Updated: 7 March 2022

ទោសប្រហារជីវិតនៅកម្ពុជា

ទោសប្រហារជីវិតនៅកម្ពុជា

          ទោសប្រហារជីវិត គឺប្រភេទមួយនៃទោស (ឧក្រិដ្ឋ) ដែលត្រូវបានអនុវត្តដោយរដ្ឋដោយការប្រហារជីវិតទៅលើទណ្ឌិត (អ្នកទោស) ឬ អ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ របៀបប្រហារជីវិតអ្នកទោសមានច្រើនសណ្ឋាន ពោលគឺអាចជាការបាញ់សម្លាប់ដោយកាំភ្លើង ដោយកាំបិត ការព្យួរក ការចាក់ថ្នាំឲ្យស្លាប់ ការចាប់បោះឲ្យសត្វស៊ីជាដើម។ ភាគច្រើននៃទោសប្រហារជីវិតកើតមានចំពោះប្រភេទបទល្មើសធ្ងន់ៗ ឬ បទល្មើសដែលត្រូវចាត់ទុកថាធ្ងន់ជាអាទិ៍ បទឃាតកម្មគិតទុកជាមុន ការធ្វើទារុណកម្មរហូតដល់ស្លាប់ ការសម្លាប់បុព្វញាតិឯង (ដូចជាការសម្លាប់ឪពុក ម្តាយ ឬ តាយាយ) អំពើប៉ះពាល់ធ្ងន់ធ្ងរដល់សាសនា ឬ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខរបស់ជាតិ ការជួញដូរចរាចរណ៍សារធាតុញៀន ហាមឃាត់គ្រឿងញៀនជាដើម។ ប្រទេសមួយចំនួនលើពិភពលោក ដែលបាននឹងកំពុងអនុវត្តទោស ប្រហារជីវិត រួមមានប្រទេសជប៉ុន ប្រទេសចិន ប្រទេសវៀតណាម រដ្ឋខ្លះនៃសហរដ្ឋអាមេរិក អ៊ឺរ៉ង់ ប្រេស៊ីល ប៉េរូ ឈីលី ។ល។ ចុះនៅប្រទេសកម្ពុជាយើង តើទោសប្រហារជីវិត មានការវិវត្តយ៉ាងដូចម្តេចនៅក្នុងប្រព័ន្ធច្បាប់ខ្មែរ? តើគួរគាំទ្រឲ្យមាន ឬ គួរលុបចោលនូវទោសប្រហារជីវិតនេះ? ទោសប្រហារជីវិតជាផ្នែកមួយដែលមានចែងកំណត់ ចំពោះបទល្មើសព្រហ្មទណ្ឌ ហើយវាត្រូវបានចែងដោយច្បាប់ព្រហ្ម ទណ្ឌកម្ពុជា និងធានាដោយរដ្ឋធម្មនុញ្ញ ពីព្រោះវាជាការប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋាន (សិទ្ធិរស់រានមានជីវិត) របស់មនុស្ស។ 

ទោសប្រហារជីវិតនៅកម្ពុជា

          ក្រមព្រហ្មទណ្ឌ ឆ្នាំ ១៩២៤ បានបញ្ញតិ្តទទួលស្គាល់នូវទោសនេះថា ជាទោសសម្លាប់ ដែលត្រូវបានចាត់ថ្នាក់ជាទោសឧក្រិដ្ឋ ថ្នាក់ទី៣ ដែលមាននៅក្នុង (មាត្រា២១) (ឧទាហរណ៍ ការព្យាបាទដល់ជីវិតរបស់បុព្វជិតក្នុងសាសនារបស់រដ្ឋ ឬ មនុស្សឃាតដោយបំណងចេតនា សម្រេចដាច់ខាតជាមុន ដោយមានចេតនាគិតទុកមុន មនុស្សឃាត ដោយដាក់ថ្នាំបំពុលដោយចេតនា មនុស្សឃាតគិតទុកជាមុនជាអាទិ៍)។ ក្រោយមកក្រោយរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរ ក្រហម) ប្រទេសកម្ពុជាបាន សម្រេចលុបចោលទោសប្រហារជីវិតនេះដំបូង នៅឆ្នាំ ១៩៨៩ ហើយទោសនេះ មិនត្រូវបានចែងទទួលស្គាល់ទេ នៅក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌសម្រាប់អនុវត្តនៅប្រទេសកម្ពុជា ក្នុងសម័យអន្តរកាល ១៩៩២ ។ កាន់តែជាក់ច្បាស់ថែមទៀត ទោសប្រហារជីវិតនេះ ត្រូវបានបញ្ញត្តិហាមឃាត់បន្ថែម នៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មាត្រា ៣២ ដែលចែងថាទោសប្រហារជីវិតមិនត្រូវឲ្យមានឡើយ។ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ជាច្បាប់កំពូលរបស់ប្រទេសដែលច្បាប់ និងលិខិត បទដ្ឋានគតិយុត្តផ្សេងទៀតមិនអាចផ្ទុយបានឡើយ។ ដូច្នេះក្រមព្រហ្មទណ្ឌថ្មី ឆ្នាំ២០០៩ មិនមានបទប្បញ្ញត្តិណាដែលចែងអនុញ្ញាតឲ្យមានទោសនេះទេ។

          មានទស្សនទានច្រើនពាក់ព័ន្ធ នឹងការ សម្រេចលុបចោលនូវគ្រប់ទោសប្រហារជីវិតទាំងអស់នេះនៅក្នុងសង្គមកម្ពុជាគិតចាប់តាំង ពីឆ្នាំ ១៩៨៩ (ជាក់ច្បាស់នៅឆ្នាំ ១៩៩៣)។ ការការពារនិងគោរពសិទ្ធិមនុស្សជាមូល ហេតុចម្បងមួយដែលឈានដល់សេចក្តីសម្រេចបែបនេះ។ តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស  ស្តីពីសន្តិភាពនៅកម្ពុជានៅក្នុង ឆ្នាំ១៩៩១ ដែលភាគីទាំងអស់ បានយល់ព្រមគោរពតាមលក្ខខណ្ឌផ្សេងៗ ស្តីពីសិទ្ធិមនុស្សជំនឿ សាសនាជាពិសេសប្រជាធិបតេយ្យសេរី។ សភាធម្មនុញ្ញ (បច្ចុប្បន្ន រដ្ឋសភា) បានសម្រេចសរសេរលុបចោលទោសនេះនៅក្នុងរដ្ឋធម្មនុញ្ញ និងបានចែងប្រកាន់និងគោរពយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិមនុស្ស ដែលមានចែងក្នុងច្បាប់អន្តរជាតិផ្សេងៗ (មាត្រា៣១) ពីព្រោះការរស់រានមានជីវិត គឺជាសិទ្ធិមូលដ្ឋានមួយរបស់មនុស្ស។ បន្ថែមពីនេះប្រទេសកម្ពុជាពេលនោះទើបតែរួចផុត ពីសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលបណ្តាលឲ្យបាត់បង់ជីវិតប្រជាជនកម្ពុជាអស់ជាច្រើននាក់។ ដូច្នេះតាមរយៈមូលហេតុនេះ បើនៅរក្សាទុកនូវទោសប្រហារជីវិត ដូចមាននៅចែងនៅក្រមព្រហ្មទណ្ឌចាស់នឹងផ្តល់នូវរូបភាព នៃការសម្លាប់មនុស្សជាថ្មី និងធ្វើឲ្យបាត់បង់កម្លាំងពលកម្មមនុស្ស ដែលកំពុងតែមានតិចស្រាប់៕

ទោសប្រហារជីវិតនៅកម្ពុជា
ទោសប្រហារជីវិតនៅកម្ពុជា

Related Posts