Updated: 9 February 2022

ធម្មជាតិស្ងប់ស្ងាត់កណ្តាលទីក្រុងទំនើប

ធម្មជាតិស្ងប់ស្ងាត់កណ្តាលទីក្រុងទំនើប

ជាការពិតណាស់ ប្រទេសជាច្រើនចង់ឲ្យទីក្រុងខ្លួនក្លាយជាទីក្រុងទំនើប ដើម្បីបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ខ្លួន។ គ្រប់គ្នាពិតជាចង់បង្អួតពីភាពអស្ចារ្យនៃអគារខ្ពស់ៗជាមួយនឹងស្នាដៃស្ថាបត្យកម្មដែលទាក់ទាញ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជា ផ្លូវថ្នល់ និងផ្លូវរថភ្លើងដែលមានខ្វាត់ខ្វែង ទាំងលើដី ក្រោមដី និងលើអាកាស។ ហើយយើងក៏ដឹងដែរថា ប្រទេសជឿនលឿនបានគឺដោយសារតែខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រជាជនគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ។ ប៉ុន្តែជាមួយគ្នានោះដែរ ពួកគេក៏រឹតតែត្រូវការសម្រាកលម្ហែ និងផ្លាស់ប្តូរបរិយាកាស ព្រោះពួកគេជឿថា នៅពេលដែលពួកគេមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អហើយនោះ ខួរក្បាលរបស់ពួកគេនឹងដំណើរការកាន់តែល្អ ហើយអាចហុចលទ្ធផលការងារប្រកបដោយប្រសិទ្ធភាព។ ដូចនេះ រដ្ឋបាលនៃទីក្រុងធំៗជាច្រើនតែងគិតគូរពីការរៀបចំសួនច្បារសម្រាកលម្ហែសម្រាប់ប្រជាជនខ្លួន ក៏ដូចជាទេសចរផងដែរ។

សួនច្បារកណ្តាលទីក្រុង!
ភាពស្រស់ស្អាតនៃធម្មជាតិដ៏ស្ងៀមស្ងាត់នៅក្នុងទីក្រុងដ៏កំពូលរវល់ ! 

ធម្មជាតិស្ងប់ស្ងាត់កណ្តាលទីក្រុងទំនើប

សួន អ៊ុអិណុ ស្ថិតនៅក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន ជាប់នឹងស្ថានីយ៍រថភ្លើង អ៊ុអិណុ។ អ្នកណាទៅស្មានដឹងថា នៅពីក្រោយអគារខ្ពស់ៗ និងផ្លូវរថភ្លើងរត់លើអាកាស ហើយនៅជាប់នឹងអគារពាណិជ្ជកម្ម ស្ថានីយ៍រថភ្លើងដ៏មមាញឹក បែរជាមានសួនដ៏ធំមួយដែលបាំងដោយដើមឈើធំៗទៅវិញ! 

ធម្មជាតិស្ងប់ស្ងាត់កណ្តាលទីក្រុងទំនើប

នៅក្នុងសួននោះមានបង្កប់នូវ វត្តអារាមដែលជាកន្លែងគោរព និងបួងសួងសាសនាព្រះពុទ្ធបែបស៊ិនតូរបស់ជប៉ុន មានថ្មចម្លាក់បុរាណ មានផ្លូវសម្រាប់ប្រជាជនដើរលម្ហែ រត់ហាត់ប្រាណ  មានបឹងដ៏ធំ ហើយក៏មានសួនសត្វផងដែរ។ ទីទួលនៃសួន អ៊ុអិណុ ក៏ជាកន្លែងសុវត្ថិភាពសម្រាប់ប្រជាជនជម្លៀសនៅពេលមានគ្រោះធម្មជាតិផងដែរ។ 

អាចនិយាយបានថា សួនអ៊ុអិណុ គឺជាកន្លែងសម្រាកលម្ហែយកខ្យល់អាកាសដ៏ល្អមួយ ហើយផ្នែកមួយនៃការបង្ហាញពីវប្បធម៌ និងប្រវត្តិសាស្រ្តមួយរបស់ប្រទេសជប៉ុនដែរ។ 

សម្រាប់អ្នកទេសចរ អ៊ុអិណុ ជាបណ្តុំកន្លែងស្នាក់នៅ និងភោជនីយដ្ឋាន ហើយតម្លៃស្នាក់នៅអាចមានភាពធូរស្រាលជាងនៅកណ្តាលទីក្រុងតូក្យូ។ 

ភាពងាយស្រួលមួយទៀតនោះ គឺមានស្ថានីយ៍រថភ្លើងលឿន Shinkansen រត់ផ្ទាល់មកដល់អាកាសយានដ្ឋានអន្តរជាតិណារីតាតែម្តង ដោយចំណាយពេលខ្លី ប្រមាណ ៤០ នាទី និងចំណាយប្រាក់ប្រមាណ ជាង២០ដុល្លារអាមេរិក។

ធម្មជាតិស្ងប់ស្ងាត់កណ្តាលទីក្រុងទំនើប
ធម្មជាតិស្ងប់ស្ងាត់កណ្តាលទីក្រុងទំនើប

UENO Park, Tokyo

ឧទ្យាន អ៊ុអិណុ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៧៣​ ហើយជាសួនសាធារណៈដែលពេញនិយមសម្រាប់ការមើលផ្កាសាគូរា៉។ ហើយសួននេះបានទាក់ទាញអ្នកទស្សនា ប្រមាណ ១០ លាននាក់ក្នុង ១ ឆ្នាំ។

ដោយ៖ សូរីយ៉ាភ័ណ្ឌ