Updated: 16 February 2022

គ្រោងការណ៍ពីរ៉ាមីដ (Pyramid Scheme)

គ្រោងការណ៍ពីរ៉ាមីដ (Pyramid Scheme)

ប្រែសម្រួល និងរៀបរៀងអត្ថបទដោយ៖ សូរីយ៉ាភ័ណ្ឌ

គ្រោងការណ៍ពីរ៉ាមីដ តែងតែផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម, ពាណិជ្ជកម្មក្នុងអ៊ីនធើរណេត, គេហទំព័រក្រុមហ៊ុន, ក្រុមមនុស្សធ្វើបទបង្ហាញ, តាមទូរស័ព្ទ... និងមធ្យោបាយផ្សេងៗទៀត។ គ្រោងការណ៍នេះ អាចចាប់ផ្តើមដោយទ្រង់ទ្រាយធំ ដើម្បីអាចបង្កើតភាពជឿជាក់ថា ជាក្រុមហ៊ុនអាជីវកម្មមួយច្បាស់លាស់ ដោយអាចប្រើកម្មវិធីដូចជា បណ្តាញទីផ្សារច្រើនកម្រិត (Multi-level marketing)។ ពួកគេអាចយកលុយដែលប្រមូលបានពីសមាជិកថ្មី បង់ឲ្យសមាជិកដំបូង ដែលសមាជិកដំបូងនោះ ក៏ជាអ្នកដែលបានដាក់់ទុនដែរ។ ហើយគេធ្វើបែបនេះ ជាបន្តបន្ទាប់ រហូតដល់អ្នកចុងក្រោយ អាចនឹងមិនមានលទ្ធភាពរកអ្នកបណ្តាក់ទុនបន្តទៀត។ ហើយអ្នកផ្សព្វផ្សាយ អាចនឹងមិនមានលទ្ធភាពរកលុយពីអ្នកបណ្តាក់ទុនថ្មីមកបង់ឲ្យអ្នកមុនៗ នោះទេ។

ចំណុចកត់សម្គាល់មួយចំនួន របស់គ្រោងការណ៍ពីរ៉ាមីដ៖

ផ្តោតសំខាន់លើការស្វែងរកអ្នកទិញ ឬ អ្នកបណ្តាក់ទុន

បើសិនជាកម្មវិធីនោះ គឺផ្តោតសំខាន់ទៅលើការជំរុញឲ្យស្វែងរកសមាជិកមកចូលរួមដើម្បីបានកម្រៃ នោះគឺ ទម្រង់គ្រោងការណ៍ពីរ៉ាមីដ ហើយ។ សូមធ្វើការប្រុងប្រយ័ត្ន ប្រសិនជាប្រាក់លើកទឹកចិត្តរបស់ ផ្អែកលើចំនួនសមាជិកដែលអ្នកនាំមក ជាជាងផ្អែកលើចំនួនផលិតផលដែលអ្នកបានលក់។ នោះវាហាក់ដូចជាមិនមែនការលក់ផលិតផល ឬ សេវាកម្មពិតប្រាកដនោះទេ។ អាជីវកម្មនៃការលក់ផលិតផល គឺ តែងតែផ្តោតលើចំនួនផលិតផលដែលបានលក់ មិនមែនគ្រាន់តែមានអ្នកមកចូលបណ្តាក់ទុននោះទេ។

គ្រោងការណ៍ពីរ៉ាមីដ (Pyramid Scheme)

មិនមានផលិតផល ឬ សេវាកម្ម ពិតប្រាកដ

ត្រូវប្រុងប្រយ័ត្ន ប្រសិនបើ អ្វីដែលកំពុងលក់ ឬ ត្រូវបានលក់នោះ គឺជាប្រភេទទំនិញ ឬ សេវាកម្មដែលពិបាកវាយតម្លៃ បានន័យថា ពិបាកក្នុងការស្មានតម្លៃលើទីផ្សារឲ្យប្រាកដ។ ឧ. សេវាកម្មបច្ចេកវិទ្យា ក្រុមហ៊ុនខ្លះបានលក់ និងផ្សព្វផ្សាយ ផលិតផលដែលមានលក្ខណៈបច្ចេកវិទ្យាថ្មី ទំនើបហួសវិស័យ ពិបាកនឹងស្មានតម្លៃជាក់ស្តែង, ហើយពេលខ្លះ គឺ លក់សេវាកម្មផ្សាយពាណិជ្ជកម្ម អនឡាញក្នុងតម្លៃណាមួយ ប៉ុន្តែជាក់ស្តែងគឺដាក់ផ្សាយលើគេហទំព័រដែលមិនសូវមានអ្នកមើល ឬ ស្គាល់។ ម្យ៉ាងវិញទៀត អ្នករកស៊ីទាំងនោះ អាចព្យាយាមរក របស់ ឬ ផលិតផល ដែលមើលទៅអស្ចារ្យ និងមានប្រសិទ្ធភាពខ្ពស់ ឬ របស់ដែលមានតម្លៃថ្លៃកប់ពពក ផលិតពីបច្ចេកវិទ្យាទំនើប ឬ វត្ថុធាតុដើមកម្រជាដើម...។
ពេលខ្លះ ទំនិញរបស់ពួកគេ គឺថ្មីរហូត មិនមានផលិតផលណាមួយដែល លក់យូរអង្វែង ឬ ទទួលយកនៅទីផ្សារផ្សេងទេ។

គ្រោងការណ៍ពីរ៉ាមីដ (Pyramid Scheme)

បានផលប្រយោជន៍ច្រើន - ងាយស្រួល - ឆាប់រហ័ស

លើលោកនេះ មិនមានរបស់ល្អបែបនេះទេ។ មុខរបរ ឬ ការងារដែលចំណាយកម្លាំងច្រើន មិនចំណាយពេលច្រើន ហើយបានលុយមកដោយងាយៗនោះ។ បើទោះជាបានមកងាយ ក៏ប្រហែលជាអស់ទៅវិញ ក៏ងាយដែរ។ បើសិនជាមានកន្លែងដែលឲ្យអ្នកធ្វើការងារតិចម៉ោង ដូចជា ជួយស្វែងរកសមាជិក បន្ត, បង្ហោះសារពាណិជ្ជកម្មនៅតាមគេហទំព័ររាយរង ឬ តាមបណ្តាញសង្គមដោយសេរីនោះ ប្រហែល ជាអ្នកកំពុងស្ថិតនៅក្នុងគ្រោងការណ៍ពីរ៉ាមីដ ខុសច្បាប់ហើយ។

គ្រោងការណ៍ពីរ៉ាមីដ (Pyramid Scheme)

មិនមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់

ជាទូទៅ ចំពោះក្រុមហ៊ុនបែបម៉ាឃីតធីង ជាបណ្តាញស្របច្បាប់ ចំណូលចម្បងរបស់ពួកគេ គឺបានមកពីការលក់ផលិតផល មិនមែន ពីការរើសសមាជិកនោះទេ។ ម្យ៉ាងទៀតឯកសារ ចំណូលចំណាយត្រូវមានកត់ត្រាច្បាស់លាស់ និងមានការត្រួតពិនិត្យត្រឹមត្រូវ ដោយសវនករស្របច្បាប់មានការទទួលស្គាល់ជាសាធារណៈ។

គ្រោងការណ៍ពីរ៉ាមីដ (Pyramid Scheme)

*** ជាលទ្ធផល “គ្រោងការណ៍ពីរ៉ាមីដ” តែងតែដួលរលំ ព្រោះប្រភពចំណូល***
មានតែមួយដោយតាមរយៈការស្វែងរក
អ្នកចូលរួមដាក់លុយបន្ត។