ព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នមានច្បាប់ និងគោលនយោបាយមួយចំនួនសម្រាប់ការពារសិទ្ធិសេរីភាព និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ក្នុងចំណោមនោះក៏មានច្បាប់ និងគោលនយោបាយមួយចំនួនដែលលើកកម្ពស់ និងការពារផលប្រយោជន៍របស់ស្ត្រីផងដែរ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានកំណត់ច្បាស់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ និងក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរសមស្របទទួល ប្រាក់បំណាច់ ស្មើគ្នាចំពោះការងារដូចគ្នា។ ក្នុងនោះក៏មានវិធានការទប់ស្កាត់ និងលុបបំបាត់ ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រី"។
យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាលដើម្បី កំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅតែទទួលស្គាល់ថា "ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ"។ រាជរដ្ឋាភិបាលនឹងបន្តអនុវត្តន៍គោលនយោបាយក្នុងការបង្កើនកាលានុវត្តភាពដល់សិស្សនិស្សិតនារី ឲ្យបានចូលរៀនកាន់តែច្រើនតាមរយៈការបង្កើនអាហារូបករណ៍កម្មវិធីបំប៉ននៅគ្រឹះស្ថានសិក្សាការផ្តល់កន្លែងស្នាក់នៅការធានាសុវត្ថិភាពការបង្កើនចំនួនគ្រូបង្រៀនជាស្ត្រី។ បន្តតម្លើងតួនាទីរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច និងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញដល់ស្ត្រីនៅ គ្រប់កម្រិត។ រាជរដ្ឋាភិបាលនឹងបន្តបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីឲ្យបានជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ ពង្រីកតួនាទីរបស់ស្ត្រី ឲ្យចូលរួមកាន់តែសកម្មក្នុងរដ្ឋបាលសាធារណៈពង្រឹងការឈរឈ្មោះនៅតាមបណ្តាភូមិឃុំ/សង្កាត់ទូទាំងប្រទេសពង្រឹងឱកាសការងារសម្រាប់ស្ត្រី និងការពារសិទ្ធិធ្វើការងាររបស់ស្ត្រី។ រាជរដ្ឋាភិបាលបន្តអនុវត្តន៍គោលការណ៍ផ្តល់ឥណទានខ្នាតតូច និងមធ្យមដល់ស្ត្រីដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិត និងបន្តឲ្យបានខ្ផាប់ខ្ផួននូវការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះដោយផ្តល់នូវ កិច្ចការពារស្របច្បាប់យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាដល់ជនរងគ្រោះដោយមានការ ចូលរួមសហការពីគ្រប់ស្ថាប័នពាក់ពន្ធ័នឹងដៃគូនានា។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សន៍កម្ពុជានៅក្នុងគោលនយោបាយសំខាន់ទាំងពីរនេះ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយគម្លាតយេនឌ័រនៅគ្រប់វិស័យនៃកិច្ចអភិវឌ្ឍន៍។ សំខាន់ជាងនេះទៅទៀត កិច្ចអន្តរាគមន៍នានាត្រូវតែដោះស្រាយនូវឧបសគ្គ ទាំងឡាយដែលរារាំងដល់ស្ត្រី និងបង្កឱកាសគ្រប់បែបយ៉ាងដល់ស្ត្រីដើម្បីឲ្យស្ត្រីអាចចូលរួមក្នុងកិច្ចអភិវឌ្ឍបានពេញលេញ។ ជាពិសេសទៅទៀត ក្នុងគោលដៅទី៣ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សន៏កម្ពុជាបានផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។ នៅក្នុងគោលដៅនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការកាត់បន្ថយគម្លាត រវាងក្មេងស្រី ក្មេងប្រុសនៅក្នុងការអប់រំគ្រប់កម្រិត។ ក្នុងនោះក៏មានការធានាថាស្ត្រីបានចូលរួមកាន់តែច្រើននៅក្នុងរាជរដ្ឋាភិបាល និងមានប្រាក់បៀវត្សរ៍ ឬ ដកប្រាក់កម្រៃស្មើគ្នា។ ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកតិកាសញ្ញាអនុសញ្ញាអន្តរជាតិជាច្រើនដែលនៅក្នុងនោះរួមមានអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី (CEDAW) នៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩២។
អនុសញ្ញានេះបានបញ្ចូលនូវ អនុសាសន៍ដើម្បីកាត់បន្ថយនូវការកេងប្រវ័ញ្ចការរើសអើង និងបង្កើននូវវិធានការលើកកម្ពស់ស្ថានភាព និងការគោរពសិទ្ធិស្ត្រីដែលជាសិទ្ធិមនុស្ស។ អនុសញ្ញានេះផ្តល់ជាមូលដ្ឋាននៃភាពស្មើគ្នារវាងស្ត្រី និងបុរសដោយធានានូវការទទួលបានឱកាសស្មើគ្នាក្នុងការរស់នៅជាសាធារណៈ និងក្នុងឆាកនយោបាយក្នុងនោះមានការចូលរួមបោះឆ្នោត ឈរឈ្មោះឲ្យគេបោះឆ្នោត ក៏ដូចជាការអប់រំសុខភាព និងការប្រកបការងារ។ ក្នុងអនុសញ្ញានេះបានបញ្ជាក់ថារដ្ឋាភិបាលប្រទេសនីមួយៗ ត្រូវតែមានវិធានការសមស្របដោយរួមមានច្បាប់ និងវិធានការជាក់លាក់នានាដែលអាចផ្តល់ឱកាសដល់ស្ត្រីទទួលបាននូវការគោរពសិទ្ធិ និងសេរីភាពពេញលេញ។ វិធានការរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ត្រីគឺ ៖
១. ការងារអប់រំសីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ៖
គោលបំណង និងគោលដៅ ៖
ដើម្បីលើកកម្ពស់ការចូលរួមរបស់ក្មេង ស្រីនៅក្នុងការអប់រំគ្រប់ប្រព័ន្ធ និងអភិវឌ្ឍន៍ជំនាញអក្ខរកម្មសម្រាប់ស្ត្រីព្រមទាំងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរបានបើកវគ្គបណ្តុះបណ្តាល និងបំប៉នស្តីពីការប្រើប្រាស់ផ្ទាំងរូបភាព អប់រំ សីលធម៌ សង្គម និងបំណិនជីវិតបានរៀបចំវេទិកាថ្នាក់ជាតិ និងថ្នាក់សហគមន៍ ស្តីពីការអប់រំសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានចុះគាំទ្រដល់ការ អប់រំផ្សព្វផ្សាយស្តីពីការអប់រំសីលធម៌សង្គមតម្លៃស្ត្រី គ្រួសារខ្មែរ និងដំបូលត្រជាក់បានធ្វើសិក្ខាសាលាផ្សព្វផ្សាយ និងបូកសរុបលទ្ធផលលើកម្មវិធីអប់រំសីលធម៌សង្គម តម្លៃស្ត្រី គ្រួសារខ្មែរ និងតំបូលត្រជាក់។
២. ដំណោះស្រាយបញ្ហាដែលស្ត្រីកំពុងជួបប្រទះ
គោលដៅធានាថាស្ត្រី ក្មេងស្រីទទួលបានសេវាសុខភាពបឋម និងការការពារការឆ្លងមេរោគអេដស៍ និងលើកកម្ពស់សុខុមាលភាពពិសេសសុខភាពបន្តពូជ និងអាហារូបត្ថម្ភ។ បង្កើតក្រុមស្ម័គ្រចិត្តផ្សព្វផ្សាយបញ្ហាសុខភាពបន្តពូជតាមសហគមន៍។ អ្នកស្ម័គ្រចិត្តក្រោយពីបណ្តុះបណ្តាលរួចបន្តផ្សព្វផ្សាយចំណេះដឹងពីសុខភាពបន្តពូជ និងបញ្ហាអេដស៍ដល់ស្ត្រីក្នុងវ័យបន្តពូជតាមភូមិគោលដៅរបស់ខ្លួន និងបញ្ជូនស្ត្រីទៅមណ្ឌលសុខភាព។ ស្ត្រីគោលដៅមានការយល់ដឹងច្រើន លើបញ្ហាសុខភាព ជាពិសេសចំនួនស្ត្រីទៅមណ្ឌលសុខភាពកើនឡើងច្រើន។ អនុវត្តន៍កម្មវិធីចែកចាយមធ្យោបាយពន្យារកំណើតនៅសហគមន៍ (ស្រោម និងថ្នាំគ្រាប់) តាមរយៈកម្មវិធីនេះប្រជាជននៅតំបន់ដាច់ស្រយាលមានលទ្ធភាពទទួលបានចំណេះដឹង និងមធ្យោបាយ ពន្យារកំណើត។ អនុវត្តកម្មវិធី ការចូលរួមរបស់បុរសក្នុងបញ្ហាសុខភាពបន្តពូជ តាមរយៈកម្មវិធីនេះឃើញថា បុរសនៅក្នុងតំបន់គោលដៅមានការទទួលខុសត្រូវច្រើនបន្ទាប់ ពីពួកគេបានទទួលចំណេះដឹងពីភ្នាក់ងារជាពិសេសចំនួនបុរសដែលប្រើស្រោម កើនឡើងច្រើននៅមណ្ឌលសុខភាពដែលមានរៀបចំកម្មវិធី ធៀប និងមណ្ឌលសុខភាពផ្សេងទៀត។ នៅពេលកម្មវិធីខាងលើបញ្ចប់អ្នកស្ម័គ្រចិត្តភាគច្រើន ត្រូវបានស្ថាប័នផ្សេងទៀតជ្រើសរើសធ្វើការបន្តខ្លះទៀតក្លាយជាសមាជិកក្រុមប្រឹក្សាឃុំ៘ ចំនួនស្ត្រីផ្ទុកមេរោគអេដស៍ខ្ពស់ ពិសេសការចម្លងមេរោគអេដស៍ពីប្តីទៅប្រពន្ធមានកំណើនកើនឡើង។ បង្កើតគោលនយោបាយស្តីពីស្ត្រី ក្មេងស្រី និងជម្ងឺអេដស៍ រៀបចំផែនការយុទ្ធសាស្ត្រនិយាយពីស្ត្រី ក្មេងស្រី និងមេរោគអេដស៍២០០៨-២០១២ រៀបចំផែនការសកម្មភាពទប់ស្កាត់ការចម្លងមេរោគអេដស៍ក្នុងចំណោមគូស្វាមី-ភរិយា និងដៃគូ៖ បញ្ចូលកម្មវិធីទប់ស្កាត់ការចម្លងមេរោគអេដស៍ ជម្ងឺអេដស៍ក្នុងចំណោមដៃគូ និងគូស្វាមីភរិយាទៅក្នុងសកម្មភាពនានារបស់សហគមន៍ដោយផ្តោតទៅលើសមភាពយេនឌ័រ និងការបង្ការការចម្លងមេរោគអេដស៍ក្នុងចំណោមស្ត្រី និងកុមារី។ បង្កើតសារស្វែងរកការគាំទ្រមតិ និងធ្វើការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ការ ចម្លងមេរោគអេដស៍ក្នុងចំណោមដៃគូ និងគូស្វាមីភរិយាតាមរយៈប្រព័ន្ធ ព័ត៌មាន និងសម្ភារៈអប់រំផ្សព្វផ្សាយ។ បានរៀបចំសៀវភៅណែនាំសម្រាប់អប់រំស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្រោមចំណងជើង៖ " សុភមង្គលចាប់ផ្តើមពីការទំនាក់ទំនងល្អ " ។ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ប្រើប្រាស់សៀវភៅណែនាំស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ "សុភមង្គល ចាប់ផ្តើមពីការទំនាក់ទំនងល្អ"។ បានរៀបចំវេទិកាស្តីពីការបង្ការការចម្លងមេរោគអេដស៍ក្នុងចំណោមគូស្វាមី-ភរិយា និងដៃគូដោយប្រើប្រាស់សាច់រឿងខ្សែវីដេអូខ្លី "សុភមង្គលចាប់ផ្តើមពីការទំនាក់ទំនងល្អ"។ បានរៀបចំមិទ្ទិញអបអរទិវាអន្តរជាតិនារី៨មីនាដោយបញ្ជ្រាបការផ្សព្វផ្សាយពីការបង្ការការចំលងមេរោគអេដស៍ក្នុងចំណោមគូស្វាមី-ភរិយា និងដៃគូ។ ក្រោមការជួយឧបត្ថម្ភពីអង្គការ UNFPA : នៅឆ្នាំ២០០៩ នេះក្រសួងកិច្ចការនារីបានជ្រើសរើសអង្គការអ៊ីខ្វលអាកសេសកម្ពុជា ដើម្បីផលិតជាល្ខោនភាគវិទ្យុ និងវីដេអូស្ប៉ត។ បានបង្កើតកម្មវិធី "ទូរស័ព្ទចូលក្នុងកម្មវិធីវិទ្យុ " ដែលមានវាគ្មិនចូលរួមពីមន្ទីរកិច្ចការនារី និងមន្ទីរសុខាភិបាលខេត្ត និងបានផ្សាយនៅស្ថានីយ៍វិទ្យុខេត្តចំនួន៨គឺខេត្តសៀមរាប បាត់ដំបងបន្ទាយមានជ័យ ឧត្តរមានជ័យ ក្រចេះ កំពង់ធំព្រះសីហនុ និងខេត្តកំពតហើយដែលមានការចុះអភិបាលពីមន្ត្រីថ្នាក់ក្រសួងដើម្បីពិនិត្យដំណើរការកម្មវិធី និងការសម្របសម្រួលរបស់វាគ្មិន។ ហើយមានការផលិតល្ខោនភាគវិទ្យុចំនួន៦ និងធ្វើការផ្សព្វផ្សាយនៅតាមបណ្តាស្ថានីយ៍ចំនួន ១២ ខេត្ត-រាជធានី។ បាន ផលិតស្ប៉តវីដេអូចំនួន៤ និងធ្វើការចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ CTN បានចាក់ផ្សាយខ្សែវីដេអូខ្លីរឿង "សុភមង្គលផ្តើមចេញពីការ ទំនាក់ទំនងល្អ " និង " ជីវិតរស់នៅរបស់អ្នកផ្ទុកមេរោគអេដស៍ "នៅស្ថានីយ៍ទូរទស្សន៍ TV5 & TVK បានចំនួន ១០០ដង។ បានរៀបចំសៀវភៅ ណែនាំសម្រាប់អ្នកផ្ទុក អប់រំស្តីពីមេរោគអេដស៍ក្រោមចំណងជើងថា "ជីវិតរស់នៅរបស់មេរោគអេដស៍"។ សកម្មភាពប្រយុទ្ធនឹងជម្ងឺអេដស៍អន្តរនាយកដ្ឋានរបស់ក្រសួងកិច្ចការនារី៖
- បានកែសម្រួលសមាជិកភាពតួនាទី និងភារកិច្ចរបស់គណៈកម្មាការ និងក្រុមការងារអន្តរនាយកដ្ឋានប្រយុទ្ឋនឹងជំងឺអេដស៍អាណត្តិថ្មី។
- បានរៀបចំកិច្ចប្រជុំគណៈកម្មាការ និងក្រុមការងារអន្តរនាយកដ្ឋានប្រយុទ្ឋនឹងជំងឺអេដស៍បានចំនួន២ដង ដោយក្នុងនោះ សមាជិកនីមួយៗបានបង្ហាញពីសមិទ្ធិផលបញ្ជ្រាប HIV/AIDS ទៅក្នុងកម្មវិធីនានារបស់នាយកដ្ឋាន ស្ថាប័នរបស់គេ។
- បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយសមិទ្ធិផលការងារអេដស៍ចំនួន២លើក ដែលលើកទី១ ធ្វើនៅសណ្ឋាគារញូវសៀមរាបថោន ខេត្តសៀមរាប និងលើកទី២ ធ្វើនៅសណ្ឋាគារ ហូលីដេ អូឈើទាល ខេត្តព្រះសីហនុ។
- ស្ត្រីប្រឈមមុខនឹងការឆ្លងមេរោគគ្រុនចាញ់ ៖ អនុវត្តកម្មវិធីពង្រឹងសហគមន៍ដើម្បីប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់។
- ស្ត្រី និងក្មេងស្រីជួបប្រទះនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ៖ គម្រោងបង្កើនសន្តិសុខស្បៀងសម្រាប់គ្រួសារកសិករដែលរងឥទ្ធិពលដោយសារទំនិញឡើងថ្លៃជាកម្មវិធីធំរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិចែកជាសមាសធាតុធំៗ ចំនួន ៤។ អាហារូបត្ថម្ភ គឺជាសមាសធាតុមួយរបស់គម្រោងខាងលើទទួលខុសត្រូវដោយក្រសួងកិច្ចការនារីសហការជាមួយស្ថាប័នពាក់ពន្ធ័មួយចំនួន។ សកម្មភាពនេះអនុវត្តនៅខេត្ត ៩ មាន៖
បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង និងតាកែវ។ មកដល់ខែមិថុនានេះយើងបានបង្រៀនក្រុមគ្រូបង្គោលអាហារូបត្ថម្ភ។
៣. ប្រវត្តិទិវានារីអន្តរជាតិ
ទិវានារីអន្តរជាតិ(៨មិនា) គឺ ជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអបអរសាទរ។ ជាឱកាសមួយត្រូវអបអរដោយមានពិធីបុណ្យរំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនបានកំណត់ទិវានេះថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។ នៅពេលនារីក្នុងទ្វីបទាំងអស់ដែលជាញឹកញាប់តែងត្រូវបែងចែកដោយព្រំដែនជាតិ និងដោយជាតិពន្ធខុសគ្នាដោយ ភាពខុសគ្នាខាងភាសាវប្បធម៌ សេដ្ឋកិច្ច និងនយោបាយមកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួនគេអាចរំលឹកឡើងវិញអំពីប្រពៃណី ដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្សនៃការតស៊ូដើម្បីសមភាព យុត្តិធម៌ សន្តិភាពនិងអភិវឌ្ឍន៍។
តាមរយៈការវិភាគជាក់ស្តែងយើងឃើញថាស្ត្រីកំពុងត្រូវបានរដ្ឋាភិបាលយកចិត្តទុក ដាក់ និងលើកកម្ពស់ដោយផ្តល់នូវអាទិភាព និងតួនាទីខ្ពស់ៗ នៅក្នុងការងារសង្គម និងសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរសមស្របទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា។ ក្នុងនោះក៏មានវិធានការទប់ស្កាត់ និងលុបបំបាត់ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រី។ រាជរដ្ឋាភិបាលនឹងបន្តបង្កើនសមាមាត្រនៃការចូលរួមរបស់ស្ត្រីឲ្យបានជាអតិបរិមាក្នុងស្ថាប័នជាតិគ្រប់ថ្នាក់ពង្រីកតួនាទីរបស់ស្ត្រីឲ្យចូលរួមកាន់តែសកម្មក្នុងរដ្ឋបាលសាធារណៈពង្រឹងការឈរឈ្មោះនៅតាមបណ្តា ភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស ពង្រឹងឱកាសការងារសម្រាប់ស្ត្រី និងការពារសិទ្ធិធ្វើការងាររបស់ស្រ្តី។ រាជរដ្ឋាភិបាលបន្តអនុវត្តន៍គោលការណ៍ផ្តល់ឥណទាន ខ្នាតតូច និងមធ្យមដល់ស្ត្រីដើម្បីបង្កើតមុខរបរចិញ្ចឹមជិវិត និងបន្តឲ្យបានខ្ផាប់ខ្ផួននូវការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះដោយផ្តល់នូវ កិច្ចការពារស្របច្បាប់យ៉ាងមានប្រសិទ្ធិភាព និងទាន់ពេលវេលាដល់ជនរងគ្រោះដោយមានការចូលរួមសហការពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងដៃគូនានា។ ទោះបីជាស្ត្រីវ័យក្មេងបាន បង្កើនការគាំទ្រចំពោះសមភាពយេនឌ័រ និង កាត់បន្ថយការទទួលយករូបភាពហិង្សា ប៉ុន្តែស្ត្រីទាំងនោះមានអំណាចតិចតួចបំផុតក្នុងការការពារខ្លួនប្រឆាំង នឹងឥរិយាបថហិង្សារបស់បុរស ជាពិសេសនៅពេល ដែលបុរសទាំងនោះប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំញៀន។ ទន្ទឹមនឹងនោះការកើនឡើងនៃចំនួនមនុស្សពេញវ័យស្របពេលនឹងឱកាស ការងារតិចតួចនៅលើទីផ្សារការងារបានបង្កើតឲ្យមានការព្រួយ បារម្ភ ជាច្រើន ចំពោះបញ្ហា ឥរិយាបថនិងអាកប្បកិរិយារបស់បុរស៕