Charles Dickens (១៨១២-១៨៧០) អ្នកនិពន្ធ និងអ្នកវិភាគសង្គម ជនជាតិអង់គ្លេសដ៏មានឥទ្ធិពលម្នាក់ក្នុងស.វទី ១៩
យើងតែងនិយាយថា ការអានសៀវភៅគឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ក្នុងសង្គមនីមួយៗ។ តើអត្ថប្រយោជន៍នៃការអាននោះ មានអ្វីខ្លះ? តើគ្រប់ការអាន ឬ គ្រប់សៀវភៅសុទ្ធតែមានប្រយោជន៍មែនទេ? ចុះបើមនុស្សមួួយចំនួនតែងនិយាយថា “សៀវភៅដូចជាថ្នាំ ងងុយគេង” (ក៏ល្អម្យ៉ាងដែរតើ ប្រសើរជាងគេងមិនលក់ ហើយរឹតតែប្រសើរជាងការប្រើថ្នាំងុយគេងមែនទែនដែរ... តែវាក៏ជាការពិតម្យ៉ាងដែរ ព្រោះការអានសៀវភៅមុនពេលចូល គេងអាចជួយយើងឲ្យគេងលក់បានស្រួល)? តើយើងនឹងអាច ស្វែងរកផលប្រយោជន៍ពីការ អានសៀវភៅដែរឬទេ?
ការអាននឹងមិនគួរឲ្យធុញទ្រាន់ នៅពេលដែលការអានក្លាយទៅជាទម្លាប់ មូលហេតុដែលនាំឲ្យមានទម្លាប់នៃ ការអានរបស់ អ្នកដែលចូលចិត្តអានសៀវភៅនីមួយៗក៏មិនដូចគ្នាដែរ អ្នកខ្លះប្រែជាចូលចិត្តអាននៅពេលដែលត្រូវបាន នរណាម្នាក់ ឬ ឆ្លងកាត់ប្រព័ន្ធណាមួយតម្រូវឲ្យអាន រួចក៏បែរជាជក់ចិត្តហើយប្រកាន់ជាទម្លាប់របស់ខ្លួន, អ្នកខ្លះទៀត មានការចង់ចេះ ចង់ដឹងចង់ស្វែងយល់ដោយខ្លួនឯង ឬ ក៏ចង់រកវិធីដើម្បីកំសាន្ត ឬ សម្រាកពេលទំនេរ ក៏ចាប់យកការអាន ជាមធ្យោបាយ រួចក៏ក្លាយជាទម្លាប់់, អ្នកខ្លះទៀតមានទម្លាប់អានពីពេលណាក៏មិនដឹងដោយមិនដឹងខ្លួន តែអាចនិយាយថា ដោយសារតែ អាណាព្យាបាល ជាពិសេសគឺឪពុកម្តាយរបស់ពួកគេជាអ្នកបង្កើតទម្លាប់នេះតាំងពីពួកគេមិនទាន់ដឹងក្តី មកម៉្លេះ។
ជាការពិត ការអានដែលទាក់ទងនឹងការស្រាវជ្រាវ ឬ ចំណេះដឹងណាមួយ នឹងផ្តល់ប្រយោជន៍ ជាចំណេះដឹងទាក់ទងនឹងប្រធានបទនោះ។ ជាការងាយយល់នោះទេ ឧទាហរណ៍ថា បើយើងអានសៀវភៅប្រវត្តិសាស្ត្រ យើងនឹងអាចមានចំណេះដឹងអំពីប្រវត្តិសាស្ត្រ, អានសៀវភៅ ភូមិវិទ្យា យើងនឹងមានចំណេះដឹងទាក់ទងនឹងភូមិសាស្ត្រ។ ម្យ៉ាងវិញទៀត ជាទូទៅយើងតែស្វែងរកអានសៀវភៅដែលទាក់ទងនឹងជំនាញ ឬ មុខវិជ្ជាដែលខ្លួនកំពុងសិក្សា។ ដូចនេះ ចំពោះនិស្សិតដែលសិក្សាផ្នែកអក្សរសាស្ត្រប្រាកដជាត្រូវតែអានសៀវភៅទាក់ទងនឹងអក្សរសាស្ត្រហើយ ជាមួយគ្នានេះ សិក្សាទាក់់ទងនឹងស្នាដៃអក្សរសិល្ប៍ក៏មិនដែលរំលងក្នុងកម្មវិធីសិក្សាដែរ។ ព្រោះថា ស្នាដៃអក្សរសិល្ប៍ គឺជាឧទាហរណ៍ ដ៏ល្អបំផុតដើម្បីឲ្យអ្នកសិក្សាអាចសិក្សាស្វែងយល់ ធ្វើជាគំរូ និងធ្វើការវិភាគ ប្រៀបធៀបបាន។
សម្រាប់អ្នកសិក្សាអក្សរសាស្ត្រអង់គ្លេសនៅប្រទេសខ្មែរ ឬ អ្នកដែលចូលចិត្តអានសៀវភៅ តែងតែព្យាយាម ស្វែងរកសៀវភៅដែលល្បី និងដែលត្រូវនឹងចូលចិត្តរបស់ខ្លួន។ ដោយសារតែមូលហេតុចំនួន និស្សិតខ្មែរ ប្រហែលជាមិនសូវជាមានភាពងាយស្រួលក្នុងការស្វែងរកសៀវភៅអក្សរសាស្ត្រអង់គ្លេស ឬ សៀវភៅរឿងប្រលោមលោក ភាសាអង់គ្លេសប៉ុន្មានទេ។ មូលហេតុទាំងនោះមានដូចជា ចំនួនអ្នកអានមិនសូវច្រើន ដូចនេះការនាំចូលសៀវភៅ ក៏មានកម្រិតដែរ, តម្លៃសៀវភៅច្បាប់ដើមពីបរទេសសម្រាប់និស្សិត ឬ ប្រជាជនកម្ពុជាទូទៅអាចនៅជាបញ្ហាចោទ នៅឡើយ, ខ្វះប្រភពដើម្បីស្វែងរកនិងផ្តល់ការណែនាំ (ឩ.នៅប្រទេសជឿនលឿន ឬ ប៉ែកអឺរ៉ុប-អាមេរិក សាលារៀន ឬ សាកលវិទ្យាល័យតែងមានរៀបជាបញ្ជីសៀវភៅដើម្បីតម្រូវឲ្យសិស្ស-និស្សិតស្វែងរកដើម្បីអានសម្រាប់មុខវិជ្ជានីមួយៗជាពិសេសមុខវិជ្ជាអក្សរសាស្ត្រ)។ តែទោះជានៅកម្ពុជានៅមានរបាំងមួយចំនួនក្នុងការបណ្តុះវប្បធម៌អានសៀវភៅក៏មិនមែន បានន័យថា នៅប្រទេសខ្មែរមិនអាចរក សៀវភៅប្រលោមលោកភាសាអង់គ្លេសសោះនោះទេ ជាពិសេសក្នុងរយៈពេល ប៉ុន្មានឆ្នាំនេះ ការចាប់ផ្តើមបណ្តុះវប្បធម៌ នៃការអានដល់សង្គមខ្មែរមានការកើនឡើងជាងមុន, កំណើនទេសចរបរទេស និងជនបរទេសដែលធ្វើអន្តោប្រវេសន៍មករស់នៅ ឬ បំពេញការងាររយៈពេលវែង-ខ្លីនៅប្រទេសខ្មែរ, កំណើនបណ្ណាល័យ តាមសាកលវិទ្យាល័យរដ្ឋ-ឯកជន, កំណើនបណ្ណាគារ-ហាងសៀវភៅ (មានទាំងហាងសៀរភៅថ្មី និងហាងសៀវភៅចាស់ៗ ឬ ជជុះ)។ ដូចនេះ ផ្លូវពិតជាមានសម្រាប់អ្នកដែលដំណើរដែលព្យាយាមស្វែងរកគោលដៅ។ ហើយបើទោះជាមិនសម្បូរ បែបមានគ្រប់សព្វសៀវភៅ និងអ្នកនិពន្ធតែក៏មានសៀវភៅដែលល្បីៗ និងពេញនិយមលំដាប់ពិភពលោកដែរ។ សង្កេតឃើញថា សៀវភៅប្រលោមលោកអក្សរសិល្ប៍ដែលល្បីលំដាប់ពិភពលោកភាគច្រើនជាសៀវភៅប្រលោមលោក បុរាណ។
សៀវភៅអក្សរសិល្ប៍បែបប្រលោមលោកបុរាណអង់់គ្លេសគឺភាគច្រើនសំដៅលើសៀវភៅដែលមានអាយុកាលយូរ អង្វែងមួយ ហើយអាចនៅតែល្បីដល់បច្ចប្បន្ន (ភាគច្រើនគឺសៀវភៅដែលសរសេរ និង បោះពុម្ភចន្លោះ ស.វទី ១៧-១៨ និពន្ធដោយអ្នកនិពន្ធជនជាតិអង់គ្លេសក្នុងសម័យនោះ)។ សៀវភៅប្រលោមលោកបុរាណដែលមានការពេញនិយម និង ភាពល្បីល្បាញជាទូទៅតែងសរសេររំលេចនូវជីវភាពរស់នៅ, ស្ថានភាពសង្គម, ឥរិយាបថ និងគំនិតមនុស្សនាសម័យ នោះ ដែលអាចធ្វើឲ្យអ្នកអានប្រៀបដូចជាបាន ធ្វើដំណើរឆ្លងពេលវេលាទៅអតីតកាលដែរ ដោយសារថ្វីដៃនៃការសរសេរ រៀបរាប់ហាក់បង្ហាញទស្សនីយភាពនៅនឹងភ្នែកតែម្តង។ ការអានសៀវភៅបុរាណក៏អាចស្វែងយល់ពីវិធីប្រើពាក្យពេចន៍ និងភាសាទំនាក់ទំនងក្នុងជំនាន់នោះដែរ។ សង្កេតឃើញថា ភាសាទំនាក់ទំនងក្នុងប្រលោមលោកអង់គ្លេសបុរាណ គឺមានការគួរសមខ្លាំងណាស់ គ្រប់ពាក្យ គ្រប់ឃ្លាមានក្បាលមានកន្ទុយ លើកដាក់បន្ថែមពាក្យគួរសមក្នុងន័យសុជីវធម៌។ តែសម្រាប់ពាក្យខ្លះដែលទាក់ទងនឹងងារ ឬ ឋានៈសង្គម សម្រាប់អ្នកអាន ឬ និស្សិត បរទេសដូចជាខ្មែរយើងប្រហែលជា ត្រូវស្វែងយល់បន្ថែមពីអត្ថន័យ និងរបៀបប្រើប្រាស់ ហើយពាក្យខ្លះមិនមានបកជាភាសាខ្មែរនោះទេ។ តែវាហាក់ដូចជា កញ្ចក់ ឬ ទ្វារវេទមន្តនាំយើងទៅភពមួយទៀតដែរ។
សៀវភៅប្រលោមលោកបែបប្រតិដ្ឋរបស់អ្នកនិពន្ធជនជាតិអង់គ្លេសនាសម័យចន្លោះស.វ១៧-១៨ ដែលមានការ ពេញនិយមដល់បច្ចុប្បន្ន ហើយតែងឃើញនៅបណ្ណាល័យ និងហាងសៀវភៅនៅភ្នំពេញដែរនោះមានដូចជា៖
អ្នកនិពន្ធប្រលោកលោក Jane Austen (1775 - 1817)
ត្បិតសំណេររបស់គាត់ជាអក្សរសីល្ប៍សម័យបុរាណតែបានបង្ហាញពីផ្នត់គំនិតទាន់សម័យរបស់តួអង្គ។ រឿងរបស់គាត់ភាគច្រើនគឺ បង្ហាញពីភាពឆ្លាតវៃ និងភាព ក្លាហាន របស់តួឯកស្រី ដែលតែងមានការគិត ផ្ទាល់ខ្លួនដោយឯករាជ្យ, និងភាព ជឿជាក់លើខ្លួនឯង។ នាងតែងសរសេរអំពីបុគ្គលិកលក្ខណៈ ពិសេស លេចធ្លោ របស់តួឯកស្រី-ប្រុស ដែលមានគំនិត និងឥរិយាបថដែល ប្លែកពីតួអង្គផ្សេង និងអ្វីដែល មនុស្សក្នុងសម័យកាលនោះគួរគិត និយាយ និងធ្វើ។ មិនដឹងថា ពេលដែលគាត់កំពុងសរសេរ តើគាត់អាចប្រមើមើលមកអនាគត ឬ ក៏នោះជាអ្វី ដែល គាត់ចង់ បានសម្រាប់មនុស្សក្នុងសម័យនោះ ឬ គាត់គ្រាន់តែគិតថាវាជាការ ប្លែកអារម្មណ៍ បើសិន ជាតួអង្គក្នុងរឿងរបស់គាត់ មានការគិត និងនិយាយដែល ប្លែកពីបរិបទសង្គមដែលគាត់ កំពុងរស់នៅ។
រៀបរាងដោយ៖ សូរីយ៉ាភ័ណ្ឌ