ប្រាសាទវត្តឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិតាគម ឃុំពាមឯក ចំងាយ៧គីឡូម៉ែត្រ បែកចេញពីផ្លូវខេត្តលេខ១៥៦ ត្រង់ភូមិថ្កូវ ឃុំក្តុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមានចំងាយ៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តបាត់ដំបង។ ប្រាសាទនេះស្ថាបនាឡើងនៅសតវត្សទី១១ក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២ - ១០៥០) នាសម័យមហានគរ ដើម្បីឧទិ្ទសថ្វាយចំពោះអាទិទេពនៃព្រហ្មញ្ញសាសនា។ ប្រាសាទដ៏ចំណាស់នេះមានរាងបួនជ្រុង ធើ្វពីថ្មភក់បែរមុខទៅទិសខាងកើតសង់លើខឿនមួយមានពីរថ្នាក់ មានថែវព័ទ្ធជុំវិញតួប៉ម នៃប្រាសាទនិងកំពែងធ្វើពីថ្មបាយក្រៀម ហើយនៅទីនោះមានគូទឹកព័ទ្ធជុំវិញទៀតផង។
ស្ថានភាពបច្ចុប្បន្ន ប្រាសាទឯកភ្នំមានហានិភ័យខ្ពស់ដោយទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីកត្តាច្រើនយ៉ាងដូចជា៖
- កត្តាមនុស្ស៖ សង្គ្រាម, លួចជីកកកាយ, ដាប់បំផ្លាញរូបចម្លាប់យកថ្មចេញពីប្រាសាទទៅប្រើប្រាស់។
- កត្តាធម្មជាតិ៖ រុក្ខជាតិដុះ, សត្វកណ្តៀរពូន, ទឹកភ្លៀងហូរច្រោះដី, បំផ្លាញគ្រឹះប្រាសាទជាដើម។
- កត្តាផ្សេងទៀត ដូចខ្វះការថែទាំ អាយុកាលនៃសម្ភារៈសំណង់ ជម្ងឺរបស់ថ្ម។ល។