារធាតុចិញ្ចឹមជាច្រើន ជាមួយនឹងវីតាមីន A, B, C និងប៉ូតាស្យូម។ ជាមួយគ្នានេះដែរ ចេកផ្ទុកទៅដោយ អាស៊ីតអាមីណូ ទ្រីតូផាន ដែលវាអាចជួយកាត់បន្ថយជំងឺស្ត្រេស។

ម្នាស់

ផ្លែម្នាស់ស្រស់ មិនត្រឹមតែជាអាហារសម្រន់ដែលសម្បូរទៅដោយវីតាមីន C នោះទេ ប៉ុន្តែវាជាជំនួយការដ៏ល្អក្នុងការរំលាយអាហារ ដោយសារតែវាមានផ្ទុក ប្រតេអ៊ីនជំនួយអង់ហ្ស៊ីមរំលាយអាហារ ដែលគេហៅថា ប្រូមីលែន។ 

ខ្នុរ

ផ្លែខ្នុរ មានផ្ទុកទៅដោយសារធាតុបំប៉នជាច្រើន ដូចជា វីតាមីន C, A, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, កាល់ស្យូម។ 

ស្វាយ

ផ្លែស្វាយទុំ សម្បូរទៅវីតាមីន C, A ជាពិសេសមានសារធាតុ ប្រឆាំងអុកស៊ីដកម្មដើម្បីប្រយុទ្ធនឹងជំងឺមហារីក។

អាវ៉ូកាដូ

សម្បូរដោយខ្លាញ់ល្អ ហើយជាបណ្តុំនៃ ប៉ូតាស្យូម, វីតាមីន C, E, B, ក៏ដូចជា អូមេហ្គា ៣។ អូមេហ្គា ៣ គឺជាប្រភេទខ្លាញ់អាស៊ីត ដែលជាសារធាតុចិញ្ចឹមពោរពេញដោយថាមពល អាចចៀសវាងពីជំងឺបេះដូង, កាត់បន្ថយ ការរលាក និងជាតិខ្លាញ់ក្នុងសរសៃឈាម។

ដូង

ផ្លែដូង អាចចាត់ទុកជាកំពូលផ្លែឈើមួយ។ ទឹកដូង គឺប្រភពដ៏អស្ចារ្យនៃ អេឡិកត្រូលីត និងល្អសម្រាប់ការរក្សាជាតិក្នុងខ្លួន។ សាច់ដូងមានជាតិវីតាមីនជាច្រើន ព្រមជាមួយ ជាតិរ៉ែ, ជាតិសរសៃ និងសារធាតុប្រឆាំងនឹងអុកស៊ីដកម្ម។ អ្វីដែលសំខាន់ជាងនេះទៀតនោះ សារធាតុខ្លាញ់ក្នុងសាច់ដូង គឺសម្បូរដោយអាស៊ីតខ្លាញ់ដែលអាចការពារការរលាក និងកាត់បន្ថយគ្រោះថ្នាក់ដោយសារជំងឺបេះដូង។

ផ្លែស្ពឺ

ផ្លែឈើម្យ៉ាងដែលមានរាងគួរឲ្យចាប់អារម្មណ៍នេះ គឺសម្បូរទៅដោយវីតាមីនC, Phytonutrients, ជាតិសរសៃ, វីតាមីន B-complex រួមបន្ថែខ្លះជាមួយ ប៉ូតាស្យូម, ផូស្វ័រ, ជាតិស័ង្កសី និងជាតិដែក។

 ខ្វិត

 ផ្លែខ្វិតគឺជាប្រភពដ៏ល្អបំផុតនៃ បេតា-ការ៉ូទីន ដែលអាចបម្លែងទៅជាវីតាមីន អេ ក្នុងរាងកាយដើម្បីជួយបន្ថែមភាពស្រស់ស្អាតនៃពណ៌សម្បុរស្បែក និងការពារការចុះខ្សោយផ្នែកចក្ខុវិញ្ញាណ។ ហើយក៏ជាផ្លែឈើដែលជាប្រភពនៃ វីតាមីនបេ-២ រីបូហ្ល្វាវីន, កាល់ស្យូម, ជាតិដែក, ផូស្វ័រ, និងមានវីតាមីនស៊ី ខ្លះផង។ ក្នុងប្រព័ន្ធសុខាភិបាលឥណ្ឌា ជឿថា ផ្លែខ្វិតអាចជួយក្នុងការរំលាយអាហារ ហើយក៏អាចជួយសម្អាត ថ្លើម និងក្រលៀនបានទៀតផង។

ល្មុត

ជាប្រភេទផ្លែឈើដែលមានកាឡូរីខ្ពស់ និងជាតិខ្លាញ់ទាប ហើយមិនមានកូឡេស្តេរ៉ូលទេ វាអាចជួយទ្រទ្រង់រាងកាយឲ្យសកម្ម ជាមួយការប្រើជីវិតប្រចាំថ្ងៃប្រកបដោយសុខភាពល្អ។ វាអាចជួយសម្អាតចលនាបញ្ចេញកាកសំណល់អាហារដោយសារតែវាផ្ទុកជាតិកាកសរសៃខ្ពស់ ហើយក៏អាចជួយការពារប្រព័ន្ធរំលាយអាហារដែរ ដូចជា ទប់ស្កាត់ការរាគរូស, ឆ្អល់ចុងដង្ហើម និងការរលាកផ្សេងៗដែលបណ្តាលពីអាហារ។ វីតាមីននៅក្នុងផ្លែល្មុតក៏អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពាររោគផ្តាសាយទូទៅ, វាក៏មានផ្ទុកវីតាមីនAដែលអាចជំនួយដល់ភ្នែក, ជួយពន្យារភាពចាស់, ជំនួយសុខភាពស្បែក, ការពារសម្ពាធឈាម និងជួយដល់សុខភាពបេះដូងផងដែរ។ សារធាតុចិញ្ចឹមនៅក្នុងផ្លែល្មុតមានដូចជា វីតាមីនស៊ី, វីតាមីនអេ, វីតាមីន បេ-៣, វីតាមីនបេ-២ រីបូហ្ល្វាវីន, អា​ស៊ីដអាមីណូ ​ធីអាមីន​ (Thiamine)​, ការបូហ៊ីដ្រាត, ជាតិដែក, ទង់ដែង, កាល់ស្យូម, ម៉ង់កាណែស, ផូស្វ័រ, ស៊ីលីន្យូម និងស័ង្កសី។

ជម្ពូ

  ផ្លែជម្ពូ សម្បូរទៅដោយសារធាតុបំប៉នជាច្រើនដូចជា ប្រូតេអ៊ីន, ជាតិសរសៃ, កាល់ស្យូម, ជាតិដែក, វីតាមីន អេ និង ស៊ី។ ផ្លែឈើផ្អែមស្រួយមួយនេះ មានផលប្រយោជន៍ដល់សុខភាពជាច្រើនដូចជា ការរំលាយអាហារ, រក្សាទម្ងន់, ជួយបន្ទាបកម្រិតជាតិស្ករដែលអាចមានប្រយោជន៍ដល់ការការពារជម្ងឺទឹកនោមផ្អែម, សម្អាតជាតិពុលថ្លើម និងក្រលៀន, ជួយប្រព័ន្ធភាពស៊ាំ, ជំនួយសុខភាពស្បែក និងអាចការពារជម្ងឺមហារីកផងដែរ។

ត្របែក

ផ្លែឈើត្រូពិកមួយនេះ ក៏មានប្រយោជន៍ខ្លាំងចំពោះសុខភាពដែរ។ វាមានសារជាតិប្រឆាំអុកស៊ីតដកម្ម និងសារធាតុចិញ្ចឹមផ្សេងៗទៀតដូចជា វីតាមីនស៊ី និងលីកូពីន។ វាជាប្រភពនៃជាតិកាកសរសៃ។ ផ្លែត្របែកជួយគ្រប់គ្រងរោគទឹកនោមផ្អែម,​     ការពារបេះដូង, និងជួយពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារ។ វីតាមីន និងសារជាតិចិញ្ចឹមដ៏ច្រើននៅក្នុងផ្លែត្របែក បានផ្តល់ជាប្រយោជន៍ដល់សុខភាពជាច្រើន ដូចជាកាត់បន្ថយការជ្រីវជ្រួញនៃស្បែក, ពន្យារភាពចាស់, វីតាមីនអា ជំនួយភ្នែក, វីតាមីន បេ-៣ និង បេ-៦ ជួយប្រព័ន្ធប្រាសាទ និងកាត់បន្ថយភាពតានតឹង ហើយជាពិសេសគឺល្អសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។

ប៉ិគក់

ប៉ិគក់គឺជាប្រភពនៃដ៏ល្អនៃវីតាមីន ស៊ី, ហើយវីតាមីនស៊ី គឺជា អង្គធាតុប្រឆាំងអុកស៊ីដកម្មដ៏ល្អមួយ បានន័យថា វាអាចជាកាត់បន្ថយភាពតានតឹងនៅក្នុងខ្លួនដែលបង្ករដោយអុកស៊ីតកម្មបាន។ ហើយភាពតានតឹងដោយអុកស៊ីតកម្មនោះ អាចធ្វើឲ្យមនុស្សឆាប់ចាស់ និងអាចបង្កឲ្យមានជំងឺជាច្រើនផ្សេងទៀតដូចជា មហារីក, ជំងឺសរសៃឈាម និងទឹកនោមផ្អែម។ ផ្លែប៉ិគក់មានជាតិស្ករ និងកាឡូរីទាប ហើយជាតិខ្លាញ់គឺទាបខ្លាំង ប៉ុន្តែមានជាតិកាកសរសៃខ្ពស់ ជាមួយនិង វីតាមីនសំខាន់ៗ និងសារជាតិរ៉ែជាច្រើន។

ស្រកានាគ

ផ្លែឈើដែលមានរូបរាងគួរឲ្យចាប់អារម្មណ៍នេះ គឺជាប្រភពនៃជាតិសរសៃដ៏ល្អបំផុត។ ជាតិកាកសរសៃអាចមានប្រយោជន៍ ចំពោះសុខភាព ក្រពះពោះវៀន និងសរសៃឈាមបេះដូង។ វាក៏អាចជួយដល់អ្នកដែលចង់សម្រកទម្ងន់ផងដែ។ សារជាតិរ៉ែ និងវីតាមីនជាច្រើនដែលមាននៅក្នុងផ្លែស្រកានាគ ដូចជា ការ៉ូតេនីដ អាចជួយកាត់បន្ថយការប្រឈមនឹងមហារីក, លីកូនពីន ពង្រឹងសុខភាពបេះដូង, ម៉ាញ៉េស្យូម សំខាន់សម្រាប់មុខងារកោសិកា, ជាតិដែក មានប្រយោជន៍ក្នុងការជំនួយថាមពល និងសុខភាពឈាម, វីតាមីនស៊ី ជួយពង្រឹងប្រព័ន្ធភាពស៊ាំ។

ផ្លែទៀប

ផ្លែឈើដែលមានរសជាតិផ្អែមមុត មួយនេះមានសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដល់សុខភាពជាច្រើនដែរ។ វីតាមីនស៊ី, ហ្លេវូណូអ៊ីដ និង ហ្វេណូលីក ដែលជួយក្នុងការប្រឆាំងអុកស៊ីតកម្ម ដែលបង្ករឲ្យរាងកាយមានភាពតានតឹង។ វីតាមីន ខេ នៅក្នុងផ្លែទៀបគឺល្អសម្រាប់ឆ្អឹង។ ជាតិម៉ាញ៉េស្យូម អាចជួយសម្រួលចង្វាក់បេះដូង និងអាចកាត់បន្ថយគ្រោះថ្នាក់ដែលកើតឡើងដោយជំងឺបេះដូង។ ជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីក, ល្អចំពោះកោសិកាឈាមក្រហម និងសុខភាពស្បែក។

ទៀបបារាំង

ខុសពីផ្លែទៀប គឺទៀបបារាំង មានរសជាតិជូរអែមស្រស់។ ក្រៅពីរសជាតិឆ្ងាញ់ហើយ ទៀបបារាំងក៏មានសារធាតុចិញ្ចឹម និងប្រយោជន៍ចំពោះសុខភាពដែរ។  ជាប្រភេទផ្លែឈើដែលមានកាឡូរីទាប ប៉ុន្តែមានសារធាតុបំប៉នខ្ពស់ ដូចជា ជាតិកាកសរសៃ និងវីតាមីន ស៊ី។ ក៏មានសារធាតុចិញ្ចឹមផ្សេងៗផងដែរដូចជា ប៉ូតាស្យូម, ម៉ាញ៉េស្យូម, វីតាមីន បេ១ ធីអាមីន​, វីតាមីនបេ-៣ នីអាស៊ីន, វីតាមីនបេ-២ រីបូហ្វ្លាវីន, និងជាតិដែក។ សារធាតុចិញ្ចឹមសំខាន់ៗទាំងនោះ ជាកម្លាំងប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្ម គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺយ៉ាងច្រើនរួមទាំង ជំងឺបេះដូង, មហារីក, និងទឹកនោមផ្អែម។

ពុទ្រា

ផ្លែតូចៗ រសជាតិជូរខ្លះ ផ្អែមខ្លះនេះ មានប្រយោជន៍ចំពោះសុខភាពគួរឲ្យចាប់អារម្មណ៍ដែរ។ វាអាចមានសមត្ថភាពព្យាបាលជំងឺមហារីក, បំប៉នសុខភាពស្បែក, សម្អាតឈាម, កាត់បន្ថយភាពតានតឹង, ជួយឲ្យគេងបានស្កប់ស្កល់, ពង្រឹងប្រព័ន្ធភាពស៊ាំ, ការពារថ្លើម, បន្ថយសម្ពាធឈាម, ជួយសម្រកទម្ងន់, ជំនួយឆ្អឹង, ជួយបញ្ចេញជាតិពុលពីក្នុងខ្លួន។ សារជាតិសំខាន់នៅក្នុងផ្លែពុទ្រា គឺ ជាតិសរសៃ និងវីតាមីនស៊ី។

ទទឹម

ផ្លែឈើមួយនេះ ត្រូវបានគេទទួលស្គាល់ថា មិនគុណប្រយោជន៍ល្អបំផុតចំពោះសុខភាព។ វាជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្ម, ប្រឆាំងជំងឺដែលបណ្តាលពីរីរុស, ប្រឆាំងនឹងដុំសាច់ដុះ។ ផ្លែទទឹមជាប្រភពនៃវីតាមីនជាច្រើនជាពិសេស វីតាមីន អេ, វីតាមីន ស៊ី និងវីតាមីន អឺ ក៏ដូចជា ហ្វូលីកអាស៊ីដដែរ ដែលមានតួនាទីការពារឲ្យជៀសផុតពីបញ្ហាជំងឺខួរឆ្អឹងខ្នង។ ញ៉ាំផ្លែទទឹម ឬ ផឹកទឹកទទឹមជាប្រចាំអាចជាជំនួយដល់ល្អដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ, ប្រយុទ្ធនឹងជំងឺទឹកនោមផ្អែមប្រភេទ២, រក្សាសម្ពាធឈាម,​ ជួយសម្រួលការរំលាយអាហារ, និងជួយឲ្យស្បែកស្រស់ថ្លា។

ក្រូចថ្លុង

ការញ៉ាំក្រូចថ្លុងជាប្រចាំគឺជួយសុខភាពបេះដូង ដោយកាត់បន្ថយកត្តាប្រឈមនឹងជំងឺបេះដូង ដូចជាសម្ពាធឈាមខ្ពស់ និងខ្លាញ់ក្នុងសរសៃឈាម។ អាស៊ីតស៊ីទ្រីក នៅក្នុងក្រូចថ្លុងអាចជួយកាត់បន្ថយ ការប្រមូលផ្តុំកាកសំណល់ក្នុងប្រព័ន្ធទឹកមូត្រចៀសវាងការបង្កក្លាយជាគ្រួសក្នុងតម្រងនោម។ រក្សាជាតិទឹកក្នុងរាងកាយ។ វីតាមីនស៊ី, បេតាការ៉ូទីន, លីកូពីន និងហ្វ្លាវ៉ាណូន សុទ្ធតែជាសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់។ សារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយការពារពីជម្ងឺបេះដូង, មហារីក, កាត់បន្ថយសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម។ 

ទុរេន

ប្រទេសខ្លះ ចាត់ទុកទុរេនជាស្តេចផ្លែឈើ តែអ្នកខ្លះទ្រាំនឹងក្លិនរបស់ផ្លែឈើនេះមិនបានទេ។ តែភាគច្រើននៅអាស៊ីអាគ្នេយ៍ចូលចិត្តផ្លែឈើនេះណាស់។ ជាមួយនឹងរសជាតិផ្អែមឆ្ងាញ់ ទុរេនក៏មានអត្ថប្រយោជន៍ច្រើនគួរសមដែរចំពោះសុខភាព។ អត្ថប្រយោជន៍ទាំងនេះ មានដូចជា បង្កើនថាមពលប្រព័ន្ធភាពស៊ាំ, ការពារពីឱកាសកើតមហារីក, ធ្វើឲ្យប្រសើឡើងដល់ប្រព័ន្ធរំលាយអាហារ, ពង្រឹងឆ្អឹង, ជំនួយគ្រាប់ឈាមក្រហម, ការពារការឆាប់ចាស់, បន្ទាបសម្ពាធឈាម, ការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង។ គុណប្រយោជន៍តូចៗផ្សេងទៀតមានដូចជា កាត់បន្ថយការរលាកសន្លាក់, ជំនួយសុខភាពក្រពេញទីរ៉ូអ៊ីដ, កាត់បន្ថយអាការៈឈឺក្បាល, កាត់បន្ថយរោគសញ្ញាបាក់ទឹកចិត្ត, ភាពនឿយហត់ និងស្រ្តេស។ គុណប្រយោជន៍ទាំងនេះបានមកដោយសារតែសារធាតុរ៉ែ និងវីតាមីនជាច្រើននៅក្នុងផ្លែទុរេន។ សារធាតុចិញ្ចឹមទាំងនោះមានដូចជា វីតាមីនស៊ី, អាស៊ីតហ្វូលីដ, វីតាមីន B1, B2, B3, B6 និងវីតាមីនA។ សារធាតុរ៉ែមានដូចជា ប៉ូតាស្យូម, ជាតិដែក, កាល់ស្យូម, ម៉ាញ៉េស្យូម, សូដ្យូម, ស័ង្កសី, ផូស្វ័រ ក៏មាននៅក្នុងទេរេនដែរ។ ជាមួយគ្នានេះដែរ ជាតិទឹក, ប្រតេអ៊ីន និងជាតិកាកសរសៃក៏មានដែរ។ 

រៀបរៀង​​ និងប្រែសម្រួលដោយ៖​ សូរីយ៉ាភ័ណ្ឌ